បើយោងតាមការសិក្សាមួយដែលបានធ្វើឡើងដោយក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Queen Mary University ក្នុងទីក្រុង London បានបង្ហាញថា អ្នកម្តាយដែលទទួលទានអាហារឬភេសជ្ជៈ ដែលសម្បូរជាតិស្ករច្រើនក្នុងអំឡុងពេលមានផ្ទៃពោះ អាចធ្វើឲ្យកូនមានហានិភ័យនៃជំងឺអាឡែស៊ី និងជំងឺហឺតខ្ពស់បំផុត។ អ្នកស្រាវជ្រាវបានពន្យល់ថា ដោយសារតែអ្នកម្តាយទទួលទានជាតិស្ករខ្ពស់ពេក អាចបណ្តោលឲ្យទារករលាកសួតក្នុងអំឡុងពេលកំពុងតែលូតលាស់។
ចំពោះការស្រាវជ្រាវដែលចេញផ្សាយក្នុងកាសែត European Respiratory Journal ដែលបានចូលរួមពីស្ត្រីមានផ្ទៃពោះជិត ៩,០០០នាក់ ក៏បានបង្ហាញថា ជាតិស្ករក្នុងឈាមច្រើនអាចបណ្តោលឲ្យស្ត្រីកើតជំងឺហឺត ផ្លូវដង្ហើម ជំងឺត្រអក និងមានបញ្ហាសួតចំពោះកុមារដែលមានវ័យ ៧ទៅ៩ឆ្នាំ។
អ្នកស្រាវជ្រាវ Seif Shaheen បានមានប្រសាសន៍ថា ការទទួលទានជាតិស្ករច្រើនពេកក្នុងអំឡុងពេលមានផ្ទៃពោះ អាចធ្វើឲ្យទារកមានបញ្ហាប្រតិកម្មអាឡែស៊ី និងជំងឺហឺត ចំពោះទារកទៅថ្ងៃក្រោយពិតមែន។
ហេតុនេះហើយ ស្ត្រីដែលកំពុងតែមានផ្ទៃពោះគ្រប់រូបគួរតែកាត់បន្ថយការទទួលទានអាហារដែលមានជាតិស្ករច្រើន ដើម្បីជៀសវាងផលប៉ះពាល់នៃជំងឺខាងលើនេះ៕