មិនមែនទារកទើបនឹងកើតមកភ្លាមត្រូវឲ្យទទួលទានអាហារភ្លាមនោះទេ មានន័យថា ទារកដែលអាយុ ៦ឡើងទៅទើបអាចទួលអាហារបំប៉នបន្ថែមបាន។ ក៏ប៉ុន្តែក្នុងចន្លោះទារកមានអាយុចាប់ពី ៦ទៅ ១២ខែ ពួកគេត្រូវការអាហារសម្បូរសារធាតុចិញ្ចឹមជាចាំបាច់ ដើម្បីលូតលាស់ និងពង្រឹងដល់ការអភិវឌ្ឍប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ។
ដូច្នេះ អ្នកម្តាយគួរតែផ្តល់អាហារមួយចំនួននេះ ឲ្យទារកទទួលទានរាល់ថ្ងៃ៖
ស៊ុត៖ស៊ុត មិនត្រឹមតែជាអាហារដ៏ល្អសម្រាប់មនុស្សធំនោះទេ វាក៏មានប្រយោជន៍ខ្លាំងសម្រាប់ទារកផងដែរ។ អ្នកត្រូវផ្តល់ស៊ុតស្ងោរឲ្យទារកមួយសប្តាហ៍ ៣ដង ប៉ុន្តែក្នុងមួយពេលត្រឹមតែមួយចំហៀងបានហើយ ព្រោះស៊ុតសម្បូរទៅដោយប្រូតេអ៊ីន ដែលអាចជួយឲ្យឆ្អឹងរឹងមាំ និងពង្រឹងដល់សរសៃប្រសាទផងដែរ។
ផ្ទី៖បន្លែផ្ទី ជាប្រភពនៃជាតិដែក ដែលមានសារៈសំខាន់បំផុតក្នុងការកសាងកោសិកាឈាមក្រហមចំពោះទារក ដែលកំពុងតែលូតលាស់។ ដូច្នេះ អ្នកម្តាយគួរតែឧស្សាហ៍បន្ថែមបន្លែបៃតង មួយនេះឲ្យកូនជាប្រចាំ។
ម្សៅស្រូវសាលី៖អាហារពេលព្រឹកដ៏ល្អបំផុត សម្រាប់ទារកក្រោមអាយុ ១២ខែ គឺស្រូវសាលីនេះហើយ ព្រោះវាមាផ្ទុកសាធាតុកាបូនអ៊ីដ្រាត ដែលរាងកាយទារកត្រូវការចាំបាច់។
ផ្លែប៉ោម៖ផ្លែឈើមួយប្រភេទនេះ មានផ្ទុកសារធតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយរក្សាស្បែក និងប្រព័ន្ធភាពស៊ាំទារកឲ្យមានសុខភាពល្អ។ ហេតុនេះ អ្នកគួរតែកិនផ្លែប៉ោម ធ្វើបន្ថែមនៅក្នុងរបបអាហារប្រចាំថ្ងៃសម្រាប់ទារក។
ខ្ទឹមបារាំង៖អ្នកអាចបន្ថែមខ្ទឹមបារាំង តិចតួចទៅក្នុងរបបអាហារទារកជាប្រចាំ ព្រោះវាអាចជួយការពាររាងកាយទារក ទប់ទល់ជាមួយនឹងការឆ្លងមេរោគមួយចំនួនបាន៕