ស្ទើរតែស្ត្រីទាំងអស់ស្រមៃចង់វិលទៅរកភាពដើមវិញ ក្រោយពេលមានផ្ទៃពោះ ព្រោះក្រោយឆ្លងកាត់ការមានផ្ទៃះពោះរយៈពេល៩ខែ ទាំងរូបរាង និងទម្ងន់របស់ពួកគេមានការប្រែប្រួលជាខ្លាំង។ ទោះជាយ៉ាងណា គ្រូពេទ្យបានណែនាំថា ស្ត្រីសម្រាលកូនហើយទាំងឡាយគួរតែរងចាំរយៈពេលយ៉ាងហោចណាស់ ៤ទៅ ៦សប្តាហ៍សិន ទើបអាចធ្វើការសម្រកទម្ងន់បាន។ លើសពីនេះអ្នកជំនាញបានប្រាប់ពីវិធីសាស្ត្រប្រកបដោយផាសុខភាព ដែលអាចសម្រកទម្ងន់ដោយប្រើពេលតែ ៦សប្តាហ៍ប៉ុណ្ណោះ។
១.ផឹកទឹកឲ្យបានច្រើន
ទឹកអាចជួយសម្អាតប្រព័ន្ធរាងកាយ និងជួយឲ្យអ្នកមានអារម្មណ៍ឆ្អែត។ ក្រៅពីនេះអ្នកត្រូវកំណត់ការទទួលទានភេសជ្ជៈដែលមិនចាំបាច់ដូចជា ទឹកក្រូចសូដា ស្រាបៀរ និងភេសជ្ជៈដែលមានជាតិស្ករច្រើនទៀត។
២.កំណត់របបអាហារ
ជាទូទៅអ្នកម្តាយបំបៅដោះកូនគួរទទួលទានរបបអាហារ ២២០០កាឡូរី ហើយអ្នកម្តាយមិនបំបៅដោះកូនគួរទទួលទានមិនលើលពី ១៨០០កាឡូរីក្នុងមួយថ្ងៃ។ មួយវិញទៀតអ្នកត្រូវព្យាយាមបន្លែផ្លែឈើ និងអាហារសម្បូរជាតិសរសៃច្រើនឲ្យបានច្រើន។
៣.ធ្វើលំហាត់ប្រាណ
យ៉ាងហោចណាស់ក្នុងមួយសប្តាហ៍អ្នកត្រូវធ្វើលំហាត់ប្រាណ៣ដង ដោយការដើរ ឬរត់យឺត។ ការធ្វើបែបនេះអាចដុតបំផ្លាញជាតិខ្លាញ់បានលឿន ជួយបង្កើនថាមពល បន្ធូរភាពតានតឹង និងធ្វើឲ្យគេងលក់ស្រួលផងដែរ។
៤.កុំរំលងអាហារពេលព្រឹក
អ្នកត្រូវប្រាដកថាញ៉ាំអាហារពេលព្រឹកដែលសម្បូរជាតិសរសៃជានិច្ច ហើយផឹកទឹកឲ្យបានច្រើន។ ការធ្វើបែបនេះអាចជួយឲ្យអ្នកស្រកទម្ងន់បានលឿន ដោយមិនបាច់តមអាហារនាំឲ្យគ្រោះថ្នាក់ដល់សុខភាព និងខ្វះថាមពេលសម្រាប់បំពេញការពារប្រចាំថ្ងៃ។
៥.ស្វែងរកជំនួយ
វិធីចុងក្រោយ អ្នកត្រូវសុំជំនួយពីគ្រូពេទ្យអំពីការកំណត់របបអាហារ ឬវិធីសម្រកម្ងន់ដែលមានសុវត្ថិភាព ព្រោះក្រោយពេលសម្រាលរាងកំពុងតែទន់ខ្សោយត្រូវការព្យាបាលឡើងវិញ។
អនុវត្តតាមវិធីបញ្ចុះទម្ងន់ខាងលើនេះ ក្នុងរយៈពេល៦សប្តាហ៍អ្នកនឹងចាប់ផ្តើមឃើញលទ្ធផល ហើយមិនខូចសុខភាពឡើយ។ តែចាំថាគ្រប់យ៉ាងត្រូវការពេលវេលា ដូច្នេះសូមកុំធ្វើការសម្រកទម្ងន់ដោយប្រើវិធីដែលមានគ្រោះថ្នាក់ឲ្យសោះ៕