បើយោងតាមសមាគមន៍ World Bones Association បានឲ្យដឹងថា ស្ត្រីប្រហែលជា ២០០លាននាក់ទូទាំងពិភពលោកកំពុងតែមានជំងឺពុកឆ្អឹង ហើយភាគច្រើនស្ត្រីទាំងនោះមានអាយុចាប់ពី ៦០ទៅ ៨០ឆ្នាំ។ ជំងឺនេះមានផលប៉ះពាល់អវិជ្ជមានទៅលើសុខភាពឆ្អឹង ជាពិសេសឆ្អឹងខ្នង និងឆ្អឹងសន្លាកផ្សេងទៀត។ ប៉ុន្តែជំងឺនេះអាចកាត់បន្ថយបាន ប្រសិនបើអ្នកទទួលទានអាហារបំប៉នដែលមានផ្ទុកសារធាតុចិញ្ចឹម៥ប្រភេទនេះ។
ផូស្វ័រ
ប្រហែលជា៨៥ភាគរយនៃផូស្វ័ររបស់រាងកាយ ត្រូវបានគេរកឃើញនៅក្នុងឆ្អឹង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរាងកាយខ្វះសារធាតុផូស្វ័រ អាចបណ្តោលឲ្យខ្សោយឆ្អឹង ហេតុនេះអ្នកគួរតែព្យាយាមទទួលទានទឹកដោះគោ ត្រី សណ្តែកសៀង និងសាច់សត្វផ្សេងៗជារបបអាហារ ដើម្បីបំពេញផូស្វ័រឲ្យបានគ្រប់គ្រាន់។
ម៉ាញ៉េស្យូម
ម៉ាញ៉េស្យូមប្រហែលជា ៦០ភាគរយត្រូវបានគេរកឃើញនៅក្នុងឆ្អឹង។ ម៉ាញ៉េស្យូមក៏អាចជួយរក្សាសុខភាពបេះដូង និងបង្កើនប្រព័ន្ធភាពស៊ាំផងដែរ។ បន្លែស្លឹកបៃតង ត្រីសាម៉ុន ត្រីធូណា ចេក មានផ្ទុកសារធាតុម៉ាញ៉េស្យូមខ្ពស់ ដែលអ្នកគួរតែជ្រើសជារបបអាហារ។
វីតាមីនC
អាហារបំប៉ននេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាឆ្អឹងឲ្យមានសុខភាពល្អ។ អ្នកអាចបន្ថែមផ្លែឈើដូចជា គីវី ល្ហុង និងទឹកក្រូចស្រស់ ជារបបអាហារប្រចាំថ្ងៃ។ ចំពោះ ប៉េងប៉ោះ ផ្តាខាត់ណាពណ៌ខៀវ ពោត ក៏មានផ្ទុកវីតាមីន Cច្រើនដែរ។
ប៉ូតាស្យូម
ប្រសិនបើរបបអាហាររបស់អ្នកមានផ្ទុកប៉ូតាស្យូមច្រើន វាអាចជួយកាត់បន្ថយតម្រូវការកាល់ស្យូមដែលត្រូវយកចេញពីឆ្អឹង។ អាហារសម្បូរប៉ូតាស្យូមរួមមាន សណ្តែក ស្វាយ ផ្សិត និងចេក។
ស័ង្កសី
ស័ង្កសី ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រូបយកវីតាមីន D របស់ឆ្អឹង ហើយអាហារដែលសម្បូរសារធាតុនេះមានដូចជា សាច់គោ សាច់ជ្រូក សាច់មាន់ ល្ពៅ គ្រាប់ស្វាយចន្ទី និងបន្លែបៃតងជាច្រើនទៀត៕