៦ជំហ៊ាន អាចកាត់បន្ថយការឈឺចាប់តំបន់អាងត្រគាករបស់ស្ត្រីមានផ្ទៃពោះបាន

0
1

នៅពេលស្ថិតក្នុងឥរិយាបទដូចជា ឈរ ឬអង្គុយយូរពេក ស្ត្រីមានផ្ទៃពោះអាចជួបបញ្ហាឈឺចាប់ នៅតំបន់អាងត្រគាក។ ប្រសិនបើអ្នកម្តាយមានការឈឺចាប់រ៉ាំរ៉ៃ អាចបណ្តោលឲ្យសាច់ដុំលាតសន្ធឹងទ្រទ្រង់ទម្ងន់មិនបានល្អ ហើយយូរៗទៅវានឹងបណ្តោលឲ្យកើតជំងឺពុកឆ្អឹង។

តែទោះជាយ៉ាងណា បញ្ហាឈឺចាប់អាងត្រគាកអាចកាត់បន្ថយបាន ដោយអនុវត្តវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖

១.ជៀសវាងពាក់ទ្រនាប់ជើងកែងខ្ពស់

ដោយសារតែទ្រនាប់ជើង ដែលមានកែងខ្ពស់ ធ្វើឲ្យទម្ងន់ខ្លួនត្រូវរុញទៅខាងមុខ ហើយសាច់ដុំនឹងត្រូវធ្វើការកាន់តែខ្លាំង ដើម្បីទាញខ្លួនឲ្យត្រលប់មកមានលំនឹងធម្មតា។ ទីបំផុតការឈឺចាប់នៅតំបន់អាងត្រគាកនឹងកើនឡើងកាន់តែខ្លាំង។

២.កុំគេងលើគ្រែដែលមានពូកទន់ពេក

ទម្លាប់បែបនេះវានឹងធ្វើឲ្យខ្នងមិនត្រង់ ឆ្អឹងអាងត្រគាកត្រូវទ្រទម្ងន់បន្ថែម បណ្តោលឲ្យមានការឈឺចាប់។ ប្រសិនបើការឈឺចាប់ធ្ងន់ធ្ងរ វាត្រូវាបានគេណែនាំឲ្យគេងនៅលើឥដ្ឋជាបណ្តោះអាសន្នសិន ក្នុងរយៈពេលពីរបីថ្ងៃឆ្អឹងខ្នងនឹងចាប់ផ្តើមត្រង់​ ហើយការឈឺចាប់នឹងបាត់ទៅវិញ។

៣.រក្សាស្នូលនៃរាងកាយឲ្យត្រង់

មិនថាវាជាការអង្គុយ ឬឈរនោះទេ ស្ត្រីមានផ្ទៃពោះគួរទម្លាប់ធ្វើខ្លួនឲ្យត្រង់ជានិច្ច។ លើពីនេះ ដើម្បីបន្ធូរទម្ងន់សាច់ដុំតំបន់អាងត្រគាក អ្នកគួរតែគេងផ្អៀង ហើយដាក់ខ្នើយនៅចន្លោះជើង ដើម្បីជួយទ្រទម្ងន់ឲ្យមានតុល្យភាពស្មើគ្នា។

៤.ស្អំទឹកក្តៅ

ការស្អំទឹកក្តៅ មិនត្រឹមតែអាចជួយធ្វើឲ្យឈាមរត់បានល្អប៉ុណ្ណោះទេ វាក៏អាចជួយបន្ធូរសាច់ដុំ និងកាត់បន្ថយការឈឺចាប់បានផងដែរ។

៥.គ្រប់គ្រងទម្ងន់

អំឡុងពេលមានផ្ទៃពោះ អ្នកម្តាយគួរតែគ្រប់គ្រងទម្ងន់ឲ្យបានល្អ តាមរយៈការទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹម ហើយជៀសវាងអាហារដែលមានកាបូអ៊ីដ្រាតច្រើន។ ស្ត្រីមានផ្ទៃពោះ មិនគួរឡើងទម្ងន់លើសពី ១៥គីឡូក្រោមឡើយ។ ព្រោះការឡើងទម្ងន់ខ្លាំងពេក សាច់ដុំ និងឆ្អឹងត្រគាក ទទួលបន្ទុកធ្ងន់ដែលនាំឲ្យមានការឈឺចាប់។

៦.ការប្រើប្រាស់ថ្នាំ

ប្រសិនបើអ្នកមានការឈឺចាប់ខ្លាំង អាចលេបថ្នាំបំបាត់ការឈឺចាប់ ប៉ុន្តែត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ទើបមានសុវត្ថិភាពចំពោះកូនមិនទាន់កើត។

ជាការល្អបំផុត អ្នកម្តាយត្រូវយកចិត្តទុកដាក់ កុំឲ្យឡើងទម្ងន់ច្រើនពេកអំឡុងពេលមានផ្ទៃពោះ។ នៅក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល អ្នកគួរតែធ្វើលំហាត់ប្រាណសាច់ដុំ និងរក្សារាងកាយឲ្យត្រង់។ ធ្វើបែបនេះការឈឺចាប់ក្នុងតំបន់អាងត្រគាក អាចត្រូវបានកាត់បន្ថយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here