វាជាការពិត ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីងាយនឹងឆ្លងជំងឺផ្សេងៗ ដោយហេតុតែមានការប្រែប្រួលនៃកម្រិតអ័រម៉ូន ធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ជាពិសេសជំងឺផ្តាសាយ ត្រូវបានគេចាត់ទុកជាជំងឺដ៏អាក្រក់បំផុតសម្រាប់ស្ត្រីមានគភ៌ ព្រោះក្នុងករណីដែលអ្នកប្រើថ្នាំផ្តេសផ្តាស អាចបង្កគ្រោះថ្នាក់ដល់ទារក។ ណាមួយជំងឺនេះអាចឆ្លងតាមរយៈអាហារ ទឹក ខ្យល់ ដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ និងកើតមានបញ្ហាមួយចំនួន។
តើការលេបថ្នាំព្យាបាលជំងឺផ្តាសាយពេលមានគភ៌ ពិតជាមានគ្រោះថ្នាក់មែនទេ?
យោងតាមការស្រាវជ្រាវដែលបានស្ទង់មតិទៅលើស្ត្រីមានគភ៌ចំនួន ៦,០០០នាក់ ដែលបានឆ្លងជំងឺផ្តាសាយ និងការផ្តល់កម្រិតថ្នាំស្រាលៗដើម្បីព្យាបាល លទ្ធផលរកឃើញថា ការប្រើថ្នាំបានត្រឹមត្រូវក្នុងកម្រិតស្រាល មិនមានហានិភ័យអាក្រក់ដល់ទារក និងស្ត្រីជាម្តាយនោះទេ។
ប៉ុន្តែអ្នកស្រាវជ្រាវបានបន្ថែមថា នៅពេលកើតជំងឺផ្តាសាយ ស្ត្រីមានគភ៌គួរតែប្រើថ្នាំតាមវេជ្ជបញ្ជារ និងកម្រិតថ្នាំគួរតែកំណត់ដោយគ្រូពេទ្យផងដែរ។ សូមចាំឲ្យច្បាស់ថា ការប្រើថ្នាំផ្តេសផ្តាស់ដោយគ្មានវេជ្ជបញ្ជារ អាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ ក្នុងករណីធ្ងន់ធ្ងរអាចរលូតបាន៕