កុមារដែលស្ថិតនៅក្នុងវ័យលូតលាស់ ពិតជាត្រូវការសារធាតុចិញ្ចឹម ចាំបាច់បំផុត ដើម្បីជួយរីកធំធាត់ ជួយឲ្យឆ្អឹងរឹងមាំ និងជៀសផុតពីជំងឺផ្សេង។ ប៉ុន្តែ តើឪពុកម្តាយគ្រប់រូបដឹងទេថា សារធាតុចិញ្ចឹមអ្វីខ្លះទៅ ដែលត្រូវផ្តល់ឲ្យកូន? ខាងក្រោមនេះ គឺជាចម្លើយដែលអ្នកចង់ដឹង។
ជាតិដែក
អ្នកគួរតែផ្តល់បន្លែពណ៌បៃតង និងសាច់ក្រហម ដល់កុមារជាប្រចាំ ដើម្បីជួយជំរុញឲ្យកុមារឆាប់ធំ និងមានសុខភាពល្អ។ ផ្ទុយទៅវិញ ប្រសិនបើខ្វះជាតិដែកនៅក្នុងរាងកាយ កុមារអាចជួយបញ្ហាស្លេកស្លាំង ហើយអាចប្រឈមនឹងជំងឺផ្សេង។
ជាតិកាល់ស្យូម
កាល់ស្យូម គឺជាសារធាតុរ៉ែដ៏មានសារៈសំខាន់ខ្លាំងបំផុតសម្រាប់កុមារ ព្រោះវាជាអ្នកអភិវឌ្ឍធ្មេញ និងឆ្អឹងឲ្យកាន់តែរឹងមាំ។ សារធាតុនេះ មាននៅក្នុងបន្លែបៃតង ទឹកដោះគោ និងត្រីសាម៉ុន ជាដើម។
វីតាមីន D
រាងកាយកុមារត្រូវការវីតាមីន D ចាំបាច់បំផុត ដើម្បីស្រូបយកជាតិកាល់ស្យូម ហើយសូម្បីតែឆ្អឹងរឹងមាំ ក៏ត្រូវពឹងផ្អែកទៅលើវីតាមីន D ដែរ។ វីតាមីនប្រភេទនេះ មាននៅក្នុងត្រីសាម៉ុន ត្រីឡៃកា និងស៊ុត។
វីតាមីន B12
កុមារដែលមានអាយុប៉ុន្មានឆ្នាំដំបូង ត្រូវការវីតាមីន B12 ជាចាំបាច់ ដើម្បីជួយដល់ការរំលាយអាហារ ហើយវីតាមីនប្រភេទនេះ មាននៅក្នុងស៊ុត និងសាច់មាន់ជាដើម។
វីតាមីន E
វីតាមីន E មានសមត្ថភាពបំផុតក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារកុមារពីជំងឺនានា ជាពិសេសវាអាចជួយឲ្យឈាមរបស់កុមារមានសុខភាពល្អ។ ដូច្នេះ អ្នកគួរតែផ្តល់ផ្លែគីវី គ្រាប់ផ្តាឈូករ័ត្ន ប៉េងប៉ោះ ស្វាយទុំ គ្រាប់អល់ម៉ុន ផ្លែប៊ឺរ និងស្លឹកស្ពៃ ដល់កុមារឲ្យបានគ្រប់គ្រាន់៕