កុមារមួយចំនួនតែងតែច្រឡំថ្នាំថាជាស្ករគ្រាប់ ឬជាទឹកក្រូច ឲ្យតែឃើញពណ៌លឿងៗតែងតែចង់យកផឹក។ តែជាញឹកញាប់កុមារបានផឹកថ្នាំសម្លាប់សត្វល្អិត និងថ្នាំបាញ់ស្មៅជាដើម…។
ប្រសិនបើកុមារផឹកថ្នាំខុស អាចមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាអាចប៉ះពាល់ដល់ចង្វាក់បេះដូង ប្រព័ន្ធប្រសាទ ធ្វើឲ្យកុមារសន្លប់ និងនាំឲ្យមានហានិភ័យនៃការស្លាប់ ក្នុងករណីសង្គ្រោះមិនទាន់ពេល។
តាមអ្នកជំនាញបានផ្តល់ដំបូលន្មានថា រឿងដំបូងដែលអាណាព្យាបាលត្រូវធ្វើនៅពេលកុមារផឹកថ្នាំផ្តេសផ្តាស់ គឺកុំស្លន់ស្លោរ ដើម្បីគ្រប់គ្រងស្ថានការដែលបានកើតឡើង។
បន្ទាប់មកត្រូវធ្វើឲ្យកុមារក្អួតមកវិញ គឺឲ្យកុមារឈរ ឬអង្គុយ ហើយយកដៃលូកចូលមាត់ តែកុំឲ្យកុមារដេកឲ្យសោះព្រោះវាមិនអាចធ្វើឲ្យពួកគេក្អួតចេញមកវិញបានឡើយ។
ក្នុងពេលដំណាលគ្នានេះ អ្នកត្រូវផ្តល់ទឹកក្តៅឧណ្ឌឲ្យកុមារផឹកឲ្យបានច្រើន ហើយលូកដៃឲ្យក្អួតបន្ត ដើម្បីលាងសម្អាតក្រពះ និងបន្សាបជាតិពុល។
វិធីសង្គ្រោះបឋមនេះពិតជាមានសារៈសំខាន់ណាស់ ពីព្រោះការធ្វើដំណើរពីផ្ទះទៅមន្ទីរពេទ្យយអាចចំណាយពេលយូរ ប្រសិនបើអ្នកនៅឆ្ងាយ ហើយទំរាំតែដល់កុមារអាចមានគ្រោះថ្នាក់។ ដូច្នេះបន្ទាប់ពីជំនួយដំបូងនេះ អ្នកគួរតែនាំកុមារទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះ តែកុំភ្លេចយកសំបកថ្នាំដែលកុមារផឹកយកទៅជាមួយផង។
ម្យ៉ាងវិញទៀត ដើម្បីជៀសវាងកុំឲ្យកូនយកថ្នាំផឹកផ្តេសផ្តាស អាណាព្យាបាលទាំងឡាយត្រូវទុកថ្នាំឲ្យខ្ពស់ផុតពីដៃក្មេង ហើយថ្នាំណាដែលហួសកំណត់ត្រូវបោះចោលឲ្យឆ្ងាយ៕