អ្នកម្តាយជាច្រើននាក់ប្រហែលជានៅចាំបានថា រឿងដំបូងគេដែលមានអត្ថន័យបំផុតរបស់ការមានបុត្រ មិនមែនត្រឹមតែការបានឮសំឡងរបស់កូនស្រែកយំប៉ុណ្ណោះទេ តែនៅមានពេលវេលាដំបូងបំផុតមួយទៀត គឺការដែលកូន និងម្តាយបានសម្លឹងមើលមុខគ្នា និងមានអារម្មណ៍ថា កូនក៏កំពុងសម្លឹងមើលមុខរបស់អ្នកដែរ។
មានមនុស្សជាច្រើននឹកឆ្ងល់ថា កូនតូចដែលទើបតែប្រសូតចេញមកពីគភ៌ម្តាយមានទឹកមុខដូចជាក្រញូវ និងនឹកឆ្ងល់ថា តើកូនតូចមើលឃើញដែរឬទេ? នៅក្នុងផ្នែកវេជ្ជសាស្ត្របានអធិប្បាយថា ទារកត្រៀមជាស្រេចចំពោះការមើលឃើញតាំងពីនៅក្នុងគភ៌ម្តាយមកម៉េះ្ល និងអាចវិវត្តបានភ្លាមតែម្តងនៅពេលចេញផុតពីក្នុងគភ៌របស់ម្តាយ ដូច្នេះការដែលពួកគេតបស្នងនឹងពន្លឺ ពណ៌ ឬរូបភាពមានចលនាផ្សេងៗ ដោយការធ្វើមុខក្រញូវនោះ គឺជារឿងដែលត្រឹមត្រូវ គ្រាន់តែនៅមិនទាន់អាចមើលឃើញបានច្បាស់ល្អប៉ុណ្ណោះឯង។
កែវភ្នែកនៅពេលកើតមកភ្លាមនៅពេលដែលទារកប្រសូតចេញមកដំបូងនោះ បើអ្នកម្តាយស្ថិតនៅឆ្ងាយពីទារកប្រមាណជា8-12អុីញ នឹងសង្កេតឃើញថា ទារកនឹងមានប្រតិកម្មខ្លាំងក្នុងការព្យាយាមបើកភ្នែក រំកិលខ្សែភ្នែកទៅតាមការកម្រើក។ នៅពេលដែលអ្នកម្តាយសាកល្បងលើកបាតដៃមកឱ្យកូនតូចមើល និងធ្វើចលនាទៅខាងឆ្វេង ឬខាងស្តាំយ៉ាងយឺតៗនោះ នឹងបានឃើញកែវភ្នែកមូលក្រឡង់របស់កូនតូចកម្រើកតាម ហ្នឹងហើយគឺជាដំណាក់កាលដំបូងនៃការសាកល្បងវិវឌ្ឍនាការក្នុងការមើលឃើញរបស់ទារកនោះ។
កែវភ្នែករបស់កូនតូចរហ័សជាមួយនឹងពន្លឺណាស់ មិនថាកូនតូចរបស់អ្នកមានកែវភ្នែកធំមូល ឬតូចស្តួចបែបណាក៏ដោយ ការធ្វើឱ្យទារកបានទទួលពន្លឺដែលភ្លឺខ្លាំងនៅក្នុងកន្លែងម្លប់ឬកណ្តាលវាលនោះ គឺជារឿងមួយគ្រោះថ្នាក់ខ្លាំងណាស់ ដោយអ្នកអាចសង្កេតបានថា ទារកនឹងបិទភ្នែកជិតឈឹង ដោយសញ្ជាតិញាណនៃការការពារខ្លួន តែការដែលត្រូវប្រយ័ត្នខ្លាំងជាងនេះទៅទៀតនោះគឺ ការបណ្តោយឱ្យទារកសម្លឹងមើលអំពូលភ្លើង ដែលទោះជាមិនភ្លឺខ្លាំងក៏ដោយឬកូនតូចអាចសម្លឹងមើលម្តងៗបានយូរមែនក៏ដោយ តែទំរាំតែដឹងខ្លួន ខ្សែភ្នែករបស់គេអាចនឹងស្រវាំងចាំងមើលឃើញលែងច្បាស់បាត់ទៅហើយ ដូច្នេះការយកចិត្តទុកដាក់នឹងការវិវត្តខាងផ្នែកមើលឃើញរបស់កូនៗគឺជារឿងសំខាន់ខ្លាំងណាស់។
កែវភ្នែកទារកក្នុងវ័យ3ខែដំបូង
ចាប់ផ្តើមដំបូង ពេលដែលកូនតូចស្គាល់របស់លេង តើអ្នកម្តាយធ្លាប់សង្កេតទេថា ហេតុ-អីបានជាពួកគេចូលចិត្តសម្លឹងសម្លក់មើលឡាំងក្រដាស ឬខ្នើយឱប ខ្លាំងជាងកូនបាល់? នោះក៏ព្រោះតែទារកមើលឃើញវត្ថុដែលមានរូបរាងបួនជ្រុងបានច្បាស់ជាងវត្ថុរាងមូលៗហ្នឹងឯង។ ពួកគេចូលចិត្តវត្ថុដែលមានពណ៌ស្អាតៗ និងពណ៌ដែលស៊ីគ្នាខ្លាំងជាងពណ៌រាបៗធម្មតា ហើយពេលឃើញផ្ទៃមុខរបស់មនុស្សក៏នឹងមានប្រតិកម្មតបស្នងភ្លាមតែម្តង។
នៅក្នុងវ័យនេះ កូនតូចរៀនយល់ដឹងពីការសម្លឹងចាប់យករូបភាពវត្ថុដែលមើលឃើញ ដំបូងៗអ្នកម្តាយអាចនឹងភ្ញាក់ផ្អើលដែលឃើញប្រស្រី-ភ្នែកខ្មៅរបស់កូនទាំងសងខាងមិនស្មើគ្នា ស្រ-ដៀងមនុស្សភ្នែកស្រឡេវ នោះក៏ព្រោះតែកូន-តូចនៅមិនទាន់អាចគ្រប់គ្រងប្រព័ន្ធការមើលឃើញបានល្អនៅឡើយ។ មិនបាច់ភ្ញាក់ផ្អើល ឬបារម្ភទេ បើឃើញកូនតូចធ្វើភ្នែកក្រឡឺតក្រឡាប់នោះមួយសន្ទុះក្រោយ កូនតូចនឹងសម្រួលខ្សែភ្នែកបានវិញជាមិនខាន។
ក្នុងអំឡុងពេលឈានចូលខែទី3 កូនតូចនឹងមើលឃើញមានសម្ពន្ធគ្នាកាន់តែខ្លាំងឡើងរវាងភ្នែកស្តាំ និងភ្នែកឆ្វេង។ ក្នុងអំឡុងពេលនេះឯង ដែលអ្នកម្តាយអាចជួយបង្កើនវិវឌ្ឍនាការរបស់កូនសម្លាញ់បាន ដោយការរករបស់លេងណាដែលមានពណ៌ស្អាតស្រស់ៗដូចជា ពណ៌ក្រហមពណ៌លឿង ឬពណ៌ដែលឆ្លុះស៊ីគ្នាមកឱ្យកូនតូចបានលេង និងរៀនយល់ដឹង។
4-6ខែ កែវភ្នែកនៃក្តីស្រឡាញ់ និងចងសម្ពន្ធ
អ្នកម្តាយច្បាស់ជារំភើបចិត្តខ្លាំងណាស់នៅពេលឃើញប្រតិកម្មថ្មីមួយទៀតរបស់កូនតូចគឺគេចេះញញឹមបានហើយបន្ទាប់ពីមើលឃើញមុខអ្នកម្តាយ។
កូនតូចវ័យក្រោយ3ខែនោះ ពួកគេចូលចិត្តសម្លឹងមើលមុខមនុស្សណាស់ ជាពិសេសមុខមនុស្សដែលនៅជាប់ជិតដិតដែលគេស៊ាំធ្លាប់ជាមួយ។ រាល់ពេលដែលជួបមុខគ្នា គេនឹងសម្លឹង ញញឹមដាក់ និងចាប់ផ្តើមមានសំឡេង អ អ៊ែ ដែលបង្ហាញពីអារម្មណ៍ពេញចិត្ត។ ក្នុងអំឡុងពេលនេះ បើអ្នកម្តាយជាមនុស្សចូលចិត្តញញឹមសូមចាំទុកទៅថា កូនសម្លាញ់នឹងក្លាយជាមនុស្សបិុនញញឹមតាមដែរមិនខាន ដោយសារតែការធ្វើតាមនូវអ្វីដែលគេមើលឃើញ។
នៅក្នុងរយៈពេលនេះ កម្រិតនៃការមើលឃើញផ្នែកច្បាស់លម្អិតកំពុងវិវត្តបានល្អណាស់កូនតូចអាចមើលឃើញទិដ្ឋភាពបានឆ្ងាយជាង15អុីញ ហើយអ្នកម្តាយអាចតាមដានការវិវត្តនេះបានតាមរយៈការឈោងដៃទៅស្រវាចាប់វត្ថុផ្សេងៗរបស់កូនសម្លាញ់ ដែលពីមុនប្រើដៃលូកទៅប៉ះពាល់ តែឥឡូវអាចចាប់បានត្រូវចំៗកាន់តែខ្លាំងឡើង និងចេះស្មានចម្ងាយបានកាន់តែល្អឡើងទៀតផង។
សមត្ថភាពមួយទៀតដែលគួរឱ្យស្ងើចសរសើរនោះគឺ មិនមែនតែវត្ថុធំៗប៉ុណ្ណោះទេ តែវត្ថុតូចៗ ដូចជា ប៊ិច ស្រោមដៃ ស្រោមជើង ក្រដាស ក៏កូនសម្លាញ់អាចមើលឃើញដែរ ឬសូម្បីតែវត្ថុដែលមានចលនា ឬកម្រើកបាន ដូចជា កូនឡានបញ្ជាដោយថ្មពិលដែលរត់វិលទៅមក ក៏បង្កើតនូវភាពសប្បាយរីករាយដល់ខ្លួនគេបានដែរ។
7-9ខែ ដល់ពេលវេលាសង្កេតមើលពិភពលោកហើយ
ក្រៅពីទង្វើធ្វើតាមនូវអ្វីដែលខ្លួនមើលឃើញដូចជា ញញឹមពេលមានអ្នកញញឹមដាក់ហើយនោះ កូនតូចក៏កំពុងសប្បាយជាមួយការសង្កេតមើលអ្វីផ្សេងៗនៅជុំវិញខ្លួន ដោយសារតែពេលនេះ ពួកគេអាចមើលឃើញបានប្រហាក់ប្រហែលនឹងមនុស្សធំហើយ។ អ្នកម្តាយក៏ប្រហែលជារំភើបចិត្តមិនស្ទើរដែរ នៅពេលបានដឹងថា ការមើលឃើញរបស់កូនភ្លឺច្បាស់ល្អ អាចញែកភាពរាក់ជ្រៅ ជិត ឬឆ្ងាយបាន តែកុំភ្លេចសង្កេតផងថា តើប្រស្រីភ្នែកឆ្វេង និងស្តាំមានសម្ពន្ធគ្នាល្អឬទេ? បើទេ នឹងអាចសង្ស័យបានថា កូនមាន
បញ្ហាភ្នែកដែលត្រូវនាំទៅជួបលោកគ្រូពេទ្យហើយ។
ក្មេងតូចប្រក្រតីនៅក្នុងអំឡុងពេលនេះច្រើនតែរំអុកឱ្យនាំទៅដើរលេង មើលសួនច្បារ មើលផ្កា និងមើលអ្វីដែលប្លែកភ្នែក ដូច្នេះសូមកុំភ្លេចបែងចែកពេលវេលានាំកូនទៅលេងនៅខាងក្រៅផ្ទះមួយអាទិត្យមួយដងផងណា៎។
ការមើលឃើញនៅក្នុងរយៈពេលនេះមានសម្ពន្ធភាពជាមួយនឹងប្រព័ន្ធប្រសាទផ្នែកផ្សេងៗដោយពេលមើលឃើញហើយនឹងធ្វើឱ្យកើតមានការចងចាំ ដែលនាំទៅរកការរិះគិត ការធ្វើតាម និងការសម្តែងការពេញចិត្ត ឬមិនពេញចិត្តបាន។ដូច្នេះហើយទើបអ្នកម្តាយមិនគួរភ្លេចសង្កេតមើលកូនតូចក្នុងអំឡុងពេលនេះ ដើម្បីរៀនយល់ដឹងពីឧបនិស្ស័យរបស់កូនដែលកំពុងតែកកើតចេញពីអ្វីដែលពួកគេបានដឹងនោះ។
10-12ខែ ត្រៀមខ្លួនសម្រាប់ពិភពលោកដ៏ធំទូលាយ
ភាពច្បាស់លាស់ខាងផ្នែកមើលឃើញកំពុងតែវិវត្តជាបន្តបន្ទាប់ ការជំរុញការមើលឃើញមិនត្រឹមតែល្អដល់ខ្សែភ្នែកនោះទេ តែវាក៏ជាការជំរុញកោសិកាខួរក្បាលដែលតភ្ជាប់ជាមួយនឹងការបានឮ ការចងចាំ និងការវិភាគទៀតផង។ ពេលនេះគឺជាអំឡុងពេលនៃសេចក្តីសុខដែលលោកឪពុកអ្នកម្តាយបានដឹងថា កូនតូចមានភាពចងសម្ពន្ធជាមួយយើង ចំណាំមុខមនុស្សសំខាន់ៗក្នុងជីវិតរបស់គេបានយ៉ាងច្បាស់ បើសិនជាមានពេលវេលាគ្រប់គ្រាន់ អ្នកនឹងអាចមើលឃើញពីអារម្មណ៍ដែលបង្កប់នៅក្នុងកែវភ្នែកតូចមួយគូនោះ ថាតើពួកគេ សុខ ទុក្ខ សប្បាយចិត្ត ធូរស្រាល ឬក៏ធុញថប់ជាមួយនឹងរឿងអ្វីមួយយ៉ាងណា? នោះហើយគឺជាការរៀនយល់ដឹងជាពិសេសដែលក្មេងម្នាក់ៗមានមិនដូចគ្នានោះទេ។
ការវិវត្តក្នុងការមើលឃើញ គឺជារឿងមួយសំខាន់ខ្លាំងណាស់ ទាំងកូនតូច និងអាណាព្យាបាល។ ការមើលឃើញបង្កឱ្យកើតការរៀនយល់ដឹងដែលជាចំណុចចាប់ផ្តើមនៃជីវិតរបស់កូនតូច។ បើកុមារជាក្រណាត់ស កែវភ្នែករបស់ពួកគេនឹងទទួលយកពណ៌ជាច្រើនចូលមកក្នុងជីវិតរបស់ពួកគេ ទាំងពណ៌ដែលស្រស់ស្អាត ពណ៌ដែលខ្មៅល្អក់ ឬក៏ពណ៌នៃភាពសប្បាយរីករាយ ហើយពណ៌ទាំងអស់នោះគឺជាការឆ្លុះបញ្ចាំងនូវភាពកក់ក្តៅ ភាពយល់ចិត្តគ្នា សេចក្តីស្រឡាញ់ និងបំណងល្អចំពោះពួកគេពីសំណាក់អ្នកនៅជំុវិញខ្លួន។ ទាំងអស់នេះគឺជាគ្រឹះ និងជាក្រោះសម្រាប់ការពារកូនតូចរបស់អ្នកនាពេលអនាគត ដែលវាសុទ្ធតែបានមកពីការមើលឃើញទាំងអស់៕