Skip to content

កូនក្នុងផ្ទៃអាចកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ បើអ្នកម្តាយរស់នៅស្ថិតក្នុងលក្ខខណ្ឌបែបនេះ

ស្ត្រីមានផ្ទៃពោះមួយចំនួន តែងតែមិនចង់ញ៉ាំច្រើននោះទេ ព្រោះខ្លាចខ្លួនធាត់ ធ្វើឲ្យទារកក្នុងផ្ទៃថ្លោសជ្រុល ហើយពិបាកក្នុងការសម្រាល។ ក៏ប៉ុន្តែការតមបែបនេះ អាចធ្វើឲ្យទារកក្នុងផ្ទៃខ្វះអាហារូបត្ថម្ភ ដែលអាចបណ្តោលឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង។ ទីមួយគឺ ហានិភ័យនៃការរលូតកូន ឬការកើតមិនគ្រប់ខែ បើមិនដូច្នោះទេទារក ដែលកើតមកអាចមានទម្ងន់មិនគ្រប់។ លើសពីនេះ វាអាចអាចបណ្តោលឲ្យសុករួមតូច ដែលបង្កឱកាសនៃការស្លាប់ទារកក្នុងផ្ទៃ។ ជាពិសេសបើរឿងនេះកើតឡើងអំឡុងខែដំបូង និងខែចុងក្រោយនៃការមានផ្ទៃពោះ ខួរក្បាល និងរាងកាយទារក ត្រូវការអភិវឌ្ឍមិនបានពេញលេញ។

តើធ្វើយ៉ាងណាទើបអាចដឹងថា ទារកក្នុងផ្ទៃខ្វះអាហាររូបត្ថម្ភ?

ការសង្កេតមើលដំបូង ដែលគ្រូពេទ្យត្រូវពិចារណាគឺ៖ តើទំហំពោះ និងអាយុនៃការមានផ្ទៃពោះសមស្របគ្នាដែរឬទេ? តើការឡើងទម្ងន់របស់អ្នកម្តាយតាមស្តង់ដារឬទេ? ឬក៏អ្នកម្តាយស្ថិតនៅក្នុងក្រុមដែលមានហានិភ័យខ្ពស់ដែរឬទេ?

ពេលវេលាដើម្បីចាប់ផ្តើមកត់សម្គាល់ គឺប្រហែលជា ២៨សប្តាហ៍នៃការមានផ្ទៃពោះ។ ប្រសិនបើវាត្រូវបានរកឃើញថា កូនក្នុងផ្ទៃរបស់អ្នកប្រឈមនឹងកង្វះអាហារូបត្ថម្ភ គ្រូពេទ្យនឹងណែនាំឲ្យអ្នកបន្ថែមអាហារដែលសម្បូរប្រូតេអ៊ីន ហើយសម្រាកឲ្យបានច្រើន។

អ្នកម្តាយដែលធ្វើឲ្យកូនក្នុងផ្ទៃប្រឈមនឹងបញ្ហាខ្វះអាហារូបត្ថម្ភ៖

១.អ្នកម្តាយដែលផឹកស្រា ឬជក់បារី ជាប្រចាំ។

២​.អ្នកម្តាយដែលមានអាការៈចាញ់ខ្លាំង រហូតមិនអាចញ៉ាំអ្វីបានទាំងអស់។

៣.អ្នកម្តាយដែលមានជំងឺរ៉ាំរ៉ៃ ត្រូវការពេលព្យាបាលយូរ។

៤.អ្នកម្តាយដែលមានពពោះកូនភ្លោះ។

៥.អ្នកម្តាយមានអាយុក្រោម ១៨ឆ្នាំ ព្រោះរាងកាយពួកគេនៅតែត្រូវការអាហារបន្ថែមសម្រាប់ការលូតលាស់ ជាងអ្នកម្តាយដែលគ្រប់អាយុ។

៦.អ្នកម្តាយដែលប្រឹងធ្វើការ និងស្ត្រេសច្រើន ឬស្ថិតនៅក្នុងបរិយាកាសដែលបង្កគ្រោះថ្នាក់ដល់សុខភាព។

៧.អ្នកម្តាយដែលមានសុខភាពទន់ខ្សោយ និងទម្លាប់ញ៉ាំតិច តាំងពីមុនពេលមានផ្ទៃពោះ។

ប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងករណីដូចខាងលើនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីកុំឲ្យទារកក្នុងផ្ទៃខ្វះអាហារូបត្ថម្ភ ដែលនាំឲ្យបង្កហានិភ័យផ្សេងៗកើតឡើង៕