ការមិន​ចេញ​ទឹកដោះ​នៅ​ថ្ងៃ​ដំបូង​នៃ​កំណើត​កូន តើ​អ្នក​ម្តាយ​គួរ​បារ​ម្មណ៍​ឬទេ?

0
1

ចាប់ពី​ថ្ងៃ​ដំបូង​អរ​ម៉ូ​ន​មួយចំនួន​ជួយ​ជំរុញ​អោយ​បញ្ចេញ​ទឹកដោះ​ដំបូង (Colostrum)។ Colostrum មាន​ពណ៌​លឿង ថ្លា ផ្ទុក​ទៅដោយ​វីតាមីន​ជាច្រើន និង​ជាតិ​រ៉ែ ព្រមទាំង អង់​ទីករ(Anticorps) ការពារ​កូនលោក​អ្នក​ពី​ការឆ្លង​រោគ ។

 

 

លោកអ្នក​ត្រូវ​ដាក់អោយ​កូនបៅ​ក្នុង​ពីរ​ម៉ោង​ដំបូង​នៃ​កំនើត​កូន។ ទារក​មួយចំនួនធំ​អាច​បឺត​ជញ្ជក់​ដោះ​ម្តាយ​បាន​ដោយ​ខ្លួនឯង ។ ការ​បឺត​ជញ្ជក់​ដោះ​ម្តាយ​ជំរុញ​អោយ​ក្រពេញ​ដោះ​ឆាប់​បញ្ចេញ​ទឹកដោះ។ ទោះជា​ពេលនេះ​ទារក​ខ្លះ​មិនទាន់​ចេះ​បៅ​ក៏ដោយ លោកអ្នក​គួរ​ព្យាយាម​ដាក់​ទារក​លើ​ទ្រូង​ម្តាយ​ដោយ​ស្បែក​ប៉ះ​ស្បែក​រួច​សាកល្បង​អោយ​ជញ្ជក់​ម្តងទៀត។មិនត្រូវ​កំណត់​ម៉ោង​បំបៅកូន​ទេ។ការដាក់អោយ​កូនបៅ​ត្រូវធ្វើឡើង​នៅពេល​កូន​ភ្ញាក់​ពី​ដំណេក​ត្រឹមត្រូវ ( ភ្នែក​របស់​កូន​បើក​ហើយ​មាន​ចលនា ដៃជើង​កំរើក) ។

ក) សញ្ញា​ដែល​បញ្ជាក់ថា​កូន​ឃ្លាន៖

– ប្រែប្រួល​ការដកដង្ហើម ធ្វើ​ចលនា​ភ្នែក មាត់ និង​មុខ

– កម្រើក​ដៃជើង ជញ្ជក់​ដៃ

– ជញ្ជក់មាត់ និង​លាន​អណ្តាត

លោកអ្នក​ពុំគួរ​ណា​ទុក​កូន​ឲ្យ​ឃ្លាន​ខ្លាំង​ដល់​ខឹង ជាហេតុ​នាំអោយ​ពិបាក​ក្នុងការ​បំបៅ​ឡើយ។

 

 

ខ) ការ​បំបៅកូន​ដោយ​ត្រឹមត្រូវ​គឺ៖

១. មាត់​កូន​ហា​ធំ ថ្ពាល់​កូន​ប៉ោង

២. ចង្ការ​កូន​ប៉ះ​ទ្រូង​ម្តាយ

៣. បបូរមាត់​ក្រោម​ពន្លាត់​ចេញ​ក្រៅ

៤. សណ្តង់​ដោះ​ខាងលើ​ឃើញ​ច្រើនជាង​ខាងក្រោម

៥. ដងខ្លួន​កូន​ដាក់អោយ​ត្រង់ ហើយ​ផ្អៀង​មកលើ​ពោះ​ម្តាយ

 

គ) ចំណុច​គួរ​ចងចាំ៖

– ការដាក់​កូនបៅ​កាន់តែ​ច្រើនដង ទឹកដោះ​នឹង​កាន់តែ​ឆាប់​ចេញ

– សូម​លោកអ្នក​កុំ​បារម្ភ​ចំពោះ​ការ​ថយ​ទំងន់​របស់​កូន​នៅ៣ថ្ងៃ​ដំបូង នេះ​មិនមែន​មកពី​ការ​បៅ​មិន​គ្រប់គ្រាន់​នោះទេ យើង​គួរ​ទុកពេល​ឲ្យ​ពួកគាត់​សំរប​ខ្លួន​នឹង​ពិភពលោក​ដែល​គាត់​ទើបនឹង​បាន​ស្គាល់ នោះ​ទំងន់​គាត់​នឹង​ឡើងមក​វិញ​នៅ​ថ្ងៃទី៤ឬ​ទី៥

– ស្ត្រី​គួរ​គប្បី​ដាក់​កូនបៅ​អោយអស់​ដោះ១ចំហៀង ចាំ​ដាក់អោយ​បៅ​មួយ​ចំហៀង​ទៀត

– ក្រោយពេល​បំបៅកូន​ហើយ គួរ​សាកល្បង​ធ្វើ​ឲ្យ​កូន​ភើ​ដោយ​អង្អែលថ្នមៗលើ​ខ្នង​គាត់​ឬ​ឲ្យ​គាត់​អង្គុយ​លើ​ជង្គង់​ដោយ​ដៃ​កាន់​ចង្ការ​កូន ហើយ​ដៃ១ចំហៀង​ទៀត​អង្អែល​ខ្នង​កូន។

 

 

ឃ) ទំហំ​ក្រពះ​កូន៖

– ថ្ងៃទី១ក្រោយ​កើត ក្រពះ​កូន​មាន​ទំហំ​ប្រហែលជា ៥-៧មល ឯ​ម្តាយ​អាចបង្កើត​ទឹកដោះ​ដំបូង​បាន​ប្រហែល​ពី ១០-១០០មល

– ថ្ងៃទី២ ក្រពះ​កូន​មាន​ទំហំ​ប្រហែលជា ១០-១៣មល ឯ​ទឹកដោះ​ដំបូង​បាន​ប្រហែល ១០-១០០មល

– ថ្ងៃទី៣ ក្រពះ​កូន​មាន​ទំហំ​ប្រហែល ២២-២៧មល ឯ​ទឹកដោះ​ម្តាយ​មាន​ប្រហែល ២០០មល

– ថ្ងៃទី៤ ក្រពះ​កូន​មាន​ទំហំ​ប្រហែល ៣៦-៤៦មល ឯ​ទឹកដោះ​ម្តាយ​មាន​ប្រហែល ៤០០មល

– ថ្ងៃទី៥ ក្រពះ​កូន​មាន​ទំហំ​ប្រហែល ៤៧-៥៧មល ឯ​ទឹកដោះ​ម្តាយ​មាន​ប្រហែល ៦០០មល

«ទឹកដោះ​ម្តាយ​មាន​អត្ថប្រយោជន៍​ដ៏​វិសេសវិសាល​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​សុខភាព និង​ការលូតលាស់​របស់​ទារ​ក ដែល​គ្មាន​ទឹកដោះ​ម្សៅ​ណា​អាច​ប្រៀប​នឹង​ទឹកដោះ​ម្តាយ​បានទេ។ ដូចនេះ​មាតា​គ្រប់រូប​គប្បី​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​បន្ទាប់ពី​សម្រាល​បុត្រ​ធីតា​របស់​អ្នក»

 

ប្រភព៖calmette hospital

LEAVE A REPLY

Please enter your comment!
Please enter your name here