អ្នកជំនាញការបានចង្អុលបង្ហាញថា ហ្វូលិក អាស៊ីត ឬ ហ្វូលែត (Folic acide or Folate = គឺ វីតាមីនក្នុងក្រុមវិតាមីន Bដែលរលាយក្នុងទឹក) ចាំបាច់ចំពោះរាងកាយមនុស្សគ្រប់អំឡុងវ័យ និងបានណែនាំឱ្យទទួលទានផ្លែឈើខ្មែរយើង ទាំងទុរេន ចេកពងមាន់ ខ្នុរ គូលែន -ល- ព្រោះសម្ពូរណ៍ទៅដោយហ្វូលែតច្រើន ដែលជួយការពារភាពពិការនៅលើទារក បង្អាក់សភាវៈអាល់ហ្សៃមើរ៍ តែត្រូវញ៉ាំអាហារឱ្យបានច្រើនយ៉ាង និងស័ក្តិសម មានតុល្យការ។
អ្នកស្រីវេជ្ជបណ្ឌិត Rachhanee សាស្ត្រាចារ្យប្រចាំស្ថាប័នភោជនាហារ និងសុខភាពប្រចាំប្រទេសថៃ បានរៀបរាប់ថា ហ្វូលែតជាសារធាតុអាហារដែលមានភាពសំខាន់ចំពោះមនុស្សគ្រប់ក្រុមអាយុ តាំងពីមុនតាំងគភ៌ អ្នកម្តាយក៏ត្រូវការហ្វូលែតច្រើនដែរព្រោះជាអាហារដែលជួយបញ្ឈប់សភាវៈពិការតាំងពីកំណើតរបស់ទារកបាន ធ្វើឱ្យកោសិកាចាប់កំណើតរបស់ទារកចម្រើនធំធាត់បានយ៉ាងប្រក្រតី កាត់បន្ថយសភាវៈមាត់ឆែប និងឆ្អឹងកងខ្នងមិនបិទជិតបាន ខណៈដែលទារកក៏ត្រូវការហ្វូលែតដើម្បីអភិវឌ្ឍន៍កោសិកាខួរក្បាលដែរ ចំណែកមនុស្សចាស់វិញនឹងជួយកាត់បន្ថយសភាវៈអាល់ហ្សៃមើរ៍(Alzheimer=រោគខួរក្បាលចុះខ្សោយ)បាន ក្រៅពីនេះ ហ្វូលែតនៅជួយបង្ហូរសារធាតុស៊ីរ៉ូថូនីន ដែលជួយគ្រប់គ្រងការគេង ការឃ្លាន ការចង់ និងអាការសោកសៅបានទៀតផង។ ហ្វូលែតដែលមាននៅក្នុងបន្លែស្លឹកបៃតង នឹងត្រូវបំផ្លាញបានយ៉ាងងាយដោយកំដៅ ដូច្នេះទើបការទទួលទានឱ្យបានហ្វូលែតតាមបរិមាណដែលរាងកាយត្រូវការ គឺមួយថ្ងៃ 300 ម៉ៃក្រូក្រាមនោះក្លាយជារឿងពិបាក តែ តាមរយៈការស្រាវជ្រាវវិភាគដើម្បីរកកម្រឹតសារធាតុអាហារនៅក្នុងអាហារប្រភេទនីមួយៗនោះ បានរកឃើញថា ហ្វូលែតក្រៅពីមាននៅក្នុងបន្លែស្លឹកបៃតងហើយនោះ នៅមាននៅក្នុងផ្លែឈើក្នុងតំបន់ផងដែរ ដូចជា ទុរេន ចេកពងមាន់ ខ្នុរ ល្ហុង និងគូលែន -ល- ដែលផ្លែឈើទាំងអស់នេះយើងអាចញ៉ាំបានស្រស់ៗដោយមិនចាំបាច់ឆ្លងកាត់ការចម្អឹនឡើយ ធ្វើឱ្យទទួលបានបរិមាណហ្វូលែតយ៉ាងពេញទំហឹង ដូចជាផ្លែទុរេន គឺជាប្រភពដែលមានហ្វូលែតច្រើនបំផុត អាចញ៉ាំត្រឹមតែ 2 គ្រាប់ ក៏ស្មើនឹង 50% របស់បរិមាណដែលបានណែនាំក្នុងមួយថ្ងៃទៅហើយ។
អ្នកម្តាយមានគភ៌អាចបរិភោគផ្លែទុរេនបាន តែក្នុងបរិមាណដែលស័ក្តិសម និងមានតុល្យភាពជាមួយរាងកាយ និងរឿងដែលសំខាន់នោះគឺ អ្នកម្តាយមានគភ៌គួរញ៉ាំអាហារដែលមានគុណប្រយោជន៍ឱ្យបានសម្បូរណ៍បែប ច្រើនយ៉ាង ច្រើនប្រភេទដើម្បីសុខភាពដ៏ល្អរបស់ទាំងខ្លួនឯង និងកូនក្នុងផ្ទៃ៕
តើផ្លែឈើអ្វីខ្លះដែលស្ត្រីមានផ្ទៃពោះគួរតែទទួលទាន?
ផ្លែឈើគួរតែត្រូវបានរួមបញ្ចូលទៅក្នុងពេលអាហារចម្បងៗរបស់ស្ត្រីមានគភ៌ផងដែរ ព្រោះសារធាតុអាហារសំខាន់ៗដែលមាននៅក្នុងផ្លែឈើ ដូចជា បេតាឃែរ៉ូធីន មានចំណែកសំខាន់ក្នុងការអភិវឌ្ឍសាច់ភ្នាស និងកោសិកាសម្រាប់ប្រព័ន្ធការពារជំងឺរបស់ទារក រួមទៅដល់ការជួយសាងធ្មេញ និងឆ្អឹងឱ្យរឹងមាំ ព្រមទាំងផ្លែឈើដែលសម្បូរទៅដោយអាស៊ីតហ្វូលិក ដែលនឹងជួយការពារអាការខុសប្រក្រតីរបស់ទារកនៅក្នុងគភ៌បានទៀតផង។ តើផ្លែឈើអ្វីខ្លះដែលស្ត្រីមានគភ៌គួរតែទទួលទាន សូមតាមដានជាបន្ត៖
– ផ្លែ អេព្រីខត់ (Apricot) សម្បូរទៅដោយវីតាមីន A, C, E, បេតាឃែរ៉ូធីន, ហ្វូស្វ័រ, ស៊ិលិខន, កាល់ស្យូម និងប៉ូតាស្យូម មានចំណែកជួយក្នុងការអភិវឌ្ឍសុខភាពរបស់ទារកក្នុងគភ៌និងធាតុដែកដែលជួយការពារជំងឺស្លេកស្លាំងទៀតផង។ ស្ត្រីមានគភ៌គួរទទួលទានផ្លែអេព្រីខត់ 2-4ផ្លែក្នុងមួយថ្ងៃ។
– ផ្លែប៉ោម សម្បូរទៅដោយវីតាមីន A, E, D និងជាតិស័ង្កសី(Zinc) ជួយបង្កើនប្រព័ន្ធការពារជំងឺ និងភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងគភ៌កាត់បន្ថយភាពប្រថុយប្រថានពីការកើតរោគហឺត និងរោគឃ្លង់នៅលើក្មេងបានល្អទៀតផង។
– ផ្លែស្វាយទុំ សម្បូរទៅដោយវីតាមីន C ជួយគ្រប់គ្រងប្រព័ន្ធការរំលាយអាហាររបស់ស្ត្រីមានគភ៌ កាត់បន្ថយអាការទល់លាមក និងសម្រាលអាការឆ្លងមេរោគក្នុងអំឡុងពេលមានគភ៌។
– ផ្លែស្ត្រប៊ើរី សម្បូរទៅដោយវីតាមីន C, A, B1, B2, ហ្វូលេត, ធាតុដែក, ម៉ាញេស្យូម, ហ្វ្លាវ៉ូណយដ៍, ស័ង្កសី និងកាកសរសៃអាហារ ជួយបញ្ចុះសម្ពាធឡើងខ្ពស់របស់ស្ត្រីខណៈមានគភ៌ ការពារអាការខុសប្រក្រតីខាងខួរក្បាលរបស់ទារក។
– ផ្លែចេកទុំ សម្បូរទៅដោយវីតាមីន C, B6,ហ្វូលេត, ប៉ូតាស្យូម និងម៉ាញេស្យូមដែលជួយការពារការប្រសូតមុនកំណត់របស់ទារក និងជួយការពាររោគសរសៃឈាមក្នុងខួរក្បាល និងសភាវជ្រៀតជ្រែកដែលពាក់ព័ន្ធនឹងការតាំងគភ៌ផ្សេង។
ចុងក្រោយគេគឺ ផ្លែក្រូច ជាផ្លែឈើសម្រាប់ស្ត្រីមានគភ៌ ព្រោះសម្បូរទៅដោយវីតាមីន C និងហ្វូលេតដែលជួយបំប៉នឱ្យស្ត្រីមានគភ៌មានទឹកដោះដែលពេញទៅដោយសារធាតុអាហារ និងជួយសាងគ្រាប់ឈាមក្រហម និងជួយការពាររោគផ្សេងៗដែលធ្វើឱ្យទារកពិការតាំងពីកំណើតបានទៀតផង៕