ពីមុនយើងបានដឹងរួចមកហើយ អំពីភាពអស្ចារ្យរបស់ទារកមិនទាន់កើត និងអ្វីដែលគាត់អាចធ្វើបាននៅក្នុងផ្ទៃរបស់ម្តាយ គឺការធ្វើចលនាដៃជើង ឬធាក់ពោះ ដែលប្រាប់ពីការវិវត្តដ៏ល្អរបស់ពួកគាត់។ ប៉ុន្តែពេលនេះអ្នកជំនាញបានតាមដានសកម្មភាពទារក ក្នុងផ្ទៃតាមរយៈការអេកូជាលក្ខណៈអ៊ុលត្រាសោន4D បានបង្ហាញពីរឿងមិនគួរឲ្យជឿមួយទៀតដែលគភ៌អាចធ្វើបាន គឺការស្ងាប។
សម្រាប់យើង ការស្ងាបគឺជារឿងធម្មតា ជាពិសេសនៅពេលដែលយើងមានភាពងងុយគេង។ ប៉ុន្តែការស្ងាប់របស់ទារក ប្រហែលជាមិនមែនដោយសារតែការអត់ងងុយនោះទេ។ បើយោងតាមអ្នកជំនាញដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យ Durham បាននិយាយថា ទោះមិនមានការសិក្សា និងភស្តុតាងច្បាស់លាស់ក៏ដោយ តែការស្ងាបរបស់ទារកពិតជាមានប្រយោជន៍។ គេជឿថា ការស្ងាបរបស់ទារកជាប់ទាក់ទងនឹងការអភិវឌ្ឍន៍ និងការចង្អុលបង្ហាញអំពីសុខភាពរបស់ទារក។
ក្នុងពេលជាមួយគ្នានេះដែរ អ្នកសិក្សាជាច្រើនបាននិយាយថា ការស្ងាបរបស់ទារកក្នុងផ្ទៃ គ្រាន់តែជាប្រតិកម្មធម្មជាប៉ុណ្ណោះ ហើយវាបង្ហាញពីការវិវត្តនៃសាច់ដុំ និងមុខងារមាត់។ ដូចជាប្រតិកម្មដទៃទៀតដែរ វាមិនត្រូវបានផ្សារភ្ជាប់ទៅនឹងការវិវត្តនាពេលអនាគត់ ឬការព្យាករណ៍សុខភាពទេ។
មិនថាកូនមិនទាន់កើតធ្វើសកម្មភាពយ៉ាងណាទេនោះទេ សម្រាប់អ្នកម្តាយខ្លះអាចមានកង្វល់ ហើយអ្នកម្តាយខ្លះមានភាពរីករាយ។ ប៉ុន្តែអ្នកជំនាញជឿជាក់ថា អ្វីដែលទារកក្នុងផ្ទៃកំពុងតែធ្វើចលនា ច្បាស់ជាបង្ហាញអំពីការអភិវឌ្ឍល្អ៕