ក្រោយពេលសម្រាលកូនហើយ មានអ្នកម្តាយមួយចំនួនអាចជួបបញ្ហាខ្វះទឹកដោះឲ្យកូនបៅ ដែលធ្វើឲ្យពួកគេត្រូវបង្ខំចិត្តផ្តល់ទឹកដោះគោ ដល់កូនជំនួសវិញ។ ដូច្នេះ ដើម្បីផ្គត់ផ្គង់ទឹកដោះឲ្យកូនបានគ្រប់គ្រាន់ តើត្រូវធ្វើដូចម្តេច? តាមពិតបញ្ហាខ្វះទឹកដោះអាចដោះស្រាយបាន ប្រសិនបើអ្នកអនុវត្តតិចនិចមួយចំនួននេះ។
១.ទទួលទានអាហារបំបាត់ភាពតានតឹង
អារម្មណ៍តានតឹងអាចកាត់បន្ថយការផ្គត់ផ្គង់ទឹកដោះ ដូច្នេះអ្នកត្រូវព្យាយាមទទួលទានបន្លែបៃតង ដូចជាស្ពៃ និងគ្រាប់ធញ្ញជាតិ គឺល្អបំផុតសម្រាប់ជួយជួសជុលប្រព័ន្ធសរសៃប្រសាទឲ្យប្រសើរឡើងវិញ។
២.បន្ថែមខ្ទឹមស
ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានចំណីអាហារដែលបន្ថែមខ្ទឹមសចូល អាចជួយធ្វើឲ្យទារកបៅដោះបានច្រើន ហើយការបៅដោះកាន់តែច្រើន សុដន់របស់អ្នកម្តាយនឹងផលិតទឹកដោះកាន់តែច្រើនដែរ។
៣.ញ៉ាំទឹកឲ្យបានច្រើន
ទឹកដោះមានជាតិទឹកចាប់ពី ៨០ ទៅ៩០ភាគរយ ដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលទេ ដែលទឹកអាចជួយរក្សាការផ្គត់ផ្គង់ការផលិតទឹកដោះសម្រាប់ទារកបានគ្រប់គ្រាន់។
៤.ទទួលទានជាតិកាល់ស្យូមឲ្យបានច្រើន
ប្រសិនបើអ្នកស្ថិតក្នុងដំណាក់កាលមករដូវ ការផលិតទឹកដោះរបស់សុដន់អាចនឹងមានការធ្លាក់ចុះ។ ហេតុនេះអ្នកម្តាយគួរបង្កើនការទទួលទានជាតិកាល់ស្យូមឲ្យបានច្រើនទាំងមុន នឹងអំឡុងពេលមករដូវ។
៥.ទទួលទានចេក
ចេក មិនត្រឹមតែជាអាហារដែលអាចជួយជំរុញដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការបានល្អ និងបន្ទន់លាមកប៉ុណ្ណោះទេ វាថែមទាំងអាចជួយរក្សាការផលិតទឹកដោះពេញ២៤ម៉ោង។
៦.ទទួលទានអាហារ៥ដងក្នុងមួយថ្ងៃ
កូនរបស់អ្នកត្រូវការវីតាមីនគ្រប់គ្រាន់តាមរយៈទឹកដោះ ដើម្បីផ្គត់ផ្គង់ការលូតលាស់ទាំងរាងកាយ និងស្មារតី។ ដូច្នេះអ្នកត្រូវទទួលទានឲ្យបានញឹកញាប់ ៥ដងក្នុងមួយថ្ងៃ។
៧.ទទួលទានអាហារសម្បូរជាតិខ្លាញ់
ការស្រាវជ្រាវបានបង្ហាញថា របបអាហារដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ចាំបាច់បំផុតសម្រាប់ការបង្កើនទឹកដោះ ហើយថែមទាំងជួយជំរុញដល់ការលូតលាស់ខួរក្បាលទារកថែមទៀត៕