អ្នកត្រូវដឹងថា ទារកទើបនឹងកើតឆ្អឹងលលាដ៍ក្បាលរបស់ពួកគេមានភាពទន់ខ្សោយណាស់ ដែលត្រូវការថ្នមដើម្បីជៀសផុតពីបញ្ហាផ្សេង។ ជាពិសេសឥរិយាបថក្នុងការគេងរបស់ទារក ដដែលៗអាចបណ្តោលឲ្យក្បាលរបស់ពួកគេត្រូវ សំប៉ែត ឬក្រពឹត ផ្នែកណាមួយ ប្រសិនបើអ្នកម្តាយមិនឧស្សាហ៍ប្រែខ្លួនរបស់ពួកគេ។
ក្នុងករណីដែលអ្នកបណ្តែតបណ្តោលឲ្យទារកគេងតាមអំពើចិត្ត ទម្រង់លលាដ៍ក្បាលរបស់ពួកគេអាចមានការប្រែប្រួលមួយចំនួន។
១.ទារកទម្លាប់គេងបែរឆ្វេង ឬស្តាំ
ក្នុងករណីដែលទារក ទម្លាប់គេងបែរទៅខាងឆ្វេង ឬខាងស្តាំ អាចបណ្តោលឲ្យក្បាលរបស់ពួកគេថត ឬក្រពឹតម្ខាងៗមិនស្មើគ្នាឡើយ។
២.ទារកទម្លាប់គេផ្ងារ
ប្រសិនបើទារកគេងផ្ងារ តម្រងក្បាលរបស់ពួកគេអាចត្រូវសំប៉ែតនៅពេលធំឡើង។
ដូច្នេះ អ្នកម្តាយគ្រប់រូបត្រូវចាំ ប្រសិនបើមិនចង់ឲ្យកូនមានក្បាលសំប៉ែត ឬក្រពិត គួរអនុវត្តដូចខាងក្រោម៖
-នៅពេលទារកគេង ត្រូវឧស្សាហ៍ប្រែទាំងខ្លួន និងក្បាលរបស់ពួកគេម្តងទៅស្តាំ ម្តងទៅឆ្វេង កុំឲ្យឥរយាបទនៅដែលៗយូរពេក។
-ក្នុងករណី ដែលអ្នកសង្កេតឃើញក្បាលរបស់ទារកក្រពឹតខាងឆ្វេង អ្នកគួរតែដាក់ឲ្យទារកដេកមកខាងស្តាំវិញ ។ ផ្ទុយទៅវិញ បើក្បាលរបស់ពួកគេក្រពឹត ខាងស្តាំ អ្នកត្រូវដាក់ឲ្យពួកគេគេងបែរទៅខាងឆ្វឹងវិញ។
-ចំពោះទារកដែលមានក្បាលសំប៉ែត ផ្នែកខាងក្រោយ អ្នកគួរឧស្សាហ៍ផ្លាស់ប្តូរឲ្យពួកគេគេងម្តងផ្អៀងទៅខាងឆ្វេង ម្តងផ្អៀងទៅខាងស្តាំ។
ការធ្វើបែបនេះ អាចជួយឲ្យកូនរបស់អ្នករួចផុតពីបញ្ហាក្រពឹត ឬសំប៉ែតក្បាល ប៉ុន្តែអ្នកម្តាយគួរតាមដាន ឬស្ទាបក្បាលទារកជាប្រចាំ ដើម្បីងាយស្រួលក្នុងការកែប្រែប្រសិនបើមានករណីដូចខាងលើ៕