តើគួរធ្វើយ៉ាងណាទៅទើបការមានផ្ទៃពោះប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ? តាមពិតមិនពិបាកនោះទេ អ្នកអាចរីករាយជាមួយនឹងការចាប់ផ្តើមការមានផ្ទៃពោះប្រកបដោយសុខភាពល្អបាន ប្រសិនបើអ្នកអនុវត្តគន្លឹះ៥យ៉ាងនេះ ទាំងមុន នឹងអំឡុងពេលមានផ្ទៃពោះ។
១.ណាត់ជួបគ្រូពេទ្យឲ្យទៀងទាត់
ការណាត់ជួបគ្រូពេទ្យបានទៀងទាត់ដើម្បីធ្វើការតាមដានសុខភាព ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ ព្រោះក្រុមគ្រូពេទ្យអាចជួយដោះស្រាយរាល់បញ្ហាផ្សេងៗដែលកើតមានចំពោះអ្នក និងកូនបានទាន់ពេលវេលា។
២.ថែរក្សាសុខភាពមាត់ធ្មេញ
សុខភាពមាត់ធ្មេញ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការមានផ្ទៃពោះដែលមានសុខភាពល្អ។ ជំងឺអញ្ចាញធ្មេញអាចមានផលវិបាកដល់ការមានផ្ទៃពោះដំបូង ហើយទារកអាចមានទម្ងន់ស្រាល។ ដូច្នេះអ្នកគួរតែពិគ្រោះយោបល់ពីការថែទាំងសុខភាពមាត់ធ្មេញជាមួយ ទន្តពេទ្យឲ្យបានត្រឹមត្រូវមុនពេលមានផ្ទៃពោះ។
៣.ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ទៀងទាត់ មិនត្រឹមតែអាចជួយឲ្យអ្នកមានសុខភាពល្អប៉ុណ្ណោះទេ វាថែមទាំងអាចជួយអ្នកគ្រប់គ្រងទម្ងន់បានល្អ ហើយធ្វើឲ្យមានកម្លាំងខ្លាំងក្នុងការបង្កើតកូន។
៤.កាត់បន្ថយជាតិកាហ្វេអ៊ីន
ការផឹកកាហ្វេច្រើនជាង២ពែង ឬទឹកក្រូចសូដា៤កំប៉ុងក្នុងមួយថ្ងៃ ជាតិកាហ្វេអ៊ីនប្រហែលជា ២៥០មីលីក្រាម អាចធ្វើឲ្យការមានផ្ទៃពោះជួបផលលំបាក និងបង្កើនឱកាសរលូតកូនទៀតផង។
៥.បន្ថែមអាហារូបត្ថម្ភ
ស្ត្រីមានផ្ទៃពោះគួរទទួលទានបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់ជារៀងរាល់ថ្ងៃ។ ការទទួលទានរបបអាហារមានសុខភាពល្អមុន និងក្នុងពេលមានផ្ទៃពោះ អាចជួយឲ្យស្ត្រីមិនសូវមានជំងឺទឹកនោមផ្អែម។
ប្រសិនបើអ្នកធ្វើរឿងទាំង៥យ៉ាងនេះបាន វានឹងជួយបង្កើនឱកាសនៃការមានផ្ទៃពោះប្រកបដោយភាពប្រសើរបំផុត ហើយទារកក៏មានសុខភាពល្អដែរ៕