ការរលូតកូន គឺជារឿងដ៏គួរឲ្យស្តាកស្តាយបំផុតនៅក្នុងឆាកជីវិតរបស់មនស្សស្រី ហើយជួនកាលដោយសារតែក្តីអាណិត និងស្រឡាញ់ បានធ្វើឲ្យស្ត្រីមួយចំនួនគិតរហូតកើតជំងឺធ្លាក់ទឹកចិត្ត ឬសរសៃប្រសាទក៏មានដែរ។
បើយោងតាមស្ថិតិ បានបង្ហាញថា ស្ត្រីមានផ្ទៃពោះ អាចប្រឈមនឹងការរលូតកូន ១០ ទៅ ២៥ភាគរយនៅក្នុងត្រីមាសដំបូង ហើយអត្រានេះកើនឡើងចំនួន ៥ភាគរយចំពោះស្ត្រីដែលពរពោះក្នុងវ័យ ៣៥ឆ្នាំឡើងទៅ។ ជាពិសេស មនុស្សស្រីដែលមានផ្ទៃពោះនៅវ័យ ៤៥ឆ្នាំ អត្រារលូតកើនឡើងរហូតដល់ ៥០ភាគរយឯណោះ។
មូលហេតុដែលបណ្តោលឲ្យមានបញ្ហារលូត គឺភាពមិនប្រក្រតីនៃក្រូម៉ូសូម បញ្ហាស្បូន បញ្ហាក្រពេញទីរ៉ូអ៊ីត ការឆ្លងមេរោគបាក់តេរី និងទម្លាប់រស់នៅប្រចាំថ្ងៃគ្មានផាសុខភាព។ល។
តើក្រោយពេលរលូតកូនម្តងហើយ ពេលណាទើបអាចចង់មួយទៀត?
អ្នកត្រូវរកចាំយ៉ាងហោចណាស់ ៦ខែ ព្រោះក្នុងរយៈពេលនេះអ្នកអាចមានអារម្មណ៍ធូរស្បើយពីទុកសោក ហើយរាងកាយក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការយកកូនម្តងទៀត។ ប៉ុន្តែសម្រាប់ស្ត្រីដែលមានបញ្ហារលូតកូន ដោយសារតែការឆ្លងមេរោគ ត្រូវការពេលវេលាយូរជាងនេះ។
ម្យ៉ាងវិញទៀត ដើម្បីថែរក្សាគភ៌ ឲ្យមានសុខភាពល្អ អ្នកត្រូវ ជៀសវាងទទួលទានគ្រឿងស្រវឹង បារី និងកំណត់ការទទួលទានកាហ្វេត្រឹម ១ពែងក្នុងមួយថ្ងៃបានហើយ។ ក្រៅពីនេះ ស្ត្រីនផ្ទៃពោះត្រូវព្យាយាមធ្វើលំហាត់ប្រាណ ៣ដងក្នុងមួយសប្តាហ៍ រួមទាំងទទួលទានអាហារបំប៉នឲ្យបានច្រើន៕
រួមភេទក្នុងពេលមានផ្ទៃពោះធ្វើឲ្យកូនកើតមិនគ្រប់ខែមែនទេ?
គ្រូពេទ្យជាច្រើនបានណែនាំឲ្យគូស្វាមីភរិយា ចៀសវាងការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះត្រីមាសទី១ ក៏ព្រោះតែអាចកើតមានហានិភ័យនៃការរលូតកូនកម្រិតខ្ពស់។ ទោះជាយ៉ាងណា បន្ទាប់ពីត្រីមាសទី១ ការរួមភេទត្រូវបានកេចាត់ទុកជារឿងធម្មតា ខណៈដែលស្ត្រីមួយចំនួនធុញទ្រាន់នឹងការួមភេទ មួយចំនួនទៀតមិនសូវមានទំនុកចិត្តចំពោះសុវត្ថិភាព ហើយមួយចំនួនផ្សេងទៀតមានអារម្មណ៍ចង់រួមភេទ ដោយសារតែកម្រិតអ័រម៉ូនឡើងខ្ពស់។
ទោះជាយ៉ាងណានៅមានជំនឿមួយទៀត ដែលធ្វើឲ្យគូស្នេហ៍ជាច្រើនមានការស្ទាក់ស្ទើរក្នុងការរួមភេទអំឡុងពេលនេះ។ ជំនឿមួយនោះ គឺការរួមភេទក្នុងអំឡុងពេលត្រីមាសទី៣ អាចនាំឲ្យកូនកើតមិនគ្រប់ខែ។
ប៉ុន្តែមានការសិក្សាជាច្រើនមិនបានគាំទ្រដល់ការយល់ឃើញបែបនេះឡើយ ព្រោះហានិភ័យនៃកូនកើតមកមិនគ្រប់ខែអាចប្រែប្រួលពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ផ្សេងទៀត អាស្រ័យទៅលើកត្តាមួយចំនួនរាប់បញ្ចូលទាំង ធ្លាប់មានកូនកើតមិនគ្រប់ខែ ការមានកូនច្រើនដង និងមាត់ស្បូនអសមត្ថភាព។ ដូច្នេះ ស្ត្រីដែលធ្លាប់មានប្រវត្តិបែបនេះ គ្រូពេទ្យបានណែនាំមិនឲ្យរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះឡើយ៕