ការចេះស្តាប់សំលេងគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍនៃរាងកាយ ព្រោះវាត្រូវប្រើក្នុងការប្រាស្រ័យទាក់ទងគ្នា។ ប៉ុន្តែប្រសិនបើកូនរបស់អ្នកមានបញ្ហានៃការស្តាប់វិញនោះ អាចជះឥទ្ធិពលដល់ទំនាក់ទំនងនាពេលអនាគត់។
អំឡុងពេលមានផ្ទៃពោះ កូនរបស់អ្នកនឹងចាប់ផ្តើមមានសរីរាង្គស្តាប់ចាប់ពីសប្តាហ៍ទី៤ ហើយនៅសប្តាហ៍ទី ២៤នឹងចាប់ផ្តើមលឺសំលេង។ ឈានដល់សប្តាហ៍ទី៣៥ ពួកគេអាចបែងចែកសំលេងរបស់ឪពុកម្តាយ រហូតដល់មានកាយវិការ មិនតែប៉ុណ្ណោះទារកអាចស្តាប់ចង្វាក់បេះដូង ដង្ហើម និងការនិយាយពីខាងក្រៅរបស់ឪពុកម្តាយផងដែរ។ ដូច្នេះប្រសិនបើយើងប៉ះពាល់អ្នកម្តាយ និងព្យាយាមទំនាក់ទំនងជាមួយទារក វាអាចជួយរំញោចដល់ការស្តាប់ ហើយពួកគេនឹងមានអារម្មណ៍កាន់តែជិតស្និតជាមួយអ្នក។
ការអភិវឌ្ឍការស្តាប់របស់ទារកក្រោយពេលសម្រាល
១.ចាប់ពីកំណើតរហូតដល់៣ខែ ទារកអាចស្តាប់បាន ប៉ុន្តែមិនអាចដឹងពីពិភពសំលេងដែលចេញពីពិភពណានោះទេ ប៉ុន្តែទារកនឹងមានប្រតិកម្មជាការឆ្លើយតប។
២.ទារកអាយុ ៣ដល់៦ខែ គឺជាអាយុដែលទារកអាចស្វែងរកប្រភពសំលេង ហើយអាចបែងចែកថាសំលេងនោះចេញមកពីឪពុក ឬម្តាយខ្លួន។
៣.ទារកអាយុ ១០ដល់១៥ខែ នៅអាយុនេះទារកអាចស្តាប់បាន ហើយធ្វើត្រាប់តាមសំលេងដើម្បីយល់កាន់តែច្បាស់នូវអ្វីដែលជាសំលេង។
ដូច្នេះដើម្បីជំរុញដល់ការអភិវឌ្ឍការស្តាប់របស់ទារក អ្នកត្រូវឧស្សាហ៍និយាយ និងមើលភ្នែកទារកឲ្យបានញឹកញាប់ជារៀងរាល់ថ្ងៃ ជាពិសេសការច្រៀងបំពេរពេលចូលគេង។ រឿងសំខាន់មួយទៀត គឺបន្ទប់គេងរបស់ទារកត្រូវតែមានភាពស្ងប់ស្ងាត់ ដើម្បីកុំឲ្យរំខានដល់ការអភិវឌ្ឍសំលេងរបស់ពួកគេ៕