ការកាត់ក្រចកមនុស្សធំមិនមានផលលំបាកអ្វីនោះទេ ក៏ប៉ុន្តែការកាត់ក្រចកកូនង៉ែតវិញ គឺត្រូវយកចិត្តទុកដាក់បំផុត បើអ្នកអាចកាត់ជ្រុលតែបន្តិចពួកគេនឹងស្រែកយំ ហើយបណ្តោលឲ្យហូរឈាមថែមទៀត។ ក្រចកកូនង៉ែតដុះលឿនជាងមនុស្សធំ ហើយបើអ្នកភ្លេចមិនបានកាត់ វាអាចនឹងកោសដាច់ស្បែកខ្លួនឯងដោយមិនដឹងខ្លួន។ ដូច្នេះអ្នកត្រូវដឹងពីរបៀបកាត់ក្រចកដែលត្រឹមត្រូវ ហើយមានសុវត្ថិភាព។
១.កាត់ក្រចកឲ្យបាទៀងទាត់
ដោយសារតែក្រចកទារកឆាប់ដុះវែង ដូច្នេះការកាត់ត្រូវធ្វើរៀងរាល់សប្តាហ៍ ដើម្បីកាត់បន្ថយឱកាសក្នុងការបង្កើតកន្លែងបង្កបង្កើតកូនចៅរបស់ភ្នាក់ងារបង្កជំងឺ និងហានិភ័យនៃការកោសស្បែកខ្លួនឯងរហូតដល់របួស។
២.ជ្រើសឧបករណ៍កាត់ក្រចក
ដោយសារតែទំហំរបស់ឧបករណ៍កាត់ក្រចកមនុស្សពេញវ័យម្នាក់ប្រហែលជាមិនសមនឹងទំហំ ជើង ឬដៃកូនតូចឡើយ។ ដូច្នេះព្យាយាមទិញកន្ត្រៃកាត់ក្រចកដែលតូចល្មម ហើយកុំព្យាយាមកាត់ឲ្យខ្លីដល់សាច់ទាល់តែទារកស្រែកយំនោះទេ។
៣.ជូតអាល់កុល មុននិងក្រោយពេលប្រើ
វាចាំបាច់ក្នុងការសម្អាតឧបករណ៍ដើម្បីកាត់ក្រចក ព្រោះដូចអ្នកដឹងស្រាប់ហើយ ក្មេងតូចៗងាយនឹងឆ្លងមេរោគណាស់ ដូច្នេះត្រូវធ្វើជាប្រចាំ។
៤.លាបឡេទន់ៗលើក្រចកកូន
ការលាបឡេទន់ៗលើក្រចកដៃ វានឹងជួយបន្ទន់ក្រចកដៃរបស់កុមារឲ្យទន់ ងាយស្រួលក្នុងការកាត់ ឬអ្នកអាចកាត់ក្រចករបស់កូនបន្ទាប់ពីងូតទឹកក៏បាន។
៥.ពិនិត្យប្រវែងក្រចកដៃកូន
ក្រចកដៃកូនមានប្រវែងខុសពីក្រចកមនុស្សពេញវ័យ ព្រោះក្រចកទារកនឹងលេចឡើងហួសតែសាច់បន្តិចនៃចុងម្រាមដៃ។ បើអ្នកកាត់មិនបានមើលអាចដាច់ទាំងសាច់ មិនដូចមនុស្សធំអាចកាត់បានខ្លីគៀកគល់នោះទេ។ ដូច្នេះអ្នកត្រូវមើលឲ្យបានម៉ត់ចង់ តើរយៈពេលប៉ុន្មានដែលសមស្រប។
៦.វិធីកាត់សាច់
សូមព្យាយាមកាត់ក្រចកតិចៗឲ្យរាងមូលតាមចុងម្រាមដៃទារក កុំកាត់ឲ្យនៅស្រួចៗឲ្យសោះ ព្រោះវាអាចមុតសាច់បាន។
៧.បើកូនពិបាកកាត់ក្រចក ត្រូវកាត់នៅពេលពួកគេគេង
ទារកម្នាក់ៗមានទម្លាប់ខុសៗគ្នា ហេតុនេះអ្នកត្រូវព្យាយាមមើលថាតើក្មេងចូលចិត្តនៅស្ងៀមឬអត់។ តែយកល្អ អ្នកគួរព្យាយាមកាត់ក្រចកនៅពេលពួកគេគេងទើបងាយស្រួល។
ការកាត់ក្រចករបស់កូនជាលើកដំបូងអាចនឹងមិនបានស្អាតល្អ ប៉ុន្តែបើអ្នកមានការប្រុងប្រយ័ត្ន ហើយធ្វើដោយយកចិត្តទុកដាក់ យូរៗទៅនឹងស្ទាត់ជំនាញ៕