ដោយសារតែតម្រូវការជីវភាពប្រចាំថ្ងៃ ធ្វើឲ្យមនុស្សភាគច្រើនប្រឹងធ្វើការរហូតភ្លេចគិតពីបញ្ហាសុខភាពខ្លួនឯងក៏មាន ទោះបីជារាងកាយបង្ហាញរោគសញ្ញាព្រមានក៏គិតថាធម្មតាដែរ។ ការបង្ហាញរោគសញ្ញាខុសប្រក្រតីមួយចំនួននៅលើរាងកាយ អាចជារោគសញ្ញាធ្ងន់ធ្ងរនៃជំងឺរលាកថ្លើមប្រភេទ B, C, A, ថ្លើមមានជាតិអាល់កុល, កើតជំងឺក្រិនថ្លើម និងខ្លាញ់រុំថ្លើមជាដើម។ នៅពេលកោសិកាថ្លើមខូចខាតធ្ងន់ធ្ងរ អាចបង្កឲ្យអ្នកស្លាប់បាត់បង់ជីវិតបាន ដូច្នេះសូមមានការប្រុងប្រយ័ត្ន ហើយប្រញាប់ធ្វើការព្យាបាលជាបន្ទាន់។
ជាពិសេសបើមានរោគសញ្ញាមួយចំនួន បង្ហាញដូចខាងក្រោមនេះ សូមទៅពិនិត្យព្យាបាលជាបន្ទាន់៖
១.មានស្នាមជាំលើស្បែក និងហូរឈាម
ប្រសិនបើអ្នកឧស្សាហ៍មានអាការៈហូរឈាម និងមានស្នាមជាំខុសប្រក្រតីនៅលើស្បែក អ្នកគួរតែស្វែងរកជំនួយពីគ្រូពេទ្យភ្លាម។
២.ឧស្សាហ៍ភើដោយគ្មានហេតុផល
ជាធម្មតាយើងភើបន្ទាប់ពីការទទួលទានអាហារឆ្អែតពេក ហើយវាជាសញ្ញាសម្រាប់អ្នកមានសុខភាពល្អផងដែរ ប៉ុន្តែបើលក្ខខណ្ឌនេះកើតឡើងដោយគ្មានហេតុផល រួមទាំងមានអាការៈក្អួតចង្អោរ វាជាសញ្ញាព្រមមាននៃការខូចខាតថ្លើម។
៣.ស្បែកមានភាពរមាស់
ប្រសិនបើរាងកាយមានអាការៈរមាស់ខ្លាំង នៅពេលដែលមានប្រតិកម្មអាឡែស៊ី ឬបញ្ហាស្បែក វាអាចជាសញ្ញាព្រមាននៃសុខភាពថ្លើម។
៤.លាមក និងទឹកនោមខុសធម្មតា
ក្រុមអ្នកជំនាញបានបង្ហាញថា ប្រសិនបើទឹកនោមរបស់អ្នកមានពណ៌ក្រម៉ៅខ្លាំង និងមានពុះច្រើន ហើយលាមកមានសភាពរាវពណ៌ប្រផេះ គួរតែប្រញាប់ទៅពិនិត្យមើលសុខភាពថ្លើមជាបន្ទាន់៕