ដឹងពីពេលវេលាទទួលទានទឹកដូងបានត្រឹមត្រូវ កូននឹងមានស្បែកស្អាតពីកំណើត

0
1

ទឹកដូង គឺជាភេសជ្ជៈធម្មជាតិដ៏ពេញនិយមបំផុតសម្រាប់មនុស្សជាច្រើននៅលើពិភពលោក ជាពិសេសនារដូវក្តៅតែម្តង។ ទឹកដូង ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពដូចជា ផ្តល់ថាមពល បង្កើនភាពស៊ាំ កាត់បន្ថយការឆ្លងមេរោគ ផ្តល់ជាតិទឹកដល់រាងកាយ ការពារបញ្ហាទល់លាមក ធ្វើឲ្យប្រព័ន្ធឈាមរត់បានល្អ…។

សូម្បីតែស្ត្រីមានផ្ទៃពោះ ក៏ត្រូវបានគេណែនាំឲ្យទទួលទានទឹកដូងផងដែរ ព្រោះវាអាចជួយជំរុញថាមពលយ៉ាងក្រៃលែងទាំងម្តាយ និងកូន ព្រមទាំងជួយឲ្យទារកមានការលូតលាស់បានល្អ។ លើសពីនេះ ការទទួលទានទឹកដូងបានត្រឹមត្រូវ ក៏អាចជួយឲ្យស្បែកអ្នកម្តាយ និងកូន មានភាពស្រស់ស្អាតផងដែរ។

ដោយសារតែទឹកដូង អាចជួយផ្តល់សំណើមដល់ស្បែក ធ្វើឲ្យស្បែកមានភាពរលោង និងការពារមិនឲ្យស្បែកស្ងួតបែកស្រកា។ លើសពីនេះអ្នកម្តាយដែលទទួលទានទឹកដូងជាប្រចាំ អាចជួយបង្កើនបរិមាណទឹកភ្លោះ ផ្តល់សារធាតុចិញ្ចឹមដល់ទារក ជួយឲ្យទារកមានការអភិវឌ្ឍឆាប់រហ័ស និងមានស្បែកសស្អាតនៅពេលកើតមក។

តើស្ត្រីមានផ្ទៃពោះ គួរទទួលទានទឹកដូងនៅពេលណា?

យោងតាមអ្នកជំនាញបានបង្ហាញថា ទឹកដូងមានភាពត្រជាក់ និងមានបរិមាណជាតិខ្លាញ់ខ្ពស់(ប្រហែល ២ភាគរយ) សមស្របសម្រាប់អ្នកមានផ្ទៃពោះ ៣ខែដំបូង។ ក៏ប៉ុន្តែពេលវេលាល្អបំផុតដែលគួរបន្ថែមទឹកដូង ចូលក្នុងបញ្ជីអាហារជាប្រចាំថ្ងៃ គឺបន្ទាប់ពីត្រីមាសទី១។

ទោះជាយ៉ាងណាស្ត្រីមិនគួរទទួលទានទឹកដូង ច្រើនពេកនោះទេ គឺទទួលទានត្រឹម១ផ្លែតូចក្នុងមួយថ្ងៃ ហើយកុំផឹកទឹកដូងដែលសល់មួយយប់ឲ្យសោះ។ សូម្បីតែមុនពេលចូលគេងក៏មិនត្រូវទទួលទានដែរ ព្រោះវាអាចធ្វើឲ្យអ្នកឧស្សាហ៍ភ្ញាក់ គេងមិនគ្រប់ឡើយ។

សូមចាំថា ទឹកដូង គឺជាឱសថដ៏អស្ចារ្យសម្រាប់អ្នកម្តាយ និងកូន នៅពេលដែលអ្នកដឹងពីពេលវេលា និងរបៀបផឹកដែលត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here