ភ្នំពេញ៖ ការដែលអ្នកម្តាយកំពុងមានគភ៌បានដឹងពីវិវឌ្ឍនាការផ្សេងៗ រួមទាំងអាការក្នុងត្រីមាសនីមួយៗហើយនោះ នឹងធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ធូរស្បើយ និងថែមទាំងជួយឱ្យអ្នកម្តាយកាន់តែងាយស្រួលមើលថែទាំខ្លួនពីការប្រែប្រួលដែលយើងបានដឹងជាមុននោះខ្លាំងឡើងទៀតផង។
នៅថ្ងៃនេះ យើងសូមលើកយកពីអាការៈប្រួលប្រែនៃគភ៌នៅក្នុងត្រីមាសទី ឬត្រីមាសដំបូង (ខែទី 1 – 3) មកបង្ហាញដើម្បីឱ្យដឹងកាន់តែច្បាស់៖
ក្នុងអំឡុងពេលនេះ រូបរាងរបស់អ្នកម្តាយនៅមិនទាន់មានការប្រែប្រួលច្រើនប៉ុន្មានទេ និងនៅមើលមិនទាន់ដឹងថាមានគភ៌ទៀតផង តែអាចនឹងចាប់ផ្តើមឃើញមានក្បាលពោះធំឡើងបន្តិចក្នុងអំឡុងពេលចុងត្រីមាសដំបូងនេះ។
ទម្ងន់របស់អ្នកម្តាយក៏នៅដដែល ឬអ្នកខ្លះអាចស្រកទម្ងន់ចុះបន្តិច ដែលបណ្តាលមកពីអាការចាញ់កូន ក្អួតចង្អោរ និងទទួលទានអាហារបានតិច តែអ្នកម្តាយមិនគួរមានកង្វល់នឹងរឿងទម្ងន់ដែលស្រកចុះក្នុងអំឡុងពេលចាប់ផ្តើមតាំងគភ៌នេះទេ បើអ្នកម្តាយបានទៅពិនិត្យគភ៌ និងប្រឹក្សាជាមួយគ្រូពេទ្យហើយនោះ។
នៅក្នុងត្រីមាសដំបូងដែលមានអាការចាញ់កូននេះ នឹងធ្វើឱ្យអ្នកម្តាយឆាប់នឿយហត់ ល្វើយនឿយ គ្មានកម្លាំងកំហែង មានអារម្មណ៍ថាខ្ជឹល និងចង់តែគេងរហូត ឬអាចមានអារម្មណ៍ថាងងុយគេងខ្លាំងនៅពេលរសៀល ដូច្នេះបើអាចទៅរួច គួររកពេលគេងសម្រាកឱ្យបានប្រមាណជា 15 នាទី រឹតតែប្រសើរ។
ផ្នែកខាងអារម្មណ៍វិញ ដោយសារកម្រឹតអ័រម៉ូនដែលកើនឡើងនោះ ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ឡើងចុះ ងាយប្រែប្រួលវឹលវល់ តានតឹង និងមានកង្វល់ក្នុងចិត្ត ពេលខ្លះគិតតែពីចិត្តខ្លួនឯង មួម៉ៅ ធុញទ្រាន់ បាត់បង់ការជឿជាក់ អ្នកខ្លះអាចមានអារម្មណ៍ថាកំសត់សោកសៅ ពេលខ្លះអាចយំដោយគ្មានមូលហេតុទៀតផង។ ក្នុងអំឡុងពេលនេះ ចូរអ្នកម្តាយមានគភ៌គិតឱ្យជាប់ក្នុងចិត្តថា វាជា
រឿងធម្មតា ហើយស្វាមីគួរតែមានចំណែកជួយឱ្យភរិយាបានឆ្លងផុតពីអំឡុងពេលដំបូងនេះផង លុះឆ្លងផុតបានមួយរយៈហើយ អ្នកម្តាយនឹងមានអារម្មណ៍ធូរស្រាលឡើងវិញមិនខាន៕