ក្រៅពីមានផលប៉ះពាល់ដល់ភ្នែក និងសុខភាពទូទៅ ការស្រាវជ្រាវទៅលើកុមារចំនួនជាង ១១,០០០នាក់ដែលមានអាយុចាប់ពី ៩ដល់១០ឆ្នាំ អស់រយៈពេលមួយទសវត្សរ៍បានរកឃើញថា កុមារដែលមើលទូរស័ព្ទច្រើនពេកអាចមានបញ្ហាខួរក្បាល។
បន្ទាប់ពីថតខួរក្បាលកុមារចំនួន ៤៥០០នាក់ អ្នកស្រាវជ្រាវបានសរុបថា ខួរក្បាលរបស់កុមារដែលមើលទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងទៀតច្រើនជាង ៧ម៉ោងក្នុងមួយថ្ងៃអាចធ្វើឲ្យស្រទាប់ខាងក្រៅនៃខួរក្បាលមានស្នាមជ្រួញ។ ស្រទាប់ខាងក្រៅនោះត្រូវបានគេហៅថា Cortex ដែលវាគឺជាការយល់ដឹងរបស់មនុស្សម្នាក់។
Cortex គឺមានសារៈសំខាន់ណាស់សម្រាប់ការចង់ចាំរបស់បុគ្គម្នាក់ៗ ការផ្តោតអារម្មណ៍ ការយល់ដឹង ការគិត ការនិយាយភាសា និងស្មារតី។ ប៉ុន្តែការប្រើប្រាស់ទូរស័ព្ទ iPad ឬTablet ច្រើនពេកអាចប៉ះពាល់ដល់ចំណុចខាងលើនេះ ហើយទីបំផុតកុមារនឹងក្លាយជាមនុស្សល្ងង់។
កុមារដែលមើលទូរស័ព្ទច្រើនជាង២ម៉ោងក្នុងមួយថ្ងៃ ជួបនឹងបញ្ហានិយាយមិនចេះនិយាយ ឬនិយាយមិនច្បាស់ ឆាប់ភ័យខ្លាច និងការគិតខ្សោយ។ អ្នកជំនាញបានផ្តល់ដំបូលន្មានថា វិធីដ៏ល្អបំផុតដើម្បីជៀសវាងផលប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ ឪពុកម្តាយគួរកំណត់ការប្រើប្រាស់ទូរស័ព្ទដូចខាងក្រោម៖
កុមារអាយុតិចជាង១៨ដល់២៤ខែ៖ មិនត្រូវឲ្យមើលទូរស័ព្ទដាច់ខាត។
កុមារអាយុចាប់ពី ២ ដល់៥ឆ្នាំ៖កំណត់មិនលើពី១ម៉ោងក្នុងមួយថ្ងៃឡើយ។
កុមារអាយុលើសពី៥ឆ្នាំឡើងទៅ៖ ទោះបីជាមិនមានការណែនាំឲ្យកុមារលេងប៉ុន្មានម៉ោងក៏ដោយ ប៉ុន្តែសមាគមន៍អាមេរិកមិនឲ្យមើលទូរស័ព្ទច្រើនឡើយ ហើយត្រូវគេងយ៉ាងតិច ៨ទៅ១២ម៉ោងទៅតាមអាយុ។
ក្រៅពីនេះអំឡុងពេលញ៉ាំអាហារ អ្នកមិនត្រូវអនុញ្ញាតឲ្យកូនមើលទូរស័ព្ទ ឬទូរទស្សន៍ឡើយ៕