នៅពេលដែលកូនចាប់ផ្ដើមធំ ចេះដើរហើយ នោះលោកអ្នកជាម្ដាយឪពុកមិនចាំបាច់អស់ថវិកាក្នុងការទិញនូវខោទឹកនោមអនាម័យទៀតឡើយ រយៈពេលនេះ លោកអ្នកគួរតែមកចាប់អារម្មណ៍វិធីបង្រៀនកូនប្រើប្រាស់បង្គន់វិញទើបជាការល្អ ។ ប្រសិនបើលោកអ្នកមិនទាន់បានត្រៀមខ្លួនក្នុងការបង្រៀនកូនឲ្យចេះប្រើបង្គន់ទេ អត្ថបទនេះហើយ ដែលគេហទំព័រ មាតា និង ទារក ឬ Baby and Mom សូមបង្ហាញជូននូវវិធីសាស្រ្តងាយៗ ៦ យ៉ាង ដែលអាចជួយអ្នកឲ្យបង្រៀនកូនឲ្យចេះប្រើបន្ទប់ទឹក និងប្រាប់ដំណឹងពីអាការៈបន្ទោរបង់ជាមុនរបស់កូន តាមរយៈវិធីខាងក្រោមនេះ ។
១.ផ្ដើមបង្រៀនកូនឲ្យចាប់អារម្មណ៍បន្ទប់ទឹក
នៅពេលដែលលោកអ្នកចូលបន្ទប់ទឹក ត្រូវសង្កេតថា កូនអ្នកចាប់ផ្ដើមចាប់អារម្មណ៍សង្កេតមនុស្សជុំវិញខ្លួនចូលបន្ទប់ទឹកហើយឬនៅ ? ព្រោះនេះជាសញ្ញាមួយបង្ហាញថា អូនតូចកំពុងតែឆ្ងល់ពីមនុស្សជុំវិញខ្លួនចូលបន្ទប់ទឹក តើពួកគេកំពុងធ្វើអ្វី ? ដូច្នោះហើយ នេះជាពេលវេលាល្អ ដែលអ្នកគួរតែនាំកូនចូលបន្ទប់ រួចនាំកូនលេងទឹក ឬបង្ហាញកាយវិកាខ្លះៗនៅក្នុងបន្ទប់ទឹកដល់កូនបានដឹង ព្រោះថា គេពិតជាចង់ដឹងពីរបៀបមនុស្សធំធ្វើហើយ ។
២.កូនចេះដោះខោខ្លីដោយខ្លួនឯង
បើឃើញកូនតូចចេះដោះខោខ្លីដោយខ្លួនឯងបានហើយ ឬខោទឹកនោមដោយខ្លួនឯងបាន នេះជាសញ្ញាមួយដែលអាចបញ្ជាក់បានថា គេមានសមត្ថភាពប្រើប្រាស់បន្ទប់ទឹកបានហើយ ដូច្នោះអ្នកគួរតែបង្រៀនកូនឲ្យមានទម្លាប់ចូលបន្ទោរបង់ក្នុងបង្គន់បាន ដោយការចាប់ផ្ដើមពីការផ្ដល់សញ្ញាសំឡេងដល់កូនបានដឹង ។
៣.កាត់បន្ថយការប្រើខោទឹកនោមអនាម័យ
នៅពេលដែលកូនចាប់អារម្មណ៍ពីការចូលបន្ទប់ទឹក អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ខោទឹកនោមអនាម័យ ដោយជ្រើសរើសឲ្យកូនប្រើកន្ថោរទឹកនោម ឬនាំកូនចូលបន្ទប់ទឹកតែម្ដង ក៏ប៉ុន្ដែដំបូងអាចមិនមែនជាការងាយស្រួលសម្រាប់អ្នក ព្រោះអ្នកអាចនឹងមិនដឹងពីសញ្ញាបញ្ជាក់ដំណឹងរបស់កូនជាមុនឡើយ តែបើសិនជាគេចាប់អារម្មណ៍លេងនៅក្នុងបន្ទប់ទឹកហើយនេះ នេះអាចបង្ហាញបានថា គេអាចប្រើប្រាស់បន្ទប់ទឹកបានហើយ ។
៤.ចាប់ផ្ដើមបន្ទោរបង់ទៀងពេលវេលា
ជាទូទៅការបន្ទោរបង់របស់ក្មេងមានការលំបាកណាស់ មិនអាចកំណត់ពេលវេលាបានទេ លុះត្រាកូនធំឡើងទើបអាចកំណត់ពេលវេលាបន្ទោរបង់បាន តែប្រសិនបើអ្នកចំណាំពេលវេលាកបន្ទោរបង់របស់កូនបានហើយ នេះអ្នកអាចបង្រៀនកូនឲ្យប្រើប្រាស់បន្ទប់ទឹកបានហើយ ។
៥.កើតរោគស្អប់ខោទឹកនោម
នេះជាសញ្ញាមួយដែលអាចបង្ហាញថា កូនចាប់ផ្ដើមប្រើប្រាស់បង្គន់ជាភាពផ្ទាល់ខ្លួន ដោយចាប់ផ្ដើមមានអាការៈស្អប់ខោ មិនចូលចិត្តខោសើម ឬ ខោប្រឡាក់ ម្យ៉ាងទៀតគេអាចនឹងមិនចូលចិត្តរបស់ស្អុះស្អាប់ដែលមានជាប់នឹងខ្លួនជាដើម ។
៦.ផ្ដល់សញ្ញានៅពេលមានរបស់កខ្វក់នៅក្បែរខ្លួន
នៅពេលមានរបស់កខ្វក់មាននៅជុំវិញខ្លួន កូនអាចមានអាការៈផ្ដល់សញ្ញាជាសំឡេង ដោយការស្រែក ឬ យំ ជាឧទាហរណ៍នៅពេលគេបន្ទោរបង់ជាលាមកចេញមកក្រៅជាដើម យ៉ាងណាក្ដីជារួមការផ្ដល់ដំណឹងនេះហើយ ជាការល្អដែលអ្នកម្ដាយអាចបង្រៀនកូនឲ្យចេះប្រើប្រាស់បង្គន់បាន ព្រោះថាបើក្មេងខ្លាចបង្គន់មិនព្រមប្រើប្រាស់ អ្នកម្ដាយអាចបន្លប់ដោយការលេងសើចជាមួយកូននៅក្នុងបន្ទប់ទឹកបាន ៕