ការចាញ់កូន គឺជារឿងធម្មតាសម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ គ្រាន់តែអ្នកខ្លះចាញ់ខ្លាំង ហើយអ្នកខ្លះទៀតចាញ់តិចប៉ុណ្ណោះ។ ដើមហេតុដែលបង្កឲ្យមានបញ្ហានេះ គឺការផ្លាស់ប្តូរអ័ម៉ូនក្នុងរាងកាយ ភាពតានតឹង ឬកង្វះវីតាមីន B6 ក៏រួមចំណែកដែរ។
ជាទូទៅអាការៈចាញ់នេះ កើតឡើងនៅក្នុងអំឡុងពេល ៣ខែដំបូង ប៉ុន្តែបន្ទាប់មករោគសញ្ញានឹងបាត់ទៅវិញដោយខ្លួនឯង។
តើការចាញ់កូន អាចប៉ះពាល់ដល់ទារកក្នុងផ្ទៃឬទេ?
ពេលទារក នៅជាអំប្រ៊ីយ៉ុង វាជាពេលមួយដែលទារកត្រូវពឹងផ្អែកទៅលើអាហារពីអ្នកម្តាយ ហើយទារកអាចទាញយកសារធាតុចិញ្ចឹមពីម្តាយគ្រប់កាលៈទេសៈទាំងអស់។ ដូច្នេះការចាញ់កូន មិនប៉ះពាល់ដល់សុខភាពទារកឡើយ ប្រសិនបើអ្នកម្តាយអាចញ៉ាំបាន និងផឹកបានធម្មតា។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ ប្រសិនបើអ្នកម្តាយមិនអាចញ៉ាំ ឬផឹក បានគ្រប់គ្រាន់ទេ គួរតែពិគ្រោះជាមួយគ្រូពេទ្យ។ ម្យ៉ាងទៀត អ្នកមិនគួរទិញថ្នាំវីតាមីន ដើម្បីទូទាត់សងចំពោះការខ្វះសារធាតុចិញ្ចឹមនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក និងកូនក្នុងផ្ទៃ។
ដើម្បីដោះស្រាយបញ្ហាចាញ់កូន អ្នកម្តាយអាចអនុវត្តវធានការ ៥ចំណុច៖
១.ព្យាយាមញ៉ាំអាហារទន់ៗ ងាយរំលាយ ដូចជាទឹកដោះគោ ឬទឹកផ្លែឈើជាដើម។
២.គួរទទួលទានទឹកឲ្យបានញឹកញាប់ ហើយញ៉ាំអាហារតិចៗឲ្យបានញឹកញាប់ ដើម្បីកុំឲ្យមានអារម្មណ៍ឃ្លានពេក។
៣.នៅដំណាក់កាលនេះ រាងកាយនឹងបាត់បង់ជាតិទឹកច្រើន បណ្តោលឲ្យក្អួតច្រើនជាងធម្មតា។ ការផឹកទឹកក្តៅឧណ្ឌៗ ឬផឹកទឹកខ្ញី មួយកែវ នឹងជួយបំបាត់អាការក្អួតចង្អោរបាន។
៤.ជៀសវាងក្លិន ឬរសជាតិអាហារដែលអ្នកម្តយាមិនចូលចិត្ត។
៥.រឿងសំខាន់ អ្នកគួរតែសម្រាលឲ្យបានច្រើន ហើយព្យាយាមកាត់បន្ថយអារម្មណ៍តានតឹង៕