គ្រូពេទ្យទាំងអស់សុទ្ធតែផ្តល់អនុសាសន៍ឲ្យអ្នកម្តាយ បំបៅដោះកូនតែមួយមុខគត់យ៉ាងហោចណាស់រយៈពេល ៦ខែ ព្រោះនៅក្នុងទឹកដោះម្តាយជាប្រភពអាហារូបត្ថម្ភសព្វបែបយ៉ាង ដែលទារកត្រូវការចាំបាច់ ដើម្បីអភិវឌ្ឍទាំងរាងកាយ និងប្រាជ្ញា។ ជាមួយគ្នានេះផងដែរ អ្នកម្តាយថ្មោងថ្មីភាគច្រើនតែងជួបឧបសគ្គមួយ គឺបញ្ហាឈឺស្រគា ឬចុងសុដន់នៅពេលកូនបៅ។
ប្រសិនបើករណីបែបនេះកើតឡើងចំពោះអ្នកមែន តើគួរធ្វើយ៉ាងណា? អំឡុងពេលបំបៅដោះកូន អ្នកមិនអាចប្រើផលិតផលអ្វីផ្តេសផ្តាសបាននោះទេ ដោយសារតែវាអាចប៉ះពាល់ដល់សុខភាពទារក។ ប៉ុន្តែបើយោងតាមអ្នកជំនាញបានបង្ហាញថា ការប្រើឱសថធម្មជាតិដូចជាប្រទាលកន្ទុយក្រពើ អាចជួយបំបាត់អាការឈឺចុងសុដន់ពេលបំបៅដោះកូនបាន ហើយមិនបង្កគ្រោះថ្នាក់អ្វីដល់សុខភាពទារកឡើយ។
ការអនុវត្ត៖
១.កាត់ប្រទាលកន្ទុយក្រពើមួយដុំ រួចបកយកសាច់វាមិនលាបនៅចុងសុដន់ដែលមានការឈឺចាប់។
២.ទុកឲ្យស្ងួត ទើបលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ឌៗឲ្យបានស្អាតល្អ។
៣.ក្នុងមួយថ្ងៃអនុវត្តឲ្យបាន ៣ទៅ៤ដង រហូតទាល់តែបញ្ហាជាសះស្បើយ។
ចំណាំ៖ អ្នកត្រូវលាងសម្អាតឲ្យបានហ្មត់ចត់ បន្ទាប់ពីអនុវត្ត ព្រោះប្រទាលកន្ទុយក្រពើក៏អាចធ្វើឲ្យទារកមានបញ្ហាដែរ ប្រសិនបើវាចូលដល់ពោះវៀន៕