ការប្រសូតមុនពេលកំណត់ ក្រៅពីបណ្តាលមកពីភាពខុសប្រក្រតីរបស់ការតាំងគភ៌ហើយនោះ អាចជាលទ្ធផលមកពីទង្វើរបស់ស្ត្រីមានគភ៌ខ្លួនឯងផងដែរ។ ដោយសារតែទង្វើមួយចំនួនអាចហុចផលប៉ះពាល់ដល់ទារកក្នុងគភ៌រហូតធ្វើឱ្យមានភាពប្រថុយប្រថានក្នុងការប្រសូតមុនពេលកំណត់ហ្នឹង-ឯង។ ដូច្នេះ បើអ្នកមិនចង់ប្រសូតមុនកំណត់រហូតដល់ធ្វើឱ្យកូនតូចមានសុខភាពមិនល្អឥតខ្ចោះនោះចូរបញ្ឈប់ទង្វើ៦យ៉ាងខាងក្រោមនេះជាបន្ទាន់។
១. ទទួលទានទឹកតិចជ្រុល
ព្រោះការទទួលទានទឹកតិចពេកនឹងធ្វើឱ្យស្ត្រីមានគភ៌មានអាការឈឺពោះប្រសូតមុនពេលកំណត់ និងហុចផលឱ្យស្ត្រីមានគភ៌មានអាការល្វើយអស់កម្លាំង ឆាប់ហត់ ដូច្នេះទើបត្រូវទទួល-ទានទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ ជាពិសេសនៅថ្ងៃណាដែលមានញើសចេញមកច្រើន ស្ត្រីមានគភ៌គួរទទួលទានទឹកឱ្យបានច្រើនជាងប្រក្រតីដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅនោះ។
២. ព្រងើយកន្តើយក្នុងការទទទួលទានវីតាមីនបន្ថែម
ក្នុងខណៈតាំងគភ៌ គ្រូពេទ្យនឹងឱ្យវីតាមីនបន្ថែមមក រួមទាំងថ្នាំបំប៉នលោហិតទៀតផង ដើម្បីថែបំប៉នទារកនៅក្នុងផ្ទៃ និងសុខភាពរបស់ស្ត្រីមានគភ៌ខ្លួនឯងឱ្យរឹងមាំ ហើយវីតាមីនទាំងនោះថែមទាំងជាជំនួយការដែលនឹងជួយឱ្យស្ត្រីមានគភ៌អាចពពោះកូនបានយូររហូតដល់គ្រប់កំណត់ដូច្នេះទើបមិនគួរព្រងើយកន្តើយ ឬធ្វេសប្រហែសក្នុងការទទួលទានវីតាមីនបន្ថែមតាមវេជ្ជបញ្ជាជាដាច់ខាត។
៣. បណ្តោយឱ្យទម្ងន់ខ្លួនធ្លាក់ចុះ ឬកើនឡើងជ្រុលពេក
ក្នុងអំឡុងពេលកំពុងតាំងគភ៌ ការមានទម្ងន់ខ្លួនតិច ឬច្រើនជ្រុលពេកសុទ្ធតែហុចផលដល់ភាពប្រថុយប្រថានក្នុងការប្រសូតមុនពេលកំណត់ទាំងអស់ ដូច្នេះស្ត្រីមានគភ៌គួរតែគ្រប់គ្រងទម្ងន់ខ្លួនឱ្យស្ថិតក្នុងកម្រិតប្រក្រតី គឺកើនឡើងមុនពេលមានគភ៌ប្រមាណជា11.5-15.8គីឡូក្រាមដែលក្រៅពីមិនធ្វើឱ្យប្រសូតមុនពេលកំណត់ហើយនោះ នៅជួយឱ្យទារកមានទម្ងន់ខ្លួនស្ថិតក្នុងកម្រិតប្រក្រតីល្អទៀតផង។
៤. មិនមើលថែទាំសុខភាពមាត់ធ្មេញ
ដឹងឬទេថា សុខភាពមាត់ធ្មេញ ជាពិសេសអញ្ចាញធ្មេញដែលល្អក៏មានផលដល់ការ ប្រសូតបុត្រតាមកំណត់បានដែរ នោះក៏ព្រោះថា នៅពេលដែលស្ត្រីមានគភ៌មានបញ្ហារលាកសាច់អញ្ចាញធ្មេញ វានឹងទៅជំរុញឱ្យស្បូនបង្រួញខ្លួន និងអាចប្រសូតមុនពេលកំណត់បានហ្នឹងឯង ដូច្នេះទើបត្រូវមើលថែទាំសុខភាពអញ្ចាញធ្មេញឱ្យល្អជាប់ជានិច្ច រួមទាំងសុខភាពមាត់ធ្មេញផងដែរ។
៥. មានអារម្មណ៍តានតឹងធុញថប់
យល់ថា ភាពធុញថប់តានតឹងនេះវាពិបាកចៀសផុតណាស់ តែដោយសារភាពធុញថប់តានតឹងនេះឯង ដែលធ្វើឱ្យស្ត្រីមានគភ៌ភាគច្រើនត្រូវប្រសូតមុនពេលកំណត់ ដូច្នេះក្នុងអំឡុងពេលមានគភ៌ ស្ត្រីទាំងឡាយគួរតែកម្ចាត់អារម្មណ៍ធុញថប់តានតឹងចេញឱ្យអស់ ដោយសាកល្បងស្វែងរកកិច្ចការងារណាសប្បាយៗ បន្ធូរអារម្មណ៍មកធ្វើឱ្យបានញឹកញាប់ នោះភាពធុញថប់តានតឹង នឹងមិនកើតមានឡើយ។
៦. ទ្រាំទប់មិននោមញឹកញាប់ពេក
គឺជារឿងមួយដែលគេដឹងច្បាស់ទៅហើយថាក្នុងអំឡុងពេលមានគភ៌ ស្ត្រីមានគភ៌នឹងឈឺបត់ជើងតូចញឹកញាប់ណាស់ ហើយដោយសារតែ ត្រូវធ្វើការងារ ទើបស្ត្រីមានគភ៌ច្រើនតែទប់ទ្រាំមិនទៅបញ្ចេញចោលជាញឹកញាប់ ព្រោះតែពិបាក ក្នុងការទៅចូលបន្ទប់ទឹក តែដឹងទេថា ការទប់ទ្រាំមិនបត់ជើងតូចនេះឯង ជាមូលហេតុមួយរបស់ការប្រសូតមុនកំណត់ ព្រោះវានឹងធ្វើតួស្បូនច្របាច់ខ្លួនញឹកញាប់ឡើង ហើយថែមទាំងប្រថុយ-ប្រថាននឹងសភាវរលាកប្លោកនោមទៀតផងដូច្នេះ បើមិនចាំបាច់ទេ កុំខំទ្រាំទប់មិនទៅបញ្ចេញចោលជាដាច់ខាត។ មិនចង់ប្រថុយប្រថានក្នុងការប្រសូតមុនពេលកំណត់ដែលវានឹងធ្វើឱ្យកូនសម្លាញ់មានភាពមិនប្រក្រតីនោះ គួរតែបញ្ឈប់ទង្វើ6យ៉ាងខាងលើនេះជាបន្ទាន់ នោះធានាថា កូនតូចជាទីស្រឡាញ់របស់អ្នកនឹងប្រសូតចេញមកយ៉ាងល្អប្រក្រតីឥតខ្ចោះមិនខាន៕