អ្នកជំនាញបានធ្វើការសន្និដ្ឋានថា មនុស្សប្រមាណជា ៩ ទៅ ១០ភាគរយនៅទូទាំងពិភពលោក ត្រូវប្រឈមមុខនឹងជំងឺក្រួសក្នុងតម្រងនោម ទៅថ្ងៃអនាគត់ ដោយសារតែទម្លាប់នៃការរស់នៅប្រចាំថ្ងៃ។ ជាពិសេស មនុស្សដែលធ្លាប់កើតជំងឺក្រួសក្នុងតម្រងនោមម្តងហើយ អាចកើតជំងឺនេះម្តងទៀតរហូតដល់ ៥០ភាគរយ។
ខាងក្រោមនេះ គឺជាកត្តា៥យ៉ាង ដែលធ្វើឲ្យអ្នកប្រឈមនឹងជំងឺក្រួសក្នុងតម្រងនោម៖
នោមមិនបានទៀងទាត់
ការនោមមិនបានទៀងទាត់ អាចបណ្តោលឲ្យជាតិកាល់ស្យូមមិនត្រូវបានបញ្ចេញពីរាងកាយនោះទេ ហើយប្រសិនបើវាស្តុកទុកក្នុងតម្រងនោមយូរ នឹងបង្កើតទៅជាក្រួសមិនខាន។
មើលរំលងអាហារពេលព្រឹក
អាហារពេលព្រឹកមិនត្រឹមតែមានសារៈសំខាន់ចំពោះសុខភាពនោះទេ វាក៏អាចជួយការពារបញ្ហាក្រួសក្នុងតម្រងនោមផងដែរ។ ផ្ទុយទៅវិញប្រសិនបើអ្នករំលងអាហារពេលព្រឹក ធ្វើឲ្យទឹកប្រមាត់មិនអាចបញ្ចេញសារធាតុរាវ ដើម្បីរំលាយអាហារបាននោះទេ។ សារធាតុរាវរបស់ទឹកប្រមាត់នេះ អាចបង្កទៅជាក្រួសក្នុងតម្រងនោម។
ផឹកទឹកមិនបានគ្រប់គ្រាន់
ការផឹកទឹកតិចពេកអាចធ្វើឲ្យទឹកនោមមិនសូវបញ្ចេញ ហើយតម្រងនោមក៏មិនបានលាងសម្អាតផងដែរ។ ទីបំផុតទឹកនោមនឹងមានកំហាប់ខ្ពស់ ដែលបង្កទៅជាក្រួសបើមិនបានបញ្ចេញចោលទាន់ពេលវេលានោះទេ។
គេងសគ្រប់គ្រាន់
តម្រងនោមក៏ត្រូវការពេលសម្រាក ដើម្បីជួសជុលភាពខូចខាតឡើងវិញដែរ ប៉ុន្តែបើអ្នកគេងមិនបានគ្រប់គ្រាន់ មុខងារសម្អាតតម្រងនោមរបស់វានឹងចុះខ្សោយ ហើយជំងឺក្រួសក្នុងតម្រងនោមក៏កើតមានឡើងផងដែរ។
ទម្លាប់បរិភោគប្រៃ និងខ្លាញ់ច្រើនពេក
អាហារដែលមានជាតិប្រៃ និងខ្លាញ់ខ្ពស់ អាចបណ្តោលឲ្យតម្រងនោមបង្កើនការបញ្ចេញជាតិកាល់ស្យូម កាត់បន្ថយកម្រិត pH ទឹកនោម កាត់បន្ថយការបញ្ចេញអាស៊ីតសីទ្រិច ហើយឱកាសក្រួសក្នុងតម្រងនោមនឹងកើតមានឡើង៕