ការបំបៅដោះកូនដោយទឹកដោះ មិនត្រឹមតែជួយជំរុញភាពស្និតស្នាលទាំងរាងកាយ និងផ្លូវចិត្តជាមួយនឹងកូននោះទេ វាក៏ផ្តល់អត្ថប្រយោជន៍យ៉ាងលើសលប់ពីការផ្តល់អាហារបំប៉នដល់កូនផងដែរ។
ការបំបៅដោះកូនដោយទឹកដោះម្តាយ ត្រូវបានអ្នកជំនាញបញ្ជាក់ថា អាចកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងមេរោគ និងជំងឺផ្សេងៗ ដោយវាអាចជួយដល់ការអភិវឌ្ឍប្រព័ន្ធភាពស៊ាំ។ ទារកដែលបានបៅដោះមានអត្រាថយចុះពីជំងឺហឺត ជំងឺក្រពះពោះវៀន ជំងឺទឹកនោមផ្អែម ជំងឺមហារីក។
លើសពីនេះ ទារកអាចស្រូបយកសារធាតិចិញ្ចឹមបានច្រើន ហើយមានប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង ពីការចាក់ថ្នាំបង្ការ។ ការបំបៅដោះកូនដោយទឹកដោះម្តាយតែមួយមុខគត់ ក៏អាចកាត់បន្ថយហានិភ័យប្រឈមនឹងការបាត់បង់ជីវិតរបស់អ្នកម្តាយដោយសារជំងឺផ្សេងៗផងដែរ។
ដូច្នេះ អ្នកម្តាយគួរតែប្រឹក្សាយោបល់ជាមួយអ្នកជំនាញ និងថ្លឹងថ្លែងពីមូលដ្ឋានគ្រឹះនៃការបំបៅដោះកូនឲ្យបានត្រឹមត្រូវ មុននឹងជ្រើសជម្រើសផ្សេងក្រៅពីទឹកដោះម្តាយ៕