របបអាហារក្នុងពេលមានផ្ទៃពោះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះទារក ព្រោះវាអាចជួយជំរុញដល់ការលូតលាស់ទារក ហើយវាក៏អាចបង្កដល់ផលប៉ះពាល់ទារកវិញផងដែរ ប្រសិនបើអ្នកទទួលទានមិនបានត្រឹមត្រូវ។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា មានអាហារមួយចំនួន ស្ត្រីកំពុងតែបំបៅដោះកូន គួរតែជៀសវាង ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ។
១.ជាតិអាល់កុល
បើទោះបីជាអ្នកទទួលទានគ្រឿងស្រវឹងតិចតួចក៏ដោយ ជាតិអាល់នឹងចូលទៅក្នុងទឹកដោះម្តាយ ហើយអាចបង្កផលប៉ះពាល់ដល់សុខភាព។ ប៉ុន្តែ ប្រសិនបើអ្នកទទួលទានស្រាមួយកែវត្រូវរងចាំ ២ ទៅ៣ម៉ោង ទើបអាចបំបៅដោះកូនបាន ព្រោះក្នុងរយៈពេលនេះរាងកាយអាចបន្សាបជាតិអាល់កុលបានហើយ។
២.ភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេ
កាហ្វេ ឬតែ គឺជាភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន ក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពទារកដែរ។ ដូច្នេះ អ្នកមិនគួរទទួលទានលើសពី ៣កែវក្នុងមួយថ្ងៃឡើយ។
៣.ជៀសឲ្យឆ្ងាយពីអាហារដែលមានផ្ទុកលោហៈធាតុធ្ងន់
គ្រប់ប្រភេទនៃអាហារទាំងអស់ដែលមានផ្ទុកលោហៈធាតុធ្ងន់ អាចបណ្តោលឲ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលទារក ជាពិសេសត្រីឆ្លាម ឬត្រីច្រមុះវែង ជាដើម។
ជាទូទៅ ក្នុងពេលបំបៅដោះ អ្នកម្តាយត្រូវបានគេណែនាំ ឲ្យញ៉ាំអាហារដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីជំរុញដល់ការលូតលាស់ទារក៕