តើលោកអ្នកមានទម្លាប់ធ្វើការដល់យប់ៗជ្រៅច្រើនខែ ឆ្នាំមកហើយមែនទេ? ប្រសិនបើអញ្ចឹងមែននោះ អ្នកគួរតែកាត់បន្ថយខ្លះទៅ ព្រោះវាអាចបណ្តាលឲ្យអ្នកស្លាប់បាន។ ការស្រាវជ្រាវ ជាច្រើនបានបង្ហាញថា ការធ្វើការងារច្រើនម៉ោងពេកអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ជាពិសេស ប្រសិនបើលោកអ្នកកំពុងតែមានអាការ:ដូចខាងក្រោមនេះ បញ្ជាក់ថាអ្នកកំពុងតែមានបញ្ហាហើយ។
ស្រ្តេសហួសកម្រិត
ការព្រួយបារម្ភពីស្ថេរភាពការងារ ការខំសម្រេចគោលដៅតាមការកំណត់ និងការមានបញ្ហាជាមួយអ្នកធ្វើការ ឬក៏ចៅហ្វាយ សុទ្ធតែអាចបង្កទៅជា បញ្ហាស្រ្តេស ដែលធ្វើឲ្យអ្នកមានអាការ: ឈឺក្បាល ញ័រទ្រូង គេងមិនលក់ ថប់អារម្មណ៍ ឬធ្លាក់ទឹកចិត្តជាដើម។
ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង
ការធ្វើការច្រើនម៉ោងពេក ជាមូលហេតុធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យនៃជំងឺខ្សោយបេះដូង គាំងបេះដូង សម្ពាធឈាមឡើងខ្ពស់ និងជំងឺដាច់សរសៃឈាមខួរក្បាល។ យោងតាមរបាយការណ៍សិក្សានៃសាកលវិទ្យាល័យឡុងដុន បានឲ្យដឹងថា ការធ្វើការច្រើនជាង ១១ម៉ោងក្នុងមួយថ្ងៃ បង្កើនហានិភ័យនៃជំងឺបេះដូងដល់ទៅ ៦៧ភាគរយ បើប្រៀបធៀបទៅនឹងអ្នកដែលធ្វើការ ៧-៨ ម៉ោងក្នុងមួយថ្ងៃ។
មានវិបត្តផ្លូវចិត្ត និងខូចខួរក្បាល
មនុស្សដែលចំណាយពេលច្រើនទៅលើការងារ នឹងមានបញ្ហាដូចជា បាត់បង់ការចងចាំរយ:ពេលខ្លី ហើយកើតមានបញ្ហាផ្លូវចិត្តថែមទៀត។ យោងតាមរបាយការណ៍មួយទៀត ដែលចេញផ្សាយដោយទស្សនាវដ្តីមួយនៅសហរដ្ឋអាមេរិក បានរកឃើញថា ការធ្វើការច្រើនម៉ោង អាចមានផលប៉ះពាល់ដល់ឥរិយាបថរស់នៅ។ ភាពតានតឹងយូរពេក បង្កជាជំងឺធ្លាក់ទឹកចិត្ត ដោយសារខ្វះចំណង់នៃការកម្សាន្ត និងការគេង។
មានបញ្ហាលើសទម្ងន់ និងធាត់ហួស
ជារើយៗ អ្នកដែលធ្វើការងារច្រើនតែងមានជំងឺធាត់ ជំងឺលើសឈាម ខ្លាញ់ក្នុងថ្លើម ជំងឺទឹកនោមផ្អែម និងជំងឺស្ទះសរសៃឈាមបេះដូង ហើយអាចបង្កជាជំងឺមហារីកក្រពេញប្រូស្តាត មហារីកសុដន់ និងមហារីកក្រពេញអូវែ។ គួបផ្សំជាមួយនឹងការទទួលទានអាហារមិនល្អ ព្រមទាំងគ្មានពេលធ្វើលំហាត់ប្រាណឲ្យទៀងទាត់ទៀតនោះ អ្នកនឹងប្រឈមបញ្ហាកាន់តែខ្លាំង។
សូមចាំថា ការខំប្រឹងធ្វើការអាចធ្វើឲ្យអ្នកឆាប់សម្រេចបានគោលដៅក៏ពិតមែន តែប្រសិនបើអ្នកមិនគិតពីសុខភាពខ្លួនឯងនោះទេ អ្នកនឹងមានអារម្មណ៍ស្តាយក្រោយកាន់តែខ្លាំងនៅពេលដែលមិនអាចសោយសុខជាមួយនឹងជោគជ័យរបស់ខ្លួន៕