សម្រាប់អ្នកម្តាយដែលមានផ្ទៃពោះរយៈពេល ៣ខែដំបូង ឬអ្នកដែលកំពុងត្រៀមមានផ្ទៃពោះ គឺត្រូវការអាស៊ីតហ្វូលិក ជាចាំបាច់ដើម្បីបង្កើតការអភិវឌ្ឍន៍សរីរាង្គទារក ក្នុងផ្ទៃឲ្យមានភាពពេញលេញ។ ក៏ប៉ុន្តែការសិក្សាថ្មីមួយបានរកឃើញថា ការផ្តល់ឲ្យរាងកាយនូវវីតាមីន B12 រួមជាមួយអាស៊ីតហ្វូលិក នឹងជួយការពារភាពមិប្រក្រតីណាមួយដែលអាចកើតមានចំពោះទារក មិនទាន់កើតកាន់តែប្រសើរជាងមុន។ ជាពិសេសកាត់បន្ថយឱកាសនៃភាពមិនប្រក្រតីដូចជា ខួរឆ្អឹងខ្នង និងប្រព័ន្ធប្រសាទចំពោះទារក។
អ្នកជំនាញបានណែនាំឲ្យស្ត្រីមានផ្ទៃពោះ ទទួលទានអាស៊ីតហ្វូលិក ៤០០មីក្រូក្រាមក្នុងមួយថ្ងៃ រយៈពេល៣ខែដំបូង។ ឬអ្នកដែលមានគំរោងមានផ្ទៃពោះ សូមបន្ថែមវីតាមីន B12 យ៉ាងតិច ២.៥មីក្រូក្រាមក្នុងមួយថ្ងៃ ដើម្បីជួយជំរុញឲ្យរាងកាយប្រើអាស៊ីតហ្វូលិកបានកាន់តែល្អ។ នេះជាមូលហេតុដែលធ្វើឲ្យរាងកាយទារកក្នុងផ្ទៃ មានការអភិវឌ្ឍបានពេញលេញ និងកាត់បន្ថយហានិភ័យនៃជំងឺខួរឆ្អឹង ប្រសើរជាងការប្រើអាស៊ីតហ្វូលិកតែមួយមុខគត់។
ការស្រាវជ្រាវផ្សេងទៀតក៏បានបង្ហាញដែរថា កង្វះអាស៊ីតហ្វូលិក និងវីតាមីន B12 នៅក្នុងរាងកាយរបស់អ្នកម្តាយ ក៏បង្កើនហានិភ័យនៃការខូចបំពង់សរសៃប្រសាទដល់ទៅ៣ដង។ ជាលទ្ធផលទារក អាចស្លាប់អំឡុងពេលសម្រាល តែបើទោះបីជាសម្រាលមកហើយក្តី ក៏ទារកអាចរស់បានតែពីរបីថ្ងៃប៉ុណ្ណោះ។
ដូច្នេះ អ្នកម្តាយដែលកំពុងតែមានផ្ទៃពោះ ឬកំពុងតែរៀបចំផែនការមានផ្ទៃពោះ មិនគួរផ្តោតសំខាន់តែអាស៊ីតហ្វូលិកមួយមុខនោះទេ គឺត្រូវផ្តោតសំខាន់ទៅលើវីតាមីន B12 ផងដែរ។ វីតាមីន B12 ត្រូវបានគេរកឃើញនៅក្នុង ថ្លើម សាច់ ស៊ុតលឿង បង្គារក្រៀម សណ្តែកសៀង។ល៕