អ្នកម្តាយទាំងឡាយដឹងទេថា អំឡុងពេលមានផ្ទៃពោះយើងអាចជួយបង្កើនការអភិវឌ្ឍន៍ភាពឆ្លាតវៃ(IQ) របស់ទារក ឲ្យកាន់តែល្អប្រសើរបានដែរ។
ជាការពិតណាស់ កុមារដែលកើតមកមាន IQ ខ្ពស់ អាចរៀនសូត្របានពូកែ ឈ្លាសវៃក្នុងការដោះស្រាយបញ្ហា និងមានឱកាសជោគជ័យច្រើនក្នុងជីវិតស់នៅ។ ដូច្នេះក្នុងពេលមានផ្ទៃពោះ អ្នកម្តាយគួរទម្លាប់ធ្វើរឿង ៧ចំណុចនេះ៖
១.រក្សាអារម្មណ៍ឲ្យល្អ
ការរក្សាអារម្មណ៍ឲ្យមានភាពរីករាយជានិច្ច ទារកនៅក្នុងផ្ទៃមិនត្រឹមតែមានអារម្មណ៍ល្អនោះទេ សូម្បីតែ IQ និង EQ របស់ពួកគេក៏មានការអភិវឌ្ឍល្អដែរ។ ប៉ុន្តែប្រសិនបើអ្នកម្តាយមានបញ្ហាស្ត្រេសវិញជាញឹកញាប់វិញនោះ លទ្ធផលនឹងធ្វើឲ្យទារកកើតក្លាយជាក្មេងមានចរិកពិបាកអប់រំ ហើយការអភិវឌ្ឍន៍ខួរក្បាលក៏មានភាពយឺតយ៉ាវដែរ។
២.ញ៉ាំឲ្យបានត្រឹមត្រូវ ជាពិសេសអាហារដែលសម្បូរអាស៊ីតខ្លាញ់
អាស៊ីតខ្លាញ់អូមេហ្គា៣ ដែលមាននៅក្នុងត្រីសមុទ្រ និងគ្រាប់ធម្មជាតិមួយចំនួន ត្រូវបានគេចាត់ទុកជាសមាសធាតុសំខាន់ដែលអាចជួយវិវត្តជាលិកាខួរក្បាលទារករហូតដល់៦០ភាគរយ។
៣.ធ្វើលំហាត់ប្រាណ
ទារកនៅក្នុងផ្ទៃនឹងធ្វើចលនាតាមចង្វាក់រាងកាយរបស់អ្នកម្តាយផងដែរ។ ចលនានេះនឹងជួយជំរុញឲ្យប្រព័ន្ធប្រសាទរបស់កូនអភិវឌ្ឍន៍បានល្អប្រសើរ។
៤.អង្វែលក្បាលពោះ
ទម្លាប់មួយនេះ នឹងជួយជំរុញឲ្យប្រព័ន្ធប្រសាទ និងខួរក្បាលទារកមានការអភិវឌ្ឍន៍បានល្អប្រសើរ។ បច្ចេកទេសដ៏សាមញ្ញ គឺអ្នកម្តាយត្រូវត្រដុសក្បាលពោះក្នុងចលនាជារង្វង់គ្រប់តំបន់នៃក្បាលពោះ។
៥.និយាយជាមួយកូនឲ្យញឹកញាប់
ប្រព័ន្ធប្រសាទសោតវិញ្ញាណរបស់ទារក នឹងចាប់ផ្តើមដំណើរការប្រហែលជាអាយុ ៥ខែ។ ការនិយាយជាមួយកូនដោយសំដីផ្អែមល្ហែម នឹងជួយឲ្យប្រព័ន្ធប្រសាទ ព្រមទាំងខួរក្បាលដែលគ្រប់គ្រងការស្តាប់មានការអភិវឌ្ឍន៍បានល្អ។
៦.ស្តាប់តន្ត្រី
ការរីករាយជាមួយនឹងតន្ត្រី ទារកក៏រីករាយជាមួយអ្នកដែរ។ ជាពិសេសប្រសិនបើវាជាចម្រៀងដែលមានចង្វាក់យឺត នឹងជួយជំរុញប្រព័ន្ធសរសៃប្រសាទរបស់ទារកដំណើរការអភិវឌ្ឍបានកាន់តែប្រសើរ ហើយនៅពេលទារកកើតមកខួរក្បាលរបស់ពួកគេនឹងមានការចង់ចាំអ្វីៗបានល្អ។
៧.បញ្ចាំងពន្លឺស្រាលៗលើពោះ
ការពពោះបានប្រហែល ៧ខែ ភ្នែករបស់ទារកនឹងមានប្រតិកម្មជាមួយពន្លឺខ្លះៗហើយ។ ដូច្នេះអ្នកម្តាយអាចគេងក្រោមពន្លឺព្រះអាទិត្យ ឬបញ្ជាំងភ្លើងពិលដែលមានពន្លឺស្រាលៗនៅលើក្បាលពោះ ដើម្បីជួយកែលម្អកោសិកាខួរក្បាល និងសរសៃប្រសាទអុបទិក ហើយរៀបចំចក្ខុវិស័យឲ្យបានល្អក្រោយសម្រាល៕