ឬសដូងបាត គឺជាជំងឺមួយដែលកើតមានចំពោះស្ត្រីមានផ្ទៃពោះ ដោយសារតែការប្រែប្រួលអ័រម៉ូន ការទទួលទានអាហារមានជាតិសរសៃទាប ស្បូនសង្កត់លើសរសៃក្នុងតំបន់អាងត្រគាក បណ្តោលឲ្យហើមសរសៃឈាមវ៉ែននៅជុំវិញរន្ធគូថ។ បន្ថែមពីលើមូលហេតុនៃការផ្លាស់ប្តូររាងកាយ ការលើករបស់ធ្ងន់ៗ ការឈរ ឬអង្គុយយូរៗពេក ក៏រួមចំណែកដល់ការកកើតនៃជំងឺឬសដូងបាតដែរ។
ជំងឺឬសដូងបាត អាចធ្វើឲ្យស្ត្រីមានផ្ទៃពោះ ពិបាក និងឈឺចាប់នៅតំបន់រន្ធគូថ ជាពិសេសនៅពេលបន្ទោរបង់ម្តងៗ។ ក្នុងករណីធ្ងន់ធ្ងរ ស្ត្រីអាចមានការឈឺចាប់ខ្លាំង និងមានការហូរឈាមតាមរន្ធគូថ។ ដូច្នេះ ស្ត្រីមានផ្ទៃពោះ គួរតែចង់ចាំរោគសញ្ញាទាំងនេះឲ្យបានច្បាស់៖
១.រមាស់ខ្លាំង ឬឈឺចាប់នៅជុំវិញរន្ធគូថ។
២.មានអារម្មណ៍ថា មានដុំសាច់ត្រូវបានលេចឡើងនៅក្នុងរន្ធគូថ។
៣.មានការឈឺចាប់អំឡុងពេលមុន និងក្រោយពេលបន្ទាប់បង់។
ប្រសិនបើមានរោគសញ្ញាទាំងនេះ ឬសង្ស័យថា មានជំងឺឬសដូងបាត សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីរកវិធីដោះស្រាយជាបន្ទាន់៕