ការងូតទឹក គឺជាអនាម័យរាងកាយដើម្បីធានាភាពស្អាត និងធ្វើឲ្យកុមារមានសុខភាពល្អ។ តែទោះជាយ៉ាងណាក៏ដោយ មានពេលខ្លះមាតាបិតា មិនគួរងូតទឹកឲ្យកូនឡើយ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់។
បន្ទាប់ពីបរិភោគឆ្អែត
បន្ទាប់ពីបរិភោគអាហារឆ្អែត លំហូរឈាមសំខាន់ៗនឹងរត់ទៅកាន់តំបន់ពោះ ហើយក្រពះក៏ចាប់ផ្តើមដំណើរការរំលាយផងដែរ។ ប្រសិនបើអ្នកងូតទឹកឲ្យកុមារភ្លាមៗ ពួកគេអាចមានអាការវិលមុខ និងប៉ះពាល់ដល់ការរំលាយអាហារ។ បន្ទាប់ពីកុមារបរិភោគអាហាររួច អ្នកម្តាយគួររងចាំប្រហែលជា ១ម៉ោង ទើបងូទឹកឲ្យកូន។
ពេលកុមារមានជំងឺ
ជារឿយៗកុមារតែងមានជំងឺដូចជាផ្តាសាយ គ្រុន និងឈឺពោះ។ ក្នុងអំឡុងពេលកុមារមានជំងឺ អ្នកម្តាយភាគច្រើនចង់ងូតទឹកសម្អាតខ្លួនប្រាណកូនចេញភ្លាម ដើម្បីឲ្យឆាប់ជាពីជំងឺ។ ប៉ុន្តែនេះជាទង្វើខុសឆ្គងទាំងស្រុង ព្រោះរាងកាយកូនមានភាពទន់ខ្សោយ ហើយមុខងារនៃប្រព័ន្ធភាពស៊ាំក៏មានប្រសិទ្ធភាពតិចដែរ។ ប្រសិនបើអ្នកម្តាយងូតទឹកឲ្យកូននៅពេលនេះ ជំងឺនឹងមានអាការកាន់តែធ្ងន់ធ្ងរជាងមុន។
សូមចាំថា ប្រសិនបើចង់ងូតទឹកឲ្យកូនសូមរងចាំឲ្យពួកគេជាសះស្បើយសិន ហើយបើចង់សម្អាតខ្លួនប្រាណកូន គួរប្រើកន្សែងពោះគោជ្រលក់ទឹកក្តៅឧណ្ឌៗមកជូតសម្អាតទើបប្រសើរ។
ពេលកុមារបែកញើស
ម្តាយជាច្រើនតែងប្រញាប់ងូតទឹកឲ្យកូនភ្លាម ពេលឃើញពួកគេប្រលាក់សុទ្ធតែញើសក្រោយត្រលប់មកពីលេងខាងក្រៅផ្ទះវិញ។ ប៉ុន្តែសូមចាំថា ពេលកំពុងតែបែកញើស រន្ធញើសរបស់កុមារនឹងបើកចំហធំៗ ប្រសិនបើអ្នកងូតទឹកឲ្យពួកគេភ្លាម វានឹងបណ្តោលឲ្យមានជំងឺផ្តាសាយ។
ដូច្នេះ អ្នកម្តាយគួររងចាំឲ្យញើសស្ងួតសិន ទើបជាការប្រសើរក្នុងការងូតទឹក៕