តើអ្នកមានធ្លាប់ឆ្ងល់ទេ មេជីវិតឈ្មោលរបស់បុរស អាចរស់នៅបានប៉ុន្មានថ្ងៃបន្ទាប់ពីបញ្ចេញពីពងស្វាស? ធម្មតាមេជីវិតឈ្មោលរបស់បុរសនឹងស្លាប់ភ្លាមៗក្រោយពេលបញ្ចេញមកក្រៅត្រូវខ្យល់ចំនួន ២ទៅ៣នាទី មានតែករណីកម្រ ឬលក្ខខណ្ឌអំណោយផលទេ ដែលវាអាចរស់នៅបានយូរជាងនេះ។
ពេលដែលមនុស្សប្រុសបញ្ចេញមេជីវិតឈ្មោលម្តងៗ មានកោសិការាប់លាន ដណ្តើមគ្នាក្នុងការបង្កកំណើត ប៉ុន្តែមិនមែនកោសិកាទាំងនោះអាចមានឱកាសបង្កកំណើតទាំងអស់នោះទេ គឺមានតែកោសិកាដែលទៅជួបជាមួយនឹងស៊ុតមុនគេតែមួយប៉ុណ្ណោះ។ ទោះជាយ៉ាងណាករណីខ្លះ អាចមានច្រើនជាងមួយ ដែលយើងគ្រប់គ្នាហៅថាកូនភ្លោះ។
ងាយមករកសមត្ថភាពរបស់មេជីវិតឈ្មោលវិញ តើអាចរស់នៅបានរយៈពេលប៉ុន្មានថ្ងៃ? បើយោងតាមអ្នកជំនាញបានបង្ហាញថា ប្រសិនបើមេជីវិតឈ្មោលអាចចូលទៅដល់ស្បូនរបស់មនុស្សស្រី គឺអាចរស់នៅបានរហូតដល់រយៈពេល ៧ថ្ងៃ។ ដូច្នេះប្រសិនបើមនុស្សស្រីបញ្ចេញអូវុលក្នុងអំឡុងពេលនេះ ឱកាសនៃការបង្កកំណើតនឹងកើតមានឡើង។
ផ្ទុយទៅវិញ ប្រសិនបើមេជីវិតឈ្មោល មិនអាចចូលទៅដល់ស្បូនទេ មិនយូរប៉ុន្មានមេជីវិតឈ្មោលនឹងស្លាប់ ដោយសារតែទឹកអាស៊ីតនៅក្នុងទ្វារមាស។ ប៉ុន្តែ បើមេជីវិតឈ្មោលខ្លាំង អាចរស់នៅបាន ៣ថ្ងៃ។
ដូច្នេះសម្រាប់អ្នកដែលមិនទាន់មានគំរោងចង់បានកូនគួរតែប្រុងប្រយ័ត្ន ប្រសិនបើរួមដំណេកដោយមិនបានការពារទុកជាមុន៕
ការវិវឌ្ឍន៍របស់ទារកនៅក្នុងគភ៌ ចាប់ពីខែដំបូង រហូតដល់ខែទី៩
៩ខែពេញ ដែលអ្នកម្តាយមានគភ៌ និងកូនតូចជាផ្នែកមួយនៃគ្នាទៅវិញទៅមក យើងនាំគ្នាមកមើលពីការចំរើនធំធាត់ និងការវិវឌ្ឍន៍ដ៏អស្ចារ្យរបស់ទារកនៅក្នុងគភ៌ដូចតទៅ ៖
០១) មានគភ៌ខែទី១៖ ចាប់ផ្តើមកកំណើត
ខែដំបូងនៅក្នុងគភ៌ម្តាយ កូនគ្រាន់តែជា តួកំណើតតូចមួយ មើលទៅដូចជាកូនបង្គាតូចមួយច្រើនជាងរូបទារក មានប្រវែងត្រឹមតែ ៤មិល្លីម៉ែត្រមានតែក្បាល ចំណែកដងខ្លួនមានលក្ខណ:ស្រដៀងកូនក្អុក ដែលក្រោយមកនឹងក្លាយទៅជាឆ្អឹងកងខ្នង តែក្នុងអំឡុងពេលនេះ កូនចាប់ផ្តើមកកើតអវយវ:សំខាន់ៗហើយ រួមទាំងបេះដូងផង…ជាសញ្ញាបញ្ជាក់ពីការចាប់កំណើតនៃជីវិតមួយនៅលើផែនដីនេះហើយ ។
០២) គភ៌ខែទី២៖ ទារកនៅក្នុងគភ៌ចាប់ផ្តើមកំរើក
កូនធំធាត់ជាងពីខែដំបូង ឆ្អឹងមុខនីមួយៗចាប់ផ្តើមលេចចេញជារូបរាង ចំណុចខ្មៅៗដែលមើលឃើញនៅចំកណ្តាល គឺប្រស្រីភ្នែករបស់កូនចំណែកឯផ្ទៃមុខចាប់ផ្តើមមើលឃើញជារាងរៅរបស់ច្រមុះ បបូរមាត់ និងត្រចៀក ។ កូនចាប់ផ្តើមមានអវយវ:សំខាន់ៗគ្រប់អស់ហើយ ដៃជើងចាប់ផ្តើមដុះ ហើយដោយសារទំហំដែលតូចល្អិត អ្នកម្តាយអាចនៅមិនទាន់មានអារម្មណ៍ដឹងថា កូនរើឡើយ តែការពិតវិញ កូនកំរើកខ្លួនបានហើយ និងបេះដូងរបស់កូនចាប់ផ្តើមលោតហើយ ។
០៣) គភ៌ខែទី៣៖ ពីតួកំណើត ក្លាយជាទារកនៅក្នុងគភ៌
ពីតួកំណើតដ៏តូចល្អិត កូនក្លាយមកជាទារកនៅក្នុងគភ៌ដែលកាន់តែដូចមនុស្សខ្លាំងឡើង មានអវយវ:គ្រប់៣២ មុខហើយតែនៅមិនទាន់ពេញរូបរាងនៅឡើយ និងចាប់ផ្តើមតបស្នងនឹងអ្វីដែលជំរុញពីខាងក្រៅបានហើយ ដូចជា បើមានអ្វីមកប៉ះពោះម្តាយនឹងងាកខ្លួនគេច ជាដើម ។ ផ្ទៃមុខចាប់ផ្តើមឃើញកាន់តែច្បាស់ឡើង រហូតអាចមើលឃើញថា មានចង្កា ថ្ងាស់លាតធំឡើង ក្បាលនិង កបញ្ឈរឡើងត្រង់ ច្រមុះចាប់ផ្តើមមានក្តោងរហូតមើលឃើញបានយ៉ាងច្បាស់ ត្របកភ្នែកមានរូបរាងច្បាស់លាស់ ហើយកូនថែមទាំង ចាប់ផ្តើមជញ្ជក់មាត់ ពេលខ្លះបូញមាត់បានទៀតផង ។
០៤) គភ៌ខែទី៤៖ មុខមាត់ដូចនរណាគេហ្ន៎?
ទារកនឹងរីកធំធាត់លំអិតតាមផ្នែកផ្សេងៗ រហូតស្រដៀងឪពុកម្តាយ ថែមទាំងចេះសម្តែងទឹកមុខបានទៀតផង ។ កូនចាប់ផ្តើមដុះចិញ្ចើម និងរោមភ្នែក សរសៃសក់ចាប់ផ្តើមដុះច្រើន និងមានពណ៌ ប្រព័ន្ធប្រសាទក៏វិវឌ្ឍច្រើនឡើងដែរ។ កូនតូចចាប់ផ្តើមស្តាប់ ឮសំឡេងខាងក្នុងពោះម្តាយ ទាំងសំឡេងបេះដូងរបស់ម្តាយ និងសំឡេងគ្រូកគ្រាក់ ឬក្រចៗនៃប្រព័ន្ធរំលាយអាហាររបស់ម្តាយខណ:ពេលជាមួយគ្នា ភ្នែកក៏ចាប់ផ្តើមដឹងពីពន្លឺ អវយវ:ខាងក្រៅនឹងបញ្ជាក់ពីភេទបានកាន់តែច្បាស់ឡើង ធ្វើឲ្យដឹងច្បាស់ហើយថាពេលនេះកូនជា កូនប្រុស ឬកូនស្រីនោះ ។
០៥) គភ៌ខែទី៥៖ កូនចាប់ផ្តើមស្តាប់ ឮសំឡេង
កូនចេះប៉ះម្តាយហើយ ព្រោះប្រព័ន្ធប្រសាទវិវឌ្ឍឡើងយ៉ាងល្អ រហូតអាចគ្រប់គ្រងការធ្វើការងាររបស់សាច់ដុំ រហ័សនឹងការប៉ះពាល់ និងរំកឹលខ្លួនគេចកាន់តែច្រើនឡើងពេលមានអ្វីមកប៉ះពោះម្តាយ។ ធ្មេញទឹកដោះចាប់ផ្តើម-កខ្លួនឡើងនៅក្នុងអញ្ចាញ តាមដងខ្លួនមានដុះរោមខ្ចីៗ (រោមត្រឡាច) ។ បើចង់អ្នកម្តាយចង់និយាយជាមួយកូន ឬច្រៀងឲ្យកូនស្តាប់នោះ អំឡុងពេលនេះសក្តិសមល្អជាទីបំផុតព្រោះកូនចាប់ផ្តើមបាន ឮសំឡេងពីខាងក្រៅ និងតបស្នងបានហើយ ។
០៦) គភ៌ខែទី៦៖ រូបភាពដំបូងនៅក្នុងពោះម្តាយ
រូបរាងមុខមាត់របស់កូនពេលនេះរាងដូចជាពេញបរិបូរណ៍ប្រហាក់ប្រហែលនឹងពេលជិតកើតហើយ ឯខួរក្បាលក៏វិវឌ្ឍឡើងរហូតចាប់ផ្តើមចេះចងចាំ និងរៀនយល់ដឹងអ្វីផ្សេងៗបានហើយ ព្រោះកោសិកាខួរក្បាលផ្នែកដែលមាននាទីក្នុងការដឹងចាប់ផ្តើមធ្វើការហើយ ។ ការរើរបស់កូនក្នុងអំឡុងពេលនេះក៏កើតឡើងយ៉ាងមានចេតនាច្រើនឡើងដែរ ដូចជា នៅពេលមានអារម្មណ៍ខឹង ឬមានតំរូវការអ្វីមួយជាដើម ។ ប្រព័ន្ធប្រសាទខាងការឮក៏វិវឌ្ឍឡើងច្រើនរហូតចាំសំឡេងរបស់ឪពុកម្តាយបានដែរ ។
០៧) គភ៌ខែទី៧៖ ទារកចាប់ផ្តើមចេះបញ្ចេញអារម្មណ៍
កូននៅក្នុងផ្ទៃចាប់ផ្តើមបង្ហាញពីតំរូវការ និងអារម្មណ៍ឆ្លើយតបនឹងម្តាយបានហើយ ដូចជា បើម្តាយញ៉ាំបាយខុសពេលវេលា ឬឮសូរសំឡេងខ្លាំងៗជុំវិញខ្លួនច្រើនពេកនោះ គេនឹងធាក់ ហើយរើខ្លាំងដើម្បីតវ៉ាម្តាយ ។ កូនចាប់ផ្តើមចេះព្រិចភ្នែក និងមើលឃើញហើយ តែបានត្រឹមតែចម្ងាយ ២០-២៥សង្ទីម៉ែត្រប៉ុណ្ណោះ ស្មើនឹងពេលកើតមកភ្លាមៗដែរ ។ អំឡុងពេលនេះ កូនចាប់ផ្តើមចេះនោមហើយដោយនោមនៅក្នុងទឹកភ្លោះហ្នឹងឯង ។
០៨) គភ៌ខែទី៨៖ ទារកចាប់ផ្តើមត្រឡប់ខ្លួន
មិនយូរប៉ុន្មានទៀតទេ កូននឹងបើកភ្នែកមើលពិភពលោកហើយ ក្នុងអំឡុងពេលនេះរូបរាងរបស់កូនប៉ុននឹងទារកដែលគ្រប់កំណត់កើតហើយតែនៅត្រូវការពេលវេលាដើម្បីវិវឌ្ឍថែមបន្តិចទៀត។ រយ:ពេលនេះកូននឹងរំកិលខ្លួន សណ្តូកដៃ និងជើងប៉ះនឹងសាច់ស្បែកពោះរបស់អ្នកម្តាយឡើងមើលឃើញស្នាមទល់ឡើងយ៉ាងច្បាស់ ។ ស្បែកកូនចាប់ផ្តើមឡើងពណ៌ផ្កាឈូក សក់ក្បាលចាប់ផ្តើមដុះក្រាស់ឡើង ព្រិចភ្នែកកាន់តែញាប់ឡើង និងដល់ពេលត្រឡប់ក្បាលចុះទៅរកមាត់ស្បូនហើយ ។
០៩) គភ៌ខែទី៩៖ ទារកត្រៀមខ្លួនចេញមកពិភពខាងក្រៅ
កូនមានរូបរាងកាយពេញបរិរបូរណ៍ហើយ អវយេ:ផ្សេងៗត្រៀមខ្លួននឹងធ្វើការក្រោយពេលប្រសូតរួចជាស្រេច កូននឹងជំរុះរោមខ្ចីៗនៅតាមរាងកាយចេញស្ទើរតែអស់ នៅសល់តែម្តុំស្មា ដៃ ជើង និងស្នាមផ្នត់តាមដងខ្លួនប៉ុណ្ណោះ ។ ខែចុងក្រោយនៅក្នុងពិភពដ៏តូចមួយនេះ កូនមានមាឌធាត់មូលក្នុងឥរិយាបថចំកោងខ្លួននៅក្នុងស្បូន ក្បាលត្រឡប់ចុះក្រោមតំរង់មាត់ស្បូន ដើម្បីត្រៀមខ្លួនចេញមកពិភពខាងក្រៅហើយ៕