អវត្តមាននៃការអស់រដូវ ជាសញ្ញាបង្ហាញថា សមត្ថភាពបន្តពូជរបស់មនុស្សស្រីត្រូវបានបញ្ចប់ហើយ។ ដំណាក់កាលនេះគេហៅថា អស់រដូវ ហើយភាគច្រើនមនុស្សស្រីអស់រដូវនៅអាយុ ៥១ ឆ្នាំ។
មនុស្សស្រីជាច្រើនគិតថា ការអស់រដូវអាចធ្វើអោយជីវិតងាយស្រួល ព្រោះពួកគេគ្មានការឈឺចាប់ ហើយមិនចាំបាច់ព្រួបារម្ភចំពោះការទិញផលិតផលអនាម័យផ្សេងៗទៀតដែរ។ ក៏ប៉ុន្តែមានបញ្ហាមួយចំនួន ដែលគ្មាននរណាម្នាក់ប្រាប់អ្នកអំពីការអស់រដូវនេះឡើយ៖
ឡើងទម្ងន់
ក្រោយពេលអស់រដូវមនុស្សស្រីអាចឡើងទម្ងន់បន្តិចម្តងៗ បើគិតជាមធ្យមចាប់ពី ១៥ ទៅ ២៥ផោន។
ការឡើងទម្ងន់អំឡុងពេលអស់រដូវ គឺមិនមែនជាសញ្ញាល្អនោះឡើយ ព្រោះវាអាចបង្កផលវិបាកធ្ងន់ធ្ងរដល់សុខភាព។ ជាពិសេសវាបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ ជំងឺធ្លាក់ទឹកចិត្ត ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី ២។
ហេតុនេះ អ្នកគួរតែរក្សារបៀបរស់នៅឲ្យបានល្អ ទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំ និងទទួលទានអាហារឲ្យមានតុល្យភាព ដើម្បីជួយទប់ស្កាត់ការឡើងទម្ងន់។
មានបញ្ហាក្នុងការគេង
ក្នុងអំឡុងពេលអស់រដូវ អ័រម៉ូន Progesteron និង estrogen មានការធ្លាក់ចុះយ៉ាងខ្លាំង ដែលបណ្តោលឲ្យមានអាការ:ក្តៅខ្លួននៅពេលយប់ និងរំខាន់ដល់ការគេង។
ប៉ុន្តែដើម្បីដោះស្រាយបញ្ហានេះ អ្នកអាចងូតទឹកក្តៅឧណ្ឌៗចំនួន ២០ ទៅ ៣០នាទី មុនពេលចូលគេង។
កើតជំងឺធ្លាក់ទឹកចិត្ត
ការប្រែប្រួលនៃអ័រម៉ូនក្នុងពេលអស់រដូវ អាចនាំឲ្យមានការផ្លាស់ប្តូរសារធាតុគីមីក្នុងខួរក្បាល ដែលធ្វើឲ្យមានជំងឺធ្លាក់ទឹកចិត្តកើតឡើង។
ជំងឺធ្លាក់ទឹកចិត្តមិនបង្ហាញក្រោយពេលអស់រដូវភ្លាមៗនោះទេ តែវានឹងកើតឡើងបន្តិចម្តងៗក្រោយពេលអស់រដូវ។ ទោះជាយ៉ាងណា ដើម្បីកាត់បន្ថយបញ្ហានេះអ្នកត្រូវព្យាយាមអនុវត្ត ការដកដង្ហើមឲ្យជ្រៅមួយៗ អង្គុយសមាធិ ទទួលទានរបបអាហារដែលមានសុខភាពល្អ គេងឲ្យបានត្រឹមត្រូវ។
ខូចឆ្អឹង
ការបាក់ឆ្អឹង និងពុកឆ្អឹង តែងតែកើតមានចំពោះស្ត្រីអាយុជាង ៥០ឆ្នាំ។ តែតាមពិតក្រោយវ័យ ៣៥ឆ្នាំ ម៉ាសឆ្អឹងនឹងចាប់ផ្តើមបាត់បង់បន្តិចម្តងៗ ដែលអាចរួមចំណែកដល់បញ្ហាពុកឆ្អឹង បណ្តោលឲ្យឆ្អឹងមានភាពផុយស្រួយ និងងាយបាក់។
ម្យ៉ាងទៀតក្រោយពេលអស់រដូវ ស្បូននឹងឈប់ផលិតអ័រម៉ូន estrogen ធ្វើឲ្យភាពរឹងមាំនៃឆ្អឹងចុះខ្សោយ។ កត្តានេះហើយដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពឆ្អឹង ហើយឆ្អឹងឆាប់ខូចបំផុត៕