ភេសជ្ជៈដែលមានជាតិផ្អែម គឺជាចំណង់ចំណូលចិត្តរបស់កុមារគ្រប់រូប ជាពិសេសបើបានលាយជាមួយនឹងទឹកកកត្រជាក់ៗទៀត ពួកគេផឹកមិនចេះធុញនោះទេ។ ប៉ុន្តែតាមអ្នកជំនាញបានព្រមានថា គ្រប់ភេសជ្ជៈកំប៉ុងដែលមានជាតិផ្អែមទាំងអស់សុទ្ធតែផ្ទុកសារធាតុកាបូណាត អាចបង្កអន្តរាយដល់សុខភាពធ្ងន់ធ្ងរ ប្រសិនបើកុមារផឹកច្រើនពេក។
កុមារដែលផឹកភេសជ្ជៈប្រភេទនេះជាប្រចាំនៅពេលយប់ ហើយពុំមានការសម្អាតធ្មេញចេញ ជាទម្លាប់អាក្រក់មួយដែលធ្វើឲ្យឆាប់ខូចធ្មេញ។ មិនតែប៉ុណ្ណោះ កុមារដែលផឹកច្រើនពេក អាចប្រឈមនឹងជំងឺធាត់ រួមទាំងទឹកនោមផ្អែមផងដែរ។ សូម្បីតែការផឹកមុនពេលញ៉ាំអាហារ បណ្តោលឲ្យសមត្ថភាពក្នុងការស្រូបយកវីតាមីន សារធាតុរ៉ែ ឬសារធាតុចិញ្ចឹមត្រូវកាត់បន្ថយ។
ម្យ៉ាងវិញទៀត ភេសជ្ជៈកំប៉ុងភាគច្រើនមានផ្ទុកសារជាតិ phosphoric ដែលធ្វើឲ្យខ្វះកាល់ស្យូមក្នុងឆ្អឹង និងបណ្តោលឲ្យមានជំងឺពុកឆ្អឹង។ យោងតាមអ្នកជំនាញបានបង្ហាញថា ការផឹកភេសជ្ជៈមានផ្ទុកជាតិកាបូណាតច្រើនពេក ជាកត្តាដែលបំផ្លាញដល់បំពង់ក និងប៉ះពាល់ដល់ខ្លាំងបំផុតដល់ក្រពះ។
អាស្រ័យហេតុនេះ សូមអាណាព្យាបាលទាំងឡាយគួរតែកំណត់ភេសជ្ជៈកំប៉ុងដែលមានជាតិផ្អែមទាំងអស់ចំពោះកូនតូចៗ បើពុំដូច្នោះទេពួកគេអាចជួបផលវិបាកធ្ងន់ធ្ងរ៕