“កូនអ៊ើយក្រោកឡើង ដល់ម៉ោងទៅរៀនហើយណា៎!” យើងដឹងថា រៀងរាល់ពេលព្រឹក អ្នកម្ដាយនឹង
នឿយហត់ខ្លាំងណាស់ទាំងចិត្តទាំងកាយបើកូនមិនព្រមក្រោកពីគេង ដើម្បីត្រៀមខ្លួនទៅសាលាទេនោះ។
បើកូនរបស់អ្នកចូលចិត្តភ្ញាក់យឺតពេល ពិបាកក្នុងការដាស់ឱ្យភ្ញាក់ទៅរៀននោះ សូមនាំគ្នាមកអានអត្ថបទ
ខាងក្រោមនេះវិញប្រសើរជាងថា តើវិធីធ្វើឱ្យកូនក្រោកពីគេងនៅពេលព្រឹកទាន់ពេល ត្រូវធ្វើយ៉ាងណាខ្លះ?
តិចនិកជំរុញឱ្យកូនភ្ញាក់ពីគេងនៅពេលព្រឹកបានយ៉ាងងាយស្រួល ចាប់ផ្ដើមពីពេលយប់៖
• ឱ្យកូនចូលគេងក្នុងម៉ោងពេលប្រហាក់ប្រហែលគ្នារៀងរាល់យប់។ កូនអ្នកនឹងងាយស្រួលភ្ញាក់ បើពួកគេបានគេងលក់យ៉ាងគ្រប់គ្រាន់។ ការធ្វើបែបនេះ មិនត្រឹមតែធ្វើឱ្យការភ្ញាក់ពីគេងនៅពេលព្រឹកដំណើរការបានយ៉ាង
ងាយស្រួលនោះទេ តែកូននៅមានអារម្មណ៍ថាបានគេងយ៉ាងឆ្អែតទៀតផង។ ក្រៅពីនេះ ការបានគេងលក់យ៉ាងគ្រប់គ្រាន់ នឹងធ្វើឱ្យខួរក្បាលរបស់គេភ្លឺថ្លាស្រឡះ និងគិតរឿងផ្សេងៗបានល្អ មានថាមពលក្នុងការរៀន និងអាចមានសមាធិជាមួយនឹងអ្វីដែលគេកំពុងធ្វើទៀតផង។ តែការដែលអ្នកឱ្យកូនក្រចូលគេង ឬឱ្យចូលគេង
ពេលយប់ជ្រៅនាយប់ថ្ងៃសុក្រ-សៅរ៍នោះ នឹងធ្វើឱ្យកូនគេងមិនងាយភ្ញាក់ ហើយនឹងក្លាយជាទម្លាប់ឱ្យកូនភ្ញាក់យឺតពេល នាថ្ងៃទៅរៀនទៀតផង។
• ត្រៀមខោអាវទាំងរបស់អ្នក និងកូនសម្រាប់ថ្ងៃស្អែកទុកពីយប់ជាស្រេច។ ការធ្វើបែបនេះនឹងជួយកាត់បន្ថយពេលវេលានៅពេលព្រឹក ហើយជួយឱ្យអ្នកបានដឹងជាមុនទៀតផងថា អាវដាច់ឡេវ ឬស្រោមជើងនៅហាលមិនទាន់ស្ងួតជាដើម។ រឿងកំប៉ិកកំប៉ុកតូចតាចបែបនេះនឹងធ្វើឱ្យអ្នកមានពេលចាកចេញពីផ្ទះបានលឿន
ទៀតផង។
• ត្រៀមកាបូបទៅរៀនឱ្យរួចជាស្រេចសម្រាប់ព្រឹកស្អែក។ ប្រហែលជាល្អ និងកាត់បន្ថយភាពមួម៉ៅតានតឹងបានមិនតិចទេ បើអ្នកបានត្រៀមកាបូបដែលត្រូវប្រើនៅថ្ងៃបន្ទាប់ឱ្យរួចជាស្រេចនោះ ដូច្នេះអ្នកគួរឱ្យកូនត្រៀមរៀបចំកាតាបទៅរៀនរបស់គេឱ្យរួចជាស្រេច យកសៀវភៅកិច្ចការផ្ទះដែលគេធ្វើរួចហើយដាក់ចូលកាតាបដើម្បី
ត្រៀមខ្លួនទៅសាលានាពេលព្រឹកស្អែក។
គោលការណ៍ងាយៗត្រឹមតែមិនប៉ុន្មានចំណុចទាំងនេះអាចផ្លាស់ប្ដូរកូនរបស់អ្នកឱ្យចេះធ្វើជាមនុស្សដែលមានវិន័យ ចូលគេង និងភ្ញាក់ទៀងម៉ោងបានល្អមិនខាន។ ចូរសាកល្បងធ្វើតាមហ្នឹងទៅមើល៍…៕