ប្រសិនបើអ្នកម្តាយឈានដល់ថ្ងៃសម្រាល ឬហួសថ្ងៃកំណត់ដែលបានរំពឹងទុកហើយកូននៅតែមិនទាន់កើតទៀត អ្នកគួរប្រើវិធីធម្មជាតិជួយជំរុញដល់ការសម្រាលឲ្យបានឆាប់ ដើម្បីចៀសវាងការសម្រាលដោយវិធីវះកាត់។
រាល់ថ្ងៃការតាមដានការលូតលាស់របស់កូនក្នុងផ្ទៃពិតជាមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែបន្ទាប់ពីរយៈពេល ៤២សប្តាហ៍កូននៅតែមិនទាន់កើតទៀត ទារកអាចមានគ្រោះថ្នាក់ ហើយអ្នកម្តាយអាចប្រឈមនឹងការវះកាត់។ ប៉ុន្តែការជំរុញឲ្យមានកំណើតមុនសប្តាហ៍ទី៣៩ ក៏អាចបង្កើនហានិភ័យកើតមិនគ្រប់ខែ និងផលលំបាកជាច្រើនទៀត។
ខាងក្រោមនេះ ជាវិធីសាស្ត្រមួយចំនួន ដែលអាចជួយជំរុញឲ្យការសម្រាលមានភាពឆាប់រហ័សសម្រាប់ស្ត្រីគ្រប់ខែ៖
១.ការចាក់ម្ជុលវិទ្យាសាស្ត្រ
ការចាក់ម្ជុលវិទ្យាសាស្ត្រត្រូវបានប្រើដោយជោគជ័យ ក្នុងការជំរុញដល់ការសម្រាលកូនចំពោះការពពោះហួសពេលកំណត់។ ការប្រើវិធីនេះជាទូទៅមានប្រសិទ្ធិភាពក្នុងរយៈពេល ៦ទៅ៤៦ម៉ោងបន្ទាប់ពីការអនុវត្ត។
២.ការម៉ាស្សា
អ្នកជំនាញឱសថបុរាណចិន បានបង្ហាញថា ស្វាមីគ្រប់រូបគួរតែដឹងពីវិធីម៉ាស្សាពេលប្រពន្ធកំពុងតែឈឺពោះឆ្លងទន្លេ ដើម្បីជួយជំរុញឲ្យការសម្រាលឆាប់បានជោគជ័យ។
៣.ការរំញោចចុងសុដន់
ការរំញោចុងសុដន់ ដោយប្រើម្រាមដៃអង្អែលថ្នមៗ អាចជួយផលិតអុកស៊ីតូស៊ីន ហើយអាចបង្កើតឥទ្ធិពលខ្លាំងក្នុងពេលសម្រាល។ ការអង្អែលដំបូងមានរយៈពេល ៥នាទី បន្ទាប់មករងចាំប្រហែលជា ១៥នាទី ទើបធ្វើម្តងទៀត។
៤.ការទទួលទានផ្លែឈើ
នៅពេលដល់ថ្ងៃសម្រាល អ្នកម្តាយគួរតែទទួលទានផ្លែម្នាស់ ស្វាយ ល្ហុង ព្រោះវាមានផ្ទុកអង់ស៊ីមដែលអាចជួយបន្ទន់ដល់មាត់ស្បូន។ ម្យ៉ាងវិញទៀត វាអាចជួយជំរុញដល់ការកន្ត្រាក់សាច់ដុំ និងការសម្រាលក្នុងរយៈពេលខ្លី។ ការបរិភោគម្នាស់ស្រស់ៗក្នុងបរិមាណច្រើន ក៏ត្រូវបានគេចាត់ទុកជាវិធីមួយក្នុងការចាប់ផ្តើមសម្រាលផងដែរ។
៥.ការដើរ និងរាំ
សកម្មភាពទាំងពីរយ៉ាងនេះ ក៏ជាវិធីសាស្ត្រដែលអាចជួយឲ្យស្បូនរៀបចំខ្លួនបានល្អក្នុងការសម្រាលកូន ប៉ុន្តែអ្នកក៏ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ផងដែរពេលដល់ថ្ងៃសម្រាល។
ទោះជាយ៉ាងណាមុននឹងសាកលម្បងវិធីណាមួយ អ្នកត្រូវពិនិត្យសុខភាព និងពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ជាពិសេសប្រសិនបើការមានផ្ទៃពោះរបស់អ្នកប្រឈមហានិភ័យច្រើន។ ម្យ៉ាវិញទៀតប្រសិនបើការពពោះមិនទាន់គ្រប់ខែទេ សូមកុំប្រើវិធីទាំងនេះ ព្រោះវាអាចធ្វើឲ្យកូនកើតមុនពេលកំណត់៕