គ្រប់ទារកទាំងអស់ឲ្យតែកើតមកភ្លាមច្បាស់ជាស្រែកយំជាមិនខាន ព្រោះពួកគេត្រូវផ្លាស់ប្តូរបរិយាកាសថ្មី ត្រូវការភាពកក់ក្តៅ បូករួមទាំងភាពស្រេកឃ្លានផងដែរ។ ដូច្នេះអ្នកម្តាយថ្មីថ្មោង ត្រូវរៀបចំខ្លួនឲ្យរួចជាស្រេច ប្រសិនបើអ្នកមិនដឹងពីរបៀបបំបៅដោះកូនទេច្បាស់ជាធ្វើឲ្យពួកកេឈ្លក់ ដោយសារតែការចេញទឹកដោះច្រើនមិនខាន។
ហេតុនេះហើយ អ្នកជំនាញបានធ្វើការណែនាំពីរបៀបបំបៅដោះកូនដែលត្រឹមត្រូវ មិនធ្វើឲ្យទារកឈ្លក់ទឹកដោះ ជាពិសេសសម្រាប់ទារកតូចៗតែម្តង។
-ពេលឲ្យទារកបៅដោះ អ្នកម្តាយត្រូវលើកថ្នមៗមកផ្ទឹបនឹងដើមទ្រូង ហើយដាក់ផ្នែកក្បាលឲ្យខ្ពស់ជាងខាងគូថ។
-កុំបង្ខំ ត្រូវឲ្យទារកបៅដោះសន្សឹមៗ យឺតៗ ជាពិសេសទារកទើបនឹងកើត។
-នៅពេលទារកបៀមចុងសុដន់ ប្រសិនបើពួកគេក្អក ឬយំ សូមប្រញាប់ដកចេញវិញភ្លាម។
-កុំបំបៅដោះនៅពេលដែលទារកគេងលក់។
-នៅពេលបំបៅដោះ កុំប្រលែងលេងជាមួយនឹងទារកឲ្យសោះ ប្រសិនបើពួកគេសើចអាចនាំឲ្យឈ្លក់ទឹកដោះ។
-ចំពោះទារកដែលបៅទឹកដោះគោ ត្រូវរើសដបដែលមានរន្ធតូចល្មម ដើម្បីកុំឲ្យទឹកដោះគោហូរចេញលឿនពេក ដែលធ្វើឲ្យទារកបៅមិនទាន់ និងនាំឲ្យឈ្លក់។
-ក្រៅពីរើសដបរន្ធតូចៗ អ្នកមិនត្រូវបញ្ឈរដបទឹកដោះគោឲ្យត្រង់នោះឡើយ គឺត្រូវផ្តេក ៤៥ដឺក្រេ ដើម្បីឲ្យទឹកដោះគោហូរចេញពីរន្ធចុងសុដន់តាមសម្រួល។
ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ទៀតថា ក្នុងករណីឈ្លក់ទឹកដោះ ប្រសិនបើទារកនៅតែក្អក ហើយពិបាកដកដង្ហើម ធ្វើអ្វីមិនព្រមបាត់ ត្រូវប្រញាប់នាំទៅជួបគ្រូពេទ្យភ្លាម៕