តាមពិតក្មេងគ្រប់រូបមិនចេះនិយាយកុហកទេ ប៉ុន្តែដោយសារតែការបង្រៀន ឬគំរូមិនល្អរបស់ឪពុកម្តាយ អាចធ្វើអោយពួកគេប្រែចរិកទៅជាចេះនិយាយកុហកទៅថ្ងៃក្រោយ។ ដូច្នេះ ប្រសិនបើអាណាព្យាបាលទាំងឡាយ មិនចង់ឃើញកូនចេះតែនិយាយកុហកបោកប្រាស់ គួរតែបញ្ឈប់រឿងមួយចំនួនដូចខាងក្រោម៖
ចូលចិត្តប្រើពាក្យកុហកដាក់កូន
កូនប្រៀបដូចជាក្រដាសអញ្ចឹង ប្រសិនបើអ្នកបញ្ចេញសកម្មភាពមិនល្អដាក់ពួកគេ ពួកគេនឹងចម្លងបានភ្លាម។ បើគ្រួសាររបស់អ្នកចូលចិត្តនិយាយកុហកហើយនោះ កូនៗរបស់អ្នកច្បាស់ជាចេះនិយាយកុហក និងមិនស្មោះត្រង់ដូចអ្នកដែរ។
ចូលចិត្តប្រើរំពាត់វាយកូន
ដោយសារតែខ្លាចអ្នកប្រើរំពាត់វាយ នៅពេលដែលពួកគេធ្វើខុស ឬដើរលេងច្រើន ពួកគេនឹងនិយាយកុហុសដើម្បីដោះសារយករួចខ្លួន។ ហេតុនេះ អ្នកមិនគួរប្រើរំពាត់បំភ័យកូនឡើយ គួរតែធ្វើការណែនាំដោយប្រើធម៌ត្រជាក់វិញប្រសើរជាង។
ចូលចិត្តគំហកដាក់កូន
គ្រាន់តែមានបញ្ហាអ្វីបន្តិចបន្តួចសោះ ក៏អ្នកចូលចិត្តតែស្រែកគំហកដាក់ ឬស្តីបន្ទោស ដាក់ពួកគេដែរ។ ទ្វើមួយនេះធ្វើអោយពួកគេមិនអាចដឹងថាអ្វីល្អ អ្វីអាក្រក់ឡើយ ហើយពួកគេក៏មិនចង់ប្រាប់ការពិតដល់អ្នកវិញដែរ។
សូមចាំថា មានតែភាពស្មោះត្រង់ និងការនិយាយហេតុផលដោយសន្តិវិធីទេ ទើបអាចធ្វើជាគំរូល្អសម្រាប់កូនៗ ទោះមានរឿងអ្វីកើតឡើងក៏ពួកគេមិនចេះនិយាយកុហកដែរ៕