វាគឺជាកង្វល់មួយទៀតសម្រាប់អ្នកម្តាយមានផ្ទៃពោះ ចំពោះបញ្ហាសុខភាពមាត់ធ្មេញ ពីព្រោះអំឡុងពេលមានផ្ទៃពោះប្រសិនបើអ្នកធ្វើអ្វីមួយក៏ត្រូវគិតពីសុវត្ថិភាពដល់ទារកក្នុងផ្ទៃជាចម្បង។ ប៉ុន្តែប្រសិនបើអ្នកស៊ូតទ្រាំជាមួយនឹងការឈឺចាប់ធ្មេញរហូតដល់សម្រាលនោះ ប្រហែលជាមិនល្អទេ។
ជាទូទៅអ្នកជំនាញបានណែនាំឲ្យយើងគ្រប់គ្នាទៅធ្វើការពិនិត្យ ឬសម្អាតធ្មេញរៀងរាល់ ៦ខែម្តង។ ប៉ុន្តែចំពោះអ្នកមានផ្ទៃពោះត្រូវតែមានការប្រុងប្រយ័ត្នចំពោះឧបករណ៍ប្រើប្រាស់ព្យាបាលធ្មេញ ជាពិសេសថ្នាំអង់ទីប៊ីយោទិច ត្រូវតែស្ថិតក្រោមការត្រួតពិនិត្យ និងការសម្រេចចិត្តរបស់ទន្តពេទ្យ ដើម្បីសុវត្ថិភាពទាំងម្តាយ និងទារកក្នុងផ្ទៃ។
តើពេលណាដែលស្ត្រីមានផ្ទៃពោះអាចទៅធ្វើការព្យាបាលធ្មេញបាន?
នៅពេលមានគភ៌ចន្លោះពី៤ ទៅ៦ខែ ស្ត្រីមានផ្ទៃពោះអាចទទួលការព្យាបាលធ្មេញបាន។ ប៉ុន្តែក្នុងរយៈពេល៣ខែដំបូង និងចាប់ពី ៦ខែឡើង គ្រូពេទ្យមិនបានណែនាំឲ្យស្ត្រីមានផ្ទៃពោះធ្វើការព្យាបាលធ្មេញឡើយ ព្រោះវាអាចបង្កឲ្យមានភាពតានតឹងច្រើន និងបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមានអាការៈខុសប្រក្រតីមានការឈឺចាប់ក្នុងធ្មេញខ្លាំង ត្រូវប្រញាប់ទៅមន្ទីរពេទញយដើម្បីទទួលការណែនាំ និងពិនិត្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មិនគួររង់ចាំ និងស៊ូទ្រាំងការឈឺចាប់យូរទេ ព្រោះវាអាចជះឥទ្ធិពលអាក្រក់ដល់ខ្លួនឯង និងកូនក្នុងផ្ទៃ។
ការថែទាំងសុខភាពឲ្យបានត្រឹមត្រូវសម្រាប់អ្នកម្តាយមានផ្ទៃពោះ
មុនពេលត្រៀមខ្លួនមានផ្ទៃពោះអ្នកគួរតែទៅជួបទន្តពេទ្យ ដើម្បីពិនិត្យសុខភាពមាត់ធ្មេញ និងព្យាបាលឲ្យបានទាន់ពេល។
អ្នកត្រូវយកចិត្តទុកដាក់បន្ថែមចំពោះសុខភាពមាត់ធ្មេញ ដោយសារតែអំឡុងពេលមានផ្ទៃពោះអ្នកម្តាយត្រូវញ៉ាំញឹកញាប់ គួបផ្សំជាមួយនឹងទឹកមាត់មានសារធាតុប្រឆាំងនឹងការរលាកដែលបង្កឲ្យធ្មេញពុកយ៉ាងងាយ និងលឿនជាធម្មតា។ ដូច្នេះអ្នកគួរតែដុសធ្មេញ ហើយលាងមាត់របស់អ្នករាល់ពេល បន្ទាប់ពីទទួលទានអាហាររួច។
បន្ថែមពីអាហារដែលសម្បូរជាតិកាល់ស្យូមឲ្យបានគ្រប់គ្រាន់ដូចជា ទឹកដោះគោស្រស់ ឈឺស គ្រាប់ធញ្ញជាតិ ល្ង។ល។ ដើម្បីជួយបង្កើនកាល់ស្យូមសម្រាប់ពង្រឹងឆ្អឹង និងការលូតលាស់របស់ទារក។ វាក៏អាចជួយការពារកុំឲ្យធ្មេញពុកសម្រាប់ស្ត្រីមានផ្ទៃពោះផងដែរ។
ឃើញទេគ្រាន់តែអ្នកយកចិត្តទុកដាក់ បូករួមទាំងការពិនិត្យសុខភាពមាត់ធ្មេញជាទៀងទាត់ មិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាមាត់ធ្មេញទៀតឡើយ៕