ជាទូទៅ អ្នកម្តាយគ្រប់រូប ត្រូវបានក្រុមគ្រូពេទ្យណែនាំអោយធ្វើការបំបៅដោះកូន តែមួយមុខគត់យ៉ាងតិចបំផុតរយៈពេល ៦ខែ ទើបផ្តល់អាចអាហារបំប៉នបន្ថែមផ្សេងៗបាន។ តើហេតុអ្វីត្រូវបំបៅកូនតែមួយមុខបែបនេះ? តាមពិតការបំបៅដោះកូន មិនត្រឹមតែមានប្រយោជន៍ដល់កូននោះទេ សូម្បីតែអ្នកម្តាយក៏ទទួលបានប្រយោជន៍ដូចគ្នាដែរ។
អត្ថប្រយោជន៍នៃការបំបៅទឹកដោះចំពោះទារក៖ ទឹកដោះម្តាយផ្តល់នូវអាហារបំប៉នដ៏ល្អបំផុតសម្រាប់ទារក រួមទាំងវីតាមីន ប្រូតេអ៊ីន ខ្លាញ់ល្អ និងអ្វីៗគ្រប់យ៉ាងដែលទារកអ្នកត្រូវការ។ ការបំបៅដោះកូនបានច្រើន អាចបង្កើនប្រព័ន្ធភាពស៊ាំ រក្សាទារកអោយជៀសផុតពីជំងឺធាត់ កាត់បន្ថយជំងឺទឹកនោមផ្អែម ខ្វះជាតិទឹក រាគ ទល់លាមក រលាកពោះវៀនធំ រលាកទងសួត ជំងឺបេះដូង និងជំងឺថ្លើម នៅពេលទារកធំពេញវ័យ។
អត្ថប្រយោជន៍នៃការបំបៅកូន ចំពោះម្តាយ៖ ការបំបៅដោះកូនដុតកាឡូរីបន្ថែម ដូច្នេះវាអាចជួយអ្នកក្នុងការសម្រកទម្ងន់បានលឿន។ វាអាចជួយបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ដែលជួយអោយស្បូនរបស់អ្នកឆាប់ត្រឡប់ទៅទំហំធម្មតាវិញ មុនពេលមានផ្ទៃពោះម្តងទៀត ហើយអាចកាត់បន្ថយការហូរឈាមស្បូនបន្ទាប់ពីកំណើត។ ការបំបៅកូនដោយទឹកដោះម្តាយក៏អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ មហារីកក្រពេញអូវែ ជំងឺពុកឆ្អឹង ជំងឺទឹកនោមផ្អែម…។
ដូច្នេះ ការចិញ្ចឹមកូនដោយទឹកដោះ មិនត្រឹមតែជួយអោយទារកលូតលាស់បានល្អនោះទេ វាក៏អាចធានាដល់សុខភាពចំពោះអ្នកម្តាយផងដែរ។ ម្យ៉ាងវិញទៀត ដើម្បីធ្វើអោយសុដន់ផលិតទឹកដោះបានច្រើន សម្រាប់ផ្គត់ផ្គងទារក អ្នកម្តាយត្រូវសុំយោបល់ពីក្រុមគ្រូពេទ្យអំពីរបបអាហារដែលត្រូវទទួលទាន៕