គឺជាការថែទាំទារកតូច ឲ្យប៉ះជាប់និងស្បែកម្តាយ ដើម្បីឲ្យទារកគាត់ទទួលកំដៅពីម្តាយ។ វិធីសាស្ត្រនេះ ជាវិធីថែទាំដ៏សាមញ្ញ មិនមានភាពស្មុកស្មាញ តែមានប្រសិទ្ធភាពបំផុត សម្រាប់ជួយម្តាយដែលមានទារកកើតមិនគ្រប់ខែ ឬមានគីឡូតិចពីកំណើត (តិចជាង២០០០ក្រាម)
ក) លក្ខ័ណ្ឌនៃការអនុវត្តវិធីសាស្ត្រ៖
វិធីសាស្ត្រនេះ អនុញ្ញាត្តិឲ្យធ្វើការថែទាំបានលុះត្រាតែៈ
– ទារករួចផុតពីជំងឺផ្លូវដង្ហើម ជំងឺឆ្លង និងរួចផុតពីសញ្ញាគ្រោះថ្នាក់ដទៃទៀត
– ម្តាយមិនមានជំងឺឆ្លង
– ម្តាយយល់ដឹងពីការអនាម័យច្បាស់
– មានក្រុមគ្រួសារជួយ(យាយ អ៊ុំ ពូ មីង…)
ខ) វិធីនៃការដាក់ឲ្យទារកប៉ះជាប់និងស្បែកម្តាយ៖
វិធីនៃការដាក់ឲ្យទារកប៉ះជាប់និងស្បែកម្តាយ ត្រូវអនុវត្តដូចខាងក្រោមៈ
– ចំពោះទារក ត្រូវស្លៀកតែខោទឹកនោម ខ្លួនរបស់គាត់នៅទទេមិនបាច់ពាក់អាវទេ តែត្រូវពាក់មួក ស្រោមជើង និងស្រោមដៃដើម្បីជួយការពារការបាត់កំដៅ។
– ចំពោះម្តាយ ត្រូវមានអាវជាតិអំបោះពាក់ខាងក្នុងមួយ និងអាវពាក់ពីក្រៅមួយ(ដូចក្នុងរូប) ហើយម្តាយត្រូវមានអនាម័យខ្លួន និងដៃឲ្យបានស្អាត។
– ដាក់ខ្បាលទារក នៅចន្លោះទ្រូងម្តាយ
– មុខទារក ត្រូវងាកមកឆ្វេង ឬស្តាំ ជៀសវាងមុខផ្គាប់លើទ្រូងម្តាយ
– ជើងទាងពីររបស់ទារក ត្រូវនៅក្នុងអាវម្តាយក្នុងសភាពដូចកង្កែប។
គ) ផលប្រយោជន៍នៃការថែទាំនេះ៖
– ទារកបានទទួលកំដៅគ្រប់គ្រាន់ពីម្តាយៈ
- ទារកដែលមានគីឡូពីកំណើតតិច ឬមិនគ្រប់ខែ សរីរាង្គរបស់គាត់ងាយនិងបាត់បង់កំដៅ ដោយសារប្រព័ន្ធការពារកំដៅរបស់គាត់ខ្សោយ ហើយទារកតូចៗ ពុំមានស្រទាប់ជាតិខ្លាញ់នៅក្នុងខ្លួនទេ។
- ការបាត់បង់កំដៅចំពោះទារកតូចៗ និងមិនគ្រប់ខែ អាចបណ្តាលឲ្យទារមានគ្រោះថ្នាក់ដល់អាយុជីវិតរយៈពេលខ្លី។
– ទារកឆាប់ចង់បៅៈ
- ទារកទើបនិងកើត ពុំអាចមើលឃើញមុខម្តាយគាត់ទេតែគាត់ធំក្លិនម្តាយគាត់ ដែលក្លិននេះអាចរំញោចឲ្យទារកចង់បៅដោះម្តាយ ដែលជាហេតុធ្វើឲ្យទារកឆាប់ឡើងទម្ងន់។
– ទារកអាចដកដង្ហើមបានទៀងទាត់ៈ
- ទារកមិនគ្រប់ខែ ប្រព័ន្ធផ្លូវដង្ហើមដែលមាននៅផ្នែកខួក្បាលរបស់គាត់នៅខ្ចីនៅឡើយ ដែលងាយធ្វើឲ្យទារកឆាប់ភ្លេចដកដង្ហើម។ ការដាក់ទារកនៅលើទ្រូងម្តាយ ធ្វើឲ្យគាត់ស្តាប់ឮចង្វាក់បេះដូងម្តាយ ដែលការស្តាប់ឮនេះ រំញោចឲ្យទារកធ្វើការដកដង្ហើមទៀងទាត់មកវិញ។
– កាត់បន្ថយការឆ្លងរោគក្នុងមន្ទីរពេទ្យៈ
- ទារកតូច ឬមិនគ្រប់ខែមានប្រព័ន្ធការពារសរីរាង្គខ្ចី ឬខ្សោយ ដូចនេះទារកស្ថិតក្នុងកន្លែងសង្គ្រោះយូរ ងាយនឹងចាប់យកមេរោគពីខាងក្រៅ ដែលបង្កគ្រោះថ្នាក់ដល់ជីវិត។ ការដាក់ទារកឲ្យនៅជាមួយម្តាយ ធ្វើឲ្យទារកចង់បៅដោះម្តាយ ដែលទឹកដោះម្តាយសម្បូរទៅដោយប្រព័ន្ធការពារ(អង់ទីករ) ជួយទារករួចផុតពីការឆ្លងរោគក្នុងមន្ទីរពេទ្យ។
– បង្កើតទំនាក់ទំនងស្និទ្ធស្នាលរវាងម្តាយនិងកូនតូចរបស់គាត់ ដែលធ្វើឲ្យគាត់បាត់អារម្មណ៍តានតឹងពីការថែទាំកូនរបស់គាត់ និងធ្វើឲ្យគាត់មានភាពម្ចាស់ការ ក្នុងការថែទាំទារកនៅពេលគាត់ចេញទៅផ្ទះ ហើយការថែទាំតាមវីធីកង់ហ្គូរ៉ូនេះ ជួយកាត់បន្ថយការសម្រាកពេទ្យយូរ។
- ម្តាយគ្រប់រូបនៅពេលដែលប្រសូត្របុត្រមកមានទម្ងន់តិច(ទារកមានគីឡូតិចជាង ២០០០ក្រាម) ឬមិនគ្រប់ខែ តែងមានអារម្មណ៍ពិបាកចិត្តក្នុងការថែទាំកូនជាទីស្រលាញ់របស់ខ្លួន ហើយមួយទៀតកូនតូចរបស់គាត់ត្រូវនៅឆ្ងាយពីខ្លួន មិនបានអោបជាប់និងខ្លួនដូចគេ ទារកក៏ដូចគ្នាគឺនៅឆ្ងាយពីម្តាយ។ ដូចនេះការថែទាំទារកមិនគ្រប់ខែ ឬមិនគ្រប់គីឡូតាមបែបវិធីសាស្ត្រកង់ហ្គូរ៉ូ បានជួយបង្កើតឲ្យម្តាយមានអារម្មណ៍ធូរស្រាលវិញនៅពេលឃើញកូនរបស់គាត់រាល់ថ្ងៃ។
ប្រសិទ្ធិភាពនៃការថែទាំតាមបែបវិធីសាស្ត្រនេះ គឺអាស្រ័យលើពេលវេលា។ បើម្តាយដាក់កាន់តែយូរ ប្រសិទ្ធិភាពកាន់តែល្អ ព្រោះកូនបានទទួលកំដៅពីម្តាយគ្រប់គ្រាន់ ធ្វើឲ្យទារកឡើងគីឡូបាន។
នៅពេលគាត់ដាក់ទារកលើទ្រូងរបស់គាត់ គ្រូពេទ្យនិងគិលានុដ្ឋាយិកាជំនាញ នឹងពន្យល់អំពីការតាមដានសភាពកូន ពណ៌សម្បុរ ការដកដង្ហើម និងកំដៅរបស់កូនតូចគាត់។ មន្ទីរពេទ្យកាល់ម៉ែតបានរៀបចំវិធីនេះតាំងពីឆ្នាំ ២០១០ ដែលមានគ្រូពេទ្យនិងគិលានុដ្ឋាយិកាជំនាញក្នុងការថែទាំទារកមិនគ្រប់ខែ ឬមិនគ្រប់គីឡូ ដោយមានប្រសិទ្ធិភាពខ្ពស់។
យើងខ្ញុំសូមធ្វើការផ្តាំផ្ញើដល់ម្តាយគ្រប់រូបដែលមានទារកតូច ដោយសាររដូវនេះជារដូវរំហើយ អាកាសធាតុចុះត្រជាក់នៅពេលព្រឹក សូមមេត្តាថែទាំទារកឲ្យបានល្អ និងប្រុងប្រយ័ត្ននូវការបាត់បង់កំដៅរបស់កូន ដែលជាហេតុបង្កឲ្យទារកតូចនោះមានជំងឺ ឬបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។
“សុខភាពកូនលោកអ្នក ជាភារកិច្ចដ៏ថ្លៃថ្លារបស់យើងខ្ញុំជាគ្រូពេទ្យ ហើយទារកគ្រប់រូបជាទំពាំស្នងឬស្សីរបស់ប្រទេសយើង!”
ប្រភព៖Calmette Hospital