ថ្មីៗនេះ អ្នកជំនាញបានបង្ហាញថា ទារកដែលគេងថប់ដង្ហើមស្លាប់កំពុងតែមានការកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេស វាបានកើតឡើងចំពោះឪពុកម្តាយថ្មោងថ្មីដែលខ្វះការប្រុងប្រយ័ត្ន និងគ្មានបទពិសោធន៍ចិញ្ចឹមកូន។
ដូច្នេះដើម្បីការពារកូនឲ្យរួចផុតពីសេចក្តីស្លាប់ ដោយសារតែការថប់ដង្ហើមស្លាប់នៅពេលគេង ឪពុកម្តាយទាំងឡាយគួរអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖
១.ត្រូវដាក់ឲ្យកូនគេងផ្ងារជានិច្ច ហើយនៅពេលពួកគេភ្ញាក់អាចគេងផ្អៀង ឬក្រឡាប់បាន ព្រោះវាល្អសម្រាប់ការលូតលាស់សាច់ដុំ ហើយវាក៏វាអាចជួយទប់ស្តាត់ផ្នែកខាងក្រោយនៃក្បាលមិនឲ្យវៀច ឬផតផងដែរ។
២.យកវត្ថុទប់ៗដូចជា កន្សែង ភួយ ខ្នើយ ចេញឲ្យឆ្ងាយពីកូន ព្រោះនៅពេលគេងកូនអាចទាញរបស់ទាំងនេះគ្របលើផ្ទៃមុខ ដែលធ្វើឲ្យពួកគេដកដង្ហើមមិនរួច។
៣.ហាមជក់បារីក្នុងបន្ទប់កូនគេង ព្រោះការសិក្សាបានបង្ហាញថា ផ្សែងបារីមិនត្រឹមតែធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពទារកនោះទេ វាក៏ធ្វើឲ្យទារកដកដង្ហើមមិនរួចផងដែរ។
៤.មួយទៀតអ្នកមិនត្រូវដាក់កូនគេងនៅលើគ្រែតែមួយនោះទេ ដោយសារតែអ្នកអាចគេងសង្កត់លើកូនដោយមិនដឹងខ្លួន។ យកល្អទារកក្រោមអាយុ១ខួប គួរតែដាក់នៅលើគ្រែគេងដាច់ដោយឡែក៕