ថ្វីបើទូរសព្វស្មាតហ្វូន បានបំរើអត្ថប្រយោជន៍ច្រើនយ៉ាងសម្រាប់មនុស្សនាពេលបច្ចុប្បន្ននេះក៏ពិតមែន ក៏ប៉ុន្តែការប្រើប្រាស់មិនបានត្រឹមត្រូវអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព ជាពិសេស ក្មេងៗតែម្តង។
ចំពោះក្មេងដែលសម្លឹងមើលអេក្រង់ទូរសព្ទយូរពេក អាចបង្កឲ្យមានបញ្ហាភ្នែកឡើងបាយ មិញ៉ូប ហើយបើធ្ងន់ធ្ងរអាចខ្វាក់។ នៅក្នុងមួយរយៈពេលចុងក្រោយនេះ អត្រានៃក្មេងដែលលេងទូរសព្ទដៃ ចេះតែមានការកើនឡើងច្រើនឡើង។ ជាពិសេស នៅដែលពួកគេយំ ឬរពិសខ្លាំង ឪពុកម្តាយជំនួសដោយការលួងលោងតាមរយៈ ការឲ្យលេងទូរសព្ទ។
ទោះជាយ៉ាងណា រលកវិទ្យុសកម្មដែលសាយភាពចេញពីទូរសព្ទដៃ អាចគ្រោះថ្នាក់ដល់ខួរក្បាលកុមារ ចំណែកឯពន្លឺរបស់វាអាចធ្វើឲ្យកុមារកើតជំងឺភ្នែក ប្រសិនបើមើលយូរៗពេក។
អ្នកជំនាញបានផ្តល់អនុសាសន៍ថា មនុស្សដែលអាចមានអាយុចាប់ពី ២០ឆ្នាំឡើងទៅ អត្រានៃគ្រោះថ្នាក់ដោយសារតែទូរសព្ទមានការថយចុះ។
ទោះជាយ៉ាងណា ប្រិនបើមិនអាចជៀសវាងបានទេ អ្នកអាចបង្រៀនកូនៗ ឲ្យប្រើទូរសព្ទនៅឲ្យឆ្ងាយពីភ្នែក ៤០សង់ទីម៉ែត្រ ហើយត្រូវលេងកន្លែងដែលមានពន្លឺគ្រប់គ្រាន់។ ជាពិសេសក្នុងមួយថ្ងៃ អនុញ្ញាឲ្យពួកគេលេងត្រឹមតែ ២០ ទៅ៣០នាទី បានហើយ៕
ខុសហើយបើចិញ្ចឹមកូនតាម 6វិធីខាងក្រោមនេះ
ឪពុកម្តាយ និងអាណាព្យាបាលជាច្រើននាក់អាចនឹងនៅមិនទាន់ដឹងខ្លួន ឬសង្កេតឃើញថាទង្វើ ឬរឿងដែលអ្នកអប់រំបង្រៀនដល់កូននោះ ក្លាយជាការធ្វើបាបគេទាំងដោយត្រង់ និងទាំងប្រយោលបែបយល់មិនដល់ទៅវិញ ដូច្នេះយើងនាំគ្នាមកមើលថា តើមានទង្វើណាខ្លះដែលអ្នកមិនគួរនាំយកទៅបង្រៀន ឬប្រើជាមួយកូនរបស់អ្នក?
1.កុំយកក្តីស្រមៃកាលពីនៅក្មេងរបស់អ្នកមកដាក់ធ្វើជាគោលដៅឱ្យកូនដើរតាម
គ្រប់គ្នាមានក្តីស្រមៃដែលអាចនឹងដូច និងមិនដូចគ្នា កូនរបស់អ្នកក៏អីុចឹងដែរ គេអាចនឹងមានក្តីស្រមៃ និងការនឹកគិតរបស់គេ ការនាំក្តីស្រមៃរបស់អ្នកមកធ្វើជាគោលដៅឱ្យកូនធ្វើតាមនោះជារឿងមួយដែលខុស ធ្វើឱ្យកូនមានអារម្មណ៍ទើសទាល់ និងអាចនឹងធ្វើឱ្យគេត្រូវទ្រាំធ្វើនូវអ្វីដែលគេមិនចូលចិត្តនោះអស់មួយជីវិត។
2.ប្រៀបធៀបកូនជាមួយក្មេងដទៃជាប្រចាំ
ការប្រៀបធៀបកូនខ្លួនឯងជាមួយក្មេងដទៃគ្រប់ពេលវេលា មិនថាក្នុងផ្នែកណាក៏ដោយ នឹងធ្វើឱ្យគេមានអារម្មណ៍ថារងសម្ពាធ មានអារម្មណ៍ថាខ្លួនឯងមានចំណុចអន់ មានអារម្មណ៍ថាឪពុក-ម្តាយមិនស្រឡាញ់គេ តែទៅស្រឡាញ់អ្នកដទៃខ្លាំងជាង ធ្វើឱ្យគេមានអារម្មណ៍ទន់ជ្រាយ និងសម្តែងអាការចេញមកក្នុងបែបតតាំង។
3.រៀនគួរពិសេសច្រើនហួសពេក
ត្រឹមត្រូវហើយការរៀនគួរពិសេស ឬការរៀនជំនាញពិសេស ជារឿងដែលល្អ តែត្រូវសួរពីការស្ម័គ្រចិត្តអំពីកូនជាមុនសិន មិនមែនឱ្យគេគិតតែពីរៀនរហូតគ្មានពេលសម្រាក ឬធ្វើអ្វីផ្សេងនោះឡើយ។ ចូរកុំលួចពេលវេលាក្នុងជីវិតរបស់កូនទៅ ដោយកូនមិនយល់ព្រមឱ្យសោះ។
4.ការពារកូនជ្រុលពេក ប្រៀបដូចកែវក្នុងកញ្ច្រែងថ្ម
ការថែរក្សាការពារកូនជារឿងដែលឪពុកម្តាយគួរតែធ្វើ តែត្រូវការពារគេបែបផ្លូវកណ្តាល រឿងខ្លះត្រូវតែបណ្តោយឱ្យគេរៀនយល់ដឹងដោយខ្លួនឯង ឱ្យគេស្គាល់ចាញ់ និងឈ្នះ និងចេះកែខៃបញ្ហាដោយខ្លួនឯងមុននឹងស្រែកសុំការជួយពីអ្នកដទៃ។ អ្នកមិនអាចការពារកូនបានគ្រប់ពេលវេលា រហូតដល់ចុងបញ្ចប់នៃជីវិតរបស់គេបានឡើយ ដូច្នេះរឿងដែលល្អបំផុតគឺ ឱ្យគេចេះថែរក្សា ការពារខ្លួនឯងពីសង្គមដែលសាហាវឃោរឃៅនេះឱ្យបានដោយខ្លួនឯង។
5.មើលឃើញអ្វីដែលកូនស្រឡាញ់ អ្វីដែលកូនចូលចិត្តថា ជារឿងឥតប្រយោជន៍
ចំណង់ចំណូលចិត្ត និងភាពជំនាញថ្នឹករបស់មនុស្សយើងមិនដូចគ្នាទេ កូនរបស់អ្នកក៏អីុចឹងដែរ ការដែលគេមានភាពជំនាញថ្នឹក ឬចូលចិត្តធ្វើរឿងអ្វីមួយជាពិសេសនោះ អ្នកគួរតែបណ្តោយឱ្យគេរៀនយល់ដឹង និងធ្វើនូវរឿងនោះ តែបើស្ថិតនៅក្នុងវ័យរៀន ឬអំឡុងពេលដែលមិនសមរម្យក៏អាចនឹងប្រាប់គេ ឬអធិប្បាយពន្យល់គេដោយហេតុផល មិនមែនហាមប្រាមដាច់ខាត ឬមើលងាយ-មើលថោកលើអ្វីដែលកូនគិតភ្លាមៗនោះទេ។
6.ឱ្យដៃកូន
កូនអ្នកចេះធ្វើត្រូវបាន ក៏ច្បាស់ជាចេះធ្វើខុសបានដូចគ្នា អ្នកមានតួនាទីចង្អុលណែនាំបង្ហាញឱ្យគេបានរស់នៅក្នុងជីវិតដែលត្រឹមត្រូវតាមគន្លងធម៌។ ការឱ្យដៃកូន ឬពន្យុះកូនឱ្យធ្វើនូវអ្វីដែលមិនត្រឹមត្រូវ ឬកាន់ជើងកូនក្នុងរឿងដែលមិនសមរម្យជំនួសឱ្យការបង្ហាត់បង្រៀន ឬដាស់តឿននឹងធ្វើឱ្យគេបានចិត្ត និងមិនខ្លាចក្រែង ឬលែងចេះកោតគោរពអ្នកណាជាដើម។
6 ចំណុចខាងលើដែលបានរៀបរាប់មកនេះលោកឪពុកអ្នកម្តាយសម័យថ្មីគួរតែចៀសវាង និងមិនគួរមើលរំលងឡើយ ដើម្បីជីវិត និងអនាគតដ៍ល្អរបស់កូនៗនាពេលអនាគត៕