COVID-19 ជាជំងឺថ្មីមួយប្រភេទដែលកំពុងតែរាតត្បាតយ៉ាងខ្លាំងខ្លានៅពាសពេញពិភពលោក ហើយបានឆក់យកជីវិតមនុស្សរាប់ពាន់អ្នករួចទៅហើយ។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈដំណក់ទឹកតូចៗ ដែលខ្ទាតចេញពីមាត់អ្នកជំងឺនៅពេលពួកគេក្អក កណ្តាស់់ ឬការប៉ះពាល់ទឹករងៃដែលហូរចេញពីអ្នកជំងឺ។
ចុះ COVID-19 តើអាចចម្លងទៅកាន់ទារកក្នុងផ្ទៃបានដែរឬទេ? តាមការស្រាវជ្រាវទូទាំងពិភពលោកបានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលឆ្លងជំងឺនេះមិនគួរព្រួយបារម្ភខ្លាំងពេកទេ ព្រោះរហូតមកដល់ពេលនេះនៅមិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថា COVID-19 អាចចម្លង និងបង្កឲ្យមានដំណើរខុសប្រក្រតីចំពោះទារកក្នុងផ្ទៃឡើយ។
តាមរបាយការណ៍បានបង្ហាញថា ទារកជាច្រើននាក់ដែលសម្រាលចេញពីអ្នកម្តាយជាច្រើនឆ្លងជំងឺ ត្រូវបានគេធ្វើតេស្តឈាមរកវត្តមានមេរោគ COVID-19 តែមិនមានឡើយ។ ដូច្នេះអ្នកជំនាញបានបញ្ជាក់ថា ម្តាយដែលឆ្លងជំងឺ COVID-19 មិនអាចចម្លងទៅកូនក្នុងផ្ទៃទេ ប៉ុន្តែទារកអាចឆ្លងជំងឺនេះបាន ប្រសិនបើពេលសម្រាលគ្មានវិធានការការពារត្រឹមត្រូវ។
ហេតុនេះហើយ អ្នកជំនាញបានណែនាំថា ចំពោះទារកទើបនឹងកើតពីម្តាយដែលឆ្លងជំងឺ ត្រូវចងទងផ្ចិតឲ្យលឿនជាងអ្នកធម្មតា ទោះបីជាមេរោគមិនមាននៅក្នុងទងផ្ចិតក៏ដោយ។ ការប៉ះពាល់ជាមួយស្បែករបស់អ្នកម្តាយក៏មិនត្រូវបានណែនាំដែរ ហើយទារកត្រូវដាក់ឲ្យឆ្ងាយពីអ្នកម្តាយ និងទទួលការមើលថែដោយយកចិត្តទុកដាក់បំផុត។
អ្នកជំនាញបានផ្តល់អនុសាសន៍ទៀតថា ដើម្បីទទួលបានសុខភាពល្អ ស្ត្រីមានផ្ទៃពោះទាំងឡាយ ក៏ដូចជាមនុស្សទូទៅគួរតែចេះការពារខ្លួនតាមរយៈការធ្វើអនាម័យដូចជា៖
មិនត្រូវចេញពីផ្ទះឡើយបើគ្មានការចាំបាច់
ត្រូវលាងសម្អាតដៃឲ្យបានញឹកញាប់
ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវពេលចេញទៅខាងក្រៅ
នៅឲ្យឆ្ងាយពីមនុស្សជុំវិញខ្លួនយ៉ាងតិច២ម៉ែត្រ
កុំកាន់វត្ថុដែលមនុស្សជាច្រើនបានប៉ះពាល់ដូចជា ទ្វារ បង្កាន់ដៃជណ្តើរ ប៉ូតុងចុចជណ្តើរ ឧបករណ៍ហាត់ប្រាណសាធារណៈ។ល៕