អាការក្តៅខ្លួន គឺជំងឺទូទៅបំផុតសម្រាប់កុមារភាគច្រើន ដោយសារតែរាងកាយពួកគេធ្វើការប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគដូចជា ផ្តាសាយ ឬគ្រុន ទើបកម្តៅកើនឡើងនៅលើរាងកាយ។ ប៉ុន្តែ ប្រសិនបើឪពុកម្តាយគ្រប់រូបចង់ឲ្យកម្តៅក្នុងខ្លួនរបស់កុមារ ថមថយទៅវិញ អ្នកអាចប្រើប្រាស់វិធីងាយៗមួយចំនួន។
ចំណុចទី១ ប្រើកន្សែងសើម
អ្នកអាចត្រាំកន្សែងនៅក្នុងទឹកឲ្យជោគ រួចពូតចេញ ហើយយកមកជូតលើរាងកាយរបស់កុមារ។ ស្របពេលនេះ អ្នកក៏ត្រូវប្រើសកន្សែងជ្រលក់ទឹកមួយទៀត មកបំពោតពីលើថ្ងាស និងទុកប្រហែលជា ៤ទៅ៥នាទី ដើម្បីឲ្យជាតិទឹកស្រូបយកកម្តៅចេញ។
ចំណុចទី២ ផ្តល់ទឹកឲ្យកុមារឲ្យបានគ្រប់គ្រាន់
ការផ្តល់ជាតិទឹក ឬសារធាតុរាវដល់កុមារបានគ្រប់គ្រាន់ ក៏ជាវិធីសាស្ត្រមួយក្នុងការកាត់បន្ថយកម្តៅក្នុងរាងកាយផងដែរ។ អ្នកអាចឲ្យពួកគេញ៉ាំទឹកដោះគោ ឬទឹកត្រជាក់ធម្មតា ទើបអាចជួយផ្តល់សំណើម និងធ្វើឲ្យរាងកាយមានភាពត្រជាក់មកវិញ។
ចំណុចទី៣ ការប្រើប្រាស់កង្ហារ
ខ្យល់របស់កង្ហារក៏អាចជួយឲ្យរាងកាយរប់កុមារ មានភាពត្រជាក់មកវិញដែរ ប៉ុន្តែកុំដាក់កូននៅនឹងមុខកង្ហាររយៈពេលយូរពេក ព្រោះពួកគេអាចប្រែជារងារខ្លាំង។ យកល្អ អ្នកគួរបើកកង្ហារ តិចៗ ហើយឲ្យវាវិលទៅមក។
៤.ចំណុចទី៤ កុំពរកូនដើរលេង
ខណៈនេះ អ្នកមិនត្រូវនាំកូនចេញក្រៅផ្ទះនោះទេ ដោយសារតែវាអាចបង្កើនសីតុណ្ហភាពរាងកាយកាន់តែខ្លាំង។ ដូច្នេះ អ្នកត្រូវរក្សាពួកគេឲ្យនៅក្នុងផ្ទះ គឺជារឿងដ៏ល្អប្រសើរបំផុត។
ទោះជាយ៉ាងណាឪពុកម្តាយត្រូវចាំថា ក្នុងករណីកូនរបស់អ្នកក្តៅខ្លួនមិនព្រមបាត់ ឬកម្តៅចេញតែឡើង គួរនាំពួកគេទៅមន្ទីរពេទ្យភ្លាម៕
ហេតុអីបានក្រោយពេលចាក់វ៉ាក់សាំងហើយ កូនតូចក្តៅខ្លួន?
បើអ្នកម្តាយធ្លាប់នឹកឆ្ងល់នៅក្នុងចិត្តថា តើហេតុអីបានកូនតូចជាទីស្រឡាញ់ក្តៅខ្លួន ក្រោយពេលចាក់វ៉ាក់សាំងហើយនោះខាងក្រោមនេះគឺជាចម្លើយ សូមតាមដានទាំងអស់គ្នា។
– វ៉ាក់សាំងគឺអ្វី?
វ៉ាក់សាំង គឺ ជីវវត្ថុដែលផលិតចេញមកពីមេរោគ ឬពិសរបស់មេរោគដែលត្រូវបានធ្វើឱ្យមិនអាចបង្កជាជំងឺបាន ដោយចាក់ចូលទៅក្នុងរាងកាយមនុស្សដើម្បីជំរុញប្រព័ន្ធការពារជំងឺចំពោះមេរោគ ដែលវាមានផលការពារការកើតជំងឺ ឬធ្វើឱ្យកម្រឹតភាពធ្ងន់ធ្ងររបស់ជំងឺនោះថយចុះ។
– ហើយចុះហេតុអីបានក្រោយពេលចាក់វ៉ាក់សាំងហើយ កូនតូចក្តៅខ្លួន?
នៅពេលវ៉ាក់សាំងចូលទៅក្នុងរាងកាយ ប្រព័ន្ធការពារជំងឺរបស់យើងនឹងបញ្ជូន ” Antibody ” ដែលមានតួនាទីចាត់ការពួកមេរោគ(វ៉ាក់សាំង)ដែលចូលមកខាងក្នុងរាងកាយ ហើយក្នុងអំឡុងពេលដែលប្រព័ន្ធរាងកាយកំពុងចាត់ការជាមួយអ្វីដែលប្លែកនេះឯងដែលវាជាមូលហេតុធ្វើឱ្យកើតអាការក្តៅខ្លួន។ នៅពេល antibody ចាត់ការជាមួយវ៉ាក់សាំងរួចរាល់ហើយ រាងកាយក៏នឹងវឹលត្រឡប់ទៅរកភាពប្រក្រតីវិញ និងបន្ទាប់ពីនោះទៅ បើមានមេរោគដូចគ្នានោះចូលមកទៀត រាងកាយនឹងចាត់ការភ្លាមតែម្តង ព្រោះរាងកាយរបស់យើងស្គាល់មេរោគនោះមុនរួចមកហើយតាមរយៈការចាក់វ៉ាក់សាំងហ្នឹងឯង តែ…តែប្រតិកម្មដែលរាងកាយរបស់កូនតូចម្នាក់ៗមានចំពោះវ៉ាក់សាំងនោះ មានច្រើនតិចមិនដូចគ្នាទេ ៖
– វ៉ាក់សាំងដែលគ្រូពេទ្យប្រាប់ថា “ចាក់ហើយ កូនអាចនឹងក្តៅខ្លួនណា៎” ក៏មិនចាំបាច់ត្រូវតែក្តៅខ្លួនគ្រប់គ្នានោះទេ ព្រោះវ៉ាក់
សាំងតែមួយដូចគ្នានោះ ក្មេងខ្លះក្រោយពីចាក់ហើយ ក្តៅខ្លួន តែក្មេងខ្លះនៅប្រក្រតីធម្មតា។
– “មិនមែនទេ!” ដែលថា វ៉ាក់សាំងគ្រប់ប្រភេទ ពេលចាក់ហើយត្រូវតែក្តៅខ្លួននោះ។
– ក្មេងដែលមានអាការក្តៅខ្លួន មិនបានមានន័យថា កើតប្រតិកម្មចាញ់វ៉ាក់សាំងនោះទេ។
ចុងក្រោយបំផុតដែល យើងចង់ផ្តាំផ្ញើនោះគឺ ប្រហែលជាគ្មានឪពុកម្តាយម្នាក់ណាចង់ឃើញកូនឈឺថ្កាត់ ឬមិនស្រួលខ្លួនសូម្បីតែបន្តិចណាឡើយ ដូច្នេះហើយទើបការសាងប្រព័ន្ធការពារជំងឺដល់រាងកាយតូចមួយរបស់កូនដោយវិធីការចាក់វ៉ាក់សាំងនេះ គឺជាវិធីការមួយដែលល្អបំផុតក្នុងការការពារជំងឺ ជាពិសេសបំផុតនៅលើក្មេងតូចដែលប្រព័ន្ធការពារជំងឺនៅមិនទាន់ល្អឥតខ្ចោះ។
បានដឹងបែបនេះហើយ កុំភ្លេចនាំកូនតូចទៅទទួលយកវ៉ាក់សាំងតាមដែលក្រសួងសុខាភិបាលបានកំណត់ទុកតាមពេលវេលាដែលត្រឹមត្រូវស័ក្តសមផង៕