កុំបណ្តោយឱ្យឆ្នាំដំបូង ក្រោយពេលប្រសូតរបស់អ្នក និងកូនកន្លងផុតទៅបែបធម្មតាៗអី អ្នកម្តាយខ្លះអាចនឹងវីវក់ជាមួយការចិញ្ចឹមមើលថែកូនតូចរហូតរកធ្វើអ្វីក៏មិនបាន តែពេលដល់ថ្ងៃខួបកំណើតឆ្នាំដំបូងរបស់កូន ទើបអ្នកម្តាយមានអារម្មណ៍ដឹងថា រយៈពេលមួយឆ្នាំពិតជាកន្លងផុតទៅរហ័សមែនទែន និងថែមទាំងខកខានភ្លាត់បាត់ឱកាសអ្វីៗជាច្រើនយ៉ាងអស់ទៀតផង ដូច្នេះបើអ្នកម្តាយថ្មោងថ្មីមិនចង់មកអង្គុយនឹកសោកស្តាយក្រោយនោះ យើងនាំគ្នាមកមើលពី រឿងដែលអ្នកម្តាយគួរតែធ្វើឱ្យបានក្រោយពេលប្រសូតបុត្ររួចក្នុងមួយឆ្នាំដំបូងថា តើមានអ្វីខ្លះវិញប្រសើរជាង។
1 . ចិញ្ចឹមកូនដោយខ្លួនឯង
អ្នកម្តាយមួយចំនួនដែលត្រូវត្រឡប់ទៅធ្វើការវិញ ក៏ត្រូវតែកាត់ចិត្តហើយ ព្រោះការមានបុត្រ ធ្វើឱ្យមានថ្លៃចាយវាយកើនច្រើនឡើងរហូតមិនអាចឈប់ធ្វើការងារដែលខ្លួនស្រឡាញ់បានដោយហេតុផលច្រើនយ៉ាង តែសម្រាប់អ្នកម្តាយខ្លះដែលគ្មានភារកិច្ចអ្វី គួរតែនៅចិញ្ចឹមមើលថែកូនដោយខ្លួនឯងឱ្យបានពេញទំហឹង ដោយមិនចាំបាច់ត្រូវជួលមេដោះ ឬត្រូវមានអ្នកនៅចាំជួយឡើយ។
2 . កុំរវល់តែមើលថែកូនរហូតដល់ភ្លេចយកចិត្តទុកដាក់ស្វាមី
ក្នុងឆ្នាំដំបូង អ្នកអាចនឹងវីវក់ជាមួយការចិញ្ចឹមមើលថែកូន ព្រោះនៅជាអ្នកម្តាយថ្មោងថ្មីនៅឡើយ តែកុំរវល់តែមើល ឬចាប់អារម្មណ៍ជាមួយតែកូនជ្រុលពេកអី ចូរបែរមកមើលគូជីវិត និងយកចិត្តទុកដាក់គេឱ្យដូចពីមុនផង ព្រោះគេគឺជាផ្នែកមួយសំខាន់ក្នុងការធ្វើឱ្យជីវិតរបស់អ្នក និងកូនមានសេចក្តីសុខច្រើនឡើង។
3 . ពុះពារព្យាយាមចិញ្ចឹមកូនដោយទឹកដោះម្តាយ
ការឱ្យកូនបៅទឹកដោះម្តាយជារឿងមហាអស្ចារ្យមួយរឿងទៀតដែលមនុស្សជាម្តាយធ្វើបាន និងធ្វើបានយ៉ាងល្អ ដូច្នេះអ្នកគួរសិក្សារឿងការចិញ្ចឹមកូនដោយទឹកដោះម្តាយ ត្រៀមខ្លួនក្នុងបំបៅទឹកដោះកូនឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។
4 . ថតរូបកូនទុកឱ្យបានរាល់ខែ
ក្មេងក្នុងរយៈពេល 1 ឆ្នាំដំបូងនឹងធំធាត់លឿនណាស់ លឿនរហូតដល់អ្នកនឹកជារូបភាពមិនឃើញឡើយ ដូច្នេះមិនថាតែនៅត្រង់ណា កំពុងធ្វើអ្វីក៏ដោយ ចូរកុំខកខានក្នុងការថតរូបកូនឱ្យសោះ លុះដល់ពេលគ្រប់គម្រប់ខួប 1ឆ្នាំហើយ សាកល្បងយករូបថតទាំងនោះមកមើលឡើងវិញ អ្នកនឹងច្បាស់ជានឹកចម្លែកចិត្តនឹងអ្វីដែលបានឃើញមិនខាន។
5 . សុខចិត្តគេងមិនឆ្អែតដើម្បីកូនឱ្យបានក្នុងរយៈពេលមួយខួបដំបូង
រឿងនេះជារឿងមួយដែលស្វាមីអាចជួយភរិយាបាន ពេលកូនយំរករឿងខ្លាំងនៅពេលយប់អ្នកអាចជួយពកូនដើម្បីលួងបំពេរបាន ដើម្បីឱ្យភរិយាបានគេងលក់សម្រាកឱ្យបានគ្រប់គ្រាន់ (ក្មេងនឹងយំងង៉ក់រករឿងឱ្យពត្រឹមតែប៉ុន្មានខែដំបូងៗប៉ុណ្ណោះ)។
6 . កុំព្រងើយកន្តើយរឿងនិទានសម្រាប់ក្មេង
ក្មេងទើបនឹងកើត 1 ឆ្នាំដំបូង នឹងមានការចងចាំល្អខ្លាំងណាស់ គួរអានរឿងនិទាន ឬសៀវភៅរឿងសម្រាប់កុមារឱ្យកូនស្តាប់រៀងរាល់ថ្ងៃ។
7 . យកចិត្តទុកដាក់រាងកាយខ្លួនឯង
ក្នុងឆ្នាំដំបូងដែលចិញ្ចឹមកូន អ្នកម្តាយកុំព្រងើយកន្តើយនឹងការមើលថែទាំរាងកាយខ្លួនឯងឱ្យសោះ គួរញ៉ាំអាហារដែលល្អមានប្រយោជន៍ និងរកពេលវេលាហាត់ប្រាណខ្លះផង និងកុំបន្ទោសកូនថា ជាមូលហេតុដែលធ្វើឱ្យអ្នកគ្មានពេលមើលថែទាំខ្លួនឯងជាដាច់ខាត។
8 . កុំខ្មាស់អៀនក្នុងការថតរូបស៊ែលហ្វ៊ី
មិនចាំបាច់អៀនខ្មាស់ទេពេលត្រូវថតរូបជាមួយកូនពេលដែលផ្ទៃមុខរបស់អ្នកម្តាយយ៉ាប់យ៉ឺនបំផុតនោះ ព្រោះវាស្លក់ក្រៀមបែបនោះមិនយូរប៉ុន្មានទេ ព្រោះបន្ទាប់ពីនោះនៅពេលកូនធំឡើងបន្តិច ផ្ទៃមុខរបស់អ្នកម្តាយនឹងស្រស់ស្អាតឡើងវិញជាមិនខាន ហើយការដែលបានថតស៊ែលហ្វ៊ីទុកជាមួយកូនសម្លាញ់ក្នុងរយៈពេល 1 ឆ្នាំដំបូងនេះ គឺជាក្តីចងចាំដែលល្អបំផុតក្នុងអំឡុងពេលមួយនៃជីវិត ដូច្នេះគួរតែបានថតរូបគូជាមួយកូនទុកមើលឱ្យបានច្រើន។
កូនរបស់អ្នកនឹងធំធាត់លឿនណាស់ ជាពិសេសបំផុតក្នុងខួបឆ្នាំដំបូង បើអ្នកមិនបានធ្វើអ្វីទុកជាអនុស្សាវរីយ៍ ឬទុកជាការចងចាំទេនោះ ជួនកាលអ្នកអាចនឹងភ្លេច ឬនឹកមិនឃើញពីភាពគួរឱ្យស្រឡាញ់របស់កូនក្នុងអំឡុងពេលមួយយ៉ាងគួរឱ្យស្តាយ តែក៏កុំរវល់ចាប់អារម្មណ៍តែជាមួយកូនតែម្យ៉ាងអី គួរយកចិត្តទុកដាក់លើខ្លួនឯង និងមនុស្សក្បែរកាយ (ស្វាមី)របស់អ្នកផង៕